អាជ្ញាធ​ក្រុង​កំពង់ឆ្នាំង បិទ​ការចេញ​-​ចូល ជា​បណ្តោះអាសន្ន គ្លីនិក​ឯកជន ព្យាបាល​ជំងឺ​ទូទៅ និង​កុមារ​

កំពង់ឆ្នាំងៈ អាជ្ញាធ​ក្រុង​កំពង់ឆ្នាំង បានសម្រេច​បិទ​ការចេញ​-​ចូល ជា​បណ្តោះអាសន្ន គ្លីនិក​ឯកជន ព្យាបាល​ជំងឺ​ទូទៅ និង​កុមារ មួយកន្លែង របស់​វេជ្ជបណ្ឌិត ប៉ុល ប៊ូ ផ្ទះ​លេខ B156 ផ្លូវ​លេខ ៤០ ស្ថិតនៅ​ក្នុងភូមិ​ផ្សារឆ្នាំង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​

​ការសម្រេច​បិទ​ផ្អាក​ការចេញចូល បណ្តោះអាសន្ន បានធ្វើ​ឡើង នៅ​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០២១ នេះ ក្រោយពី​គ្លីនិក​ព្យាបាល​ជំងឺ​ទូទៅ និង​កុមារ ( វេជ្ជ​. ប៉ុល ប៊ូ )​មាន​បុរស​ជនជាតិ ខ្មែរ ឈ្មោះ សោម ឡូ អាយុ ៣៨ ឆ្នាំ មុខងារ​ធ្វើជា​អ្នក C (​ពិនិត្យ​គុណភាព​) នៅ​ខណ្ឌ​ពោធិ៍ សែន​ជ័យ រាជធានី​ភ្នំពេញ ហើយ​បច្ចុប្បន្ន ឈ្មោះ សោម ឡូ បានមក​រស់នៅ ផ្ទះ​របស់គាត់ ស្ថិតនៅ​ភូមិ​ម៉ុង​បារាំង សង្កាត់​ប្ដេ​រ ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដើម្បី​ការពារ​ទប់ស្កាត់ ការរីក​រាលដាល​ជំងឺ​កូ​វីដ ១៩ នៅក្នុង​សហគមន៍ ។​

​កាលពី​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០២១ កន្លងទៅ បុរស​ខាងលើ មាន​អាកា​រៈ​ក្តៅខ្លួន លើស ៣៨ អង្សារ​សេ ដែល​ធ្វើឱ្យ​ពិបាក ដកដង្ហើម ហើយ​ក្រុមគ្រូពេទ្យ បានដាក់​គាត់​ឱ្យ​ព្យាបាល នៅ​ដាច់ដោយឡែក ផ្នែក​អគារ​ជំងឺឆ្លង​។ បន្ទាប់ពី​មានការ​ណែនាំ​របស់ ក្រុមគ្រូពេទ្យ​ជំនាញ ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក នៅផ្ទះ ចំនួន ១៤​ថ្ងៃ ប៉ុន្តែ​លុះដល់​ម៉ោង ៧ យប់ ថ្ងៃ ខែ​ដដែល គាត់​ក៏បាន ជិះ​ម៉ូតូ​កង់​បី របស់​ឈ្មោះ ពិន ប៉ូ មក​ពិនិត្យ​សុខភាព នៅ​គ្លីនិក វេជ្ជ​. ប៉ុល ប៊ូ ហើយ​បានដាក់ សេរ៉ូម និង​ថ្នាំ មួយចំនួន លេប​នៅផ្ទះ​។​

​លុះ​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០២១ បុរស​នោះ បាន​ទៅពិនិត្យ​នៅ​គ្លីនិក ខាងលើ​ម្តងទៀត ដោយបាន​ដាក់​សេរ៉ូម និង​ប្រើប្រាស់​ថ្នាំលេប​ដដែល លុះដល់​វេលា​ម៉ោង ១១ ព្រឹក បុរស​នោះ បាន​ចូលមក​សំរាក​ព្យាបាល នៅ​មន្ទីរពេទ្យ ខេត្តកំពង់ឆ្នាំង​ម្តងទៀត ដោយមាន​អាកា​រៈ កាន់តែ​ធ្ងន់ធ្ងរ​។​

​ក្រោយពី​យក​សំណាក លើក​ទី​២ នៅ​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០២១ នេះ បុរស​ឈ្មោះ សោម ឡូ ត្រូវបាន​គ្រូពេទ្យ យក​សំណាក​ទៅធ្វើ​តេស្ត នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ និង​បាន​រកឃើញ​វិជ្ជមាន មេរោគ​កូ​វីដ​-១៩ នៅ​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០២១​នេះ ។​

​ក្នុង​ព្រឹត្តិការណ៍​នេះ ក៏មាន​អ្នកពាក់ព័ន្ធ​ដោយផ្ទាល់ និង​ដោយ​ប្រយោល​សរុប ២៤ នាក់ ស្រី​១៤​នាក់ គឺ​គ្លីនិក វេជ្ជ​.​ប៉ុល ប៊ូ ចំនួន ៧​នាក់ ស្រី​៣​នាក់ ម្ចាស់​ម៉ូតូ​កង់​បី ឈ្មោះ ពិន ប៉ូ អ្នកពាក់ព័ន្ធ​ជាមួយ ឈ្មោះ សោម ឡូ ប្រពន្ធ​របស់គាត់​ឈ្មោះ ពិន វ៉ាន សរុប​ចំនួន ១៧ នាក់ និង​អ្នកពាក់ព័ន្ធ​ផ្សេងៗ​ទៀតផង​ដែរ ។​

​ដោយ​ឃើញ​សភាព​បែបនេះ រដ្ឋបាល​ក្រុង បាន​សូម​ធ្វើការ​អំពាវនាវ ដល់​បងប្អូន ដែលមាន ការពាក់ព័ន្ធ​ផ្ទាល់ ឬ​ដោយ​ប្រយោល​ទាំងអស់ មេត្តា​ប្រញាប់ រួសរាន់ មកជួប​ក្រុមគ្រូពេទ្យ ដើម្បី​យក​សំណាក ទៅធ្វើ​តេស្ត​ជាបន្ទាន់ នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង​ចាប់ពី​ថ្ងៃ ជូនដំណឹង​នេះ តទៅ​៕

Loading...