អាណោចអាធ័មណាស់ ទឹកជំនន់នៅជប៉ុនស្លាប់មនុស្ស​ជាង៥០នាក់

ក្រុមមន្ត្រីដោះស្រាយគ្រាអាសន្ន​នៅភាគខាងលិចជប៉ុន​កំពុងខឹតខំយ៉ាងខ្លាំងនៅក្នុងការងារ​សង្គ្រោះប្រជាជន ដែលជាប់គាំង​ដោយសារទឹកជំនន់ និងការបាក់ដី​ ហើយបានសម្លាប់​មនុស្ស​យ៉ាងតិច​៥០នាក់រួចទៅហើយនោះ ។ ប្រទេសជប៉ុន​បាននិងកំពុងរងគ្រោះធ្ងន់ធ្ងរដោយសារព្យុះភ្លៀងខ្លាំងបង្កជាទឹកជំនន់ ។

ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បានចេញសេចក្តីប្រកាសអាសន្នកម្រិតខ្ពស់បំផុតទី ២ របស់ខ្លួន ចំពោះភ្លៀងធ្លាក់ខ្លាំង និងការបាក់ដី ស្ថិតនៅជុំវិញតំបន់ភាគនិរតីនៃប្រទេស ហើយបាននិយាយថា “ហានិភ័យកំពុងកើនឡើង” នៅទូទាំងប្រទេស ។

បណ្តាញទូរទស្សន៍ក្នុងស្រុកបានផ្សព្វផ្សាយថា ទឹកជំនន់បានហូរហៀរចេញពីដងទន្លេ ទម្លុះច្រាំង បង្កឲ្យបាក់ស្ពាននៅពេលដែលដីបាក់ស្រុត បំផ្លាញផ្លូវថ្នល់ និងផ្ទះសម្បែងពលរដ្ឋ បង្កភាពស្មុគស្មាញខ្លាំងដល់ការងារក្រុមជួយសង្គ្រោះ មានគ្នាប្រហែល ៨០,០០០ នាក់ កំពុងខិតខំសង្គ្រោះអាយុជីវិតរបស់ពលរដ្ឋ​រងគ្រោះ ។

ភ្លៀងបានចាប់ផ្តើមធ្លាក់ខ្លាំង​កាលពីថ្ងៃទី៤ ខែកក្កដា ហើយអូសបន្លាយរហូតដល់ថ្ងៃទី​៧ ខែកក្កដា មិនទាន់រាំង បង្កជាទឹកជំនន់យ៉ាងខ្លាំង ។ មនុស្ស៥០នាក់​ត្រូវបានកត់ត្រាថា បានស្លាប់ដោយសារគ្រោះធម្មជាតិនេះ ប៉ុន្តែ​ជនរងគ្រោះបាត់បង់ជីវិត​អាចកើនឡើងជាងនេះខណៈមនុស្ស៤នាក់បន្ថែមទៀត​បានស្លាប់ និង១០នាក់នៅបាត់ខ្លួន ។

មន្ត្រីឧតុនិយមជប៉ុនបានព្យាករណ៍ថា​ភ្លៀងធ្លាក់ខ្លាំងនេះ​អាចនៅបន្តធ្លាក់២ថ្ងៃទៀត ។ ពលរដ្ឋទាំងអស់ត្រូវបានស្នើឲ្យមានការប្រុងប្រយ័ត្នខ្ពស់​ចំពោះហេតុការណ៍បាក់ដី បណ្តាលមកពីគ្រោះទឹកជំនន់នេះ ៕ ថាច់ យ៉ាត

Loading...