អាមេនី: ប៉ូលីសចាប់ខ្លួន លោក Nikol Pashinyanមេដឹកនាំបាតុកម្មប្រឆាំងរដ្ឋាភិបាល

ប៉ូលីសនៅក្នុងប្រទេសអាមេនី (Armenia)បានឃុំឃាំងសមាជិកសភាគណបក្សប្រឆាំង ដែលជាអ្នកដឹកនាំបាតុកម្មប្រឆាំងរដ្ឋាភិបាល ។

លោក Nikol Pashinyan ត្រូវបានចាប់ខ្លួនភ្លាម បន្ទាប់ពីនាយករដ្ឋមន្ត្រី Serzh Sargsyan បានជួបគ្នាហើយផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ ។

ក្នុងអំឡុងពេលប្រឈមមុខដាក់គ្នា៣នាទី លោក Pashinyan បានទទូចថា នាយករដ្ឋមន្ត្រីគួរតែលាលែងពីតំណែង ។ លោក Sargsyan បានថ្លែងថា វាជា “ការគំរាមកំហែង” រួចក៏បានក្រោកដើរចេញតែម្តង ។

ក្រុមប្រឆាំងបានជំទាស់ថា ការកែប្រែរដ្ឋធម្មនុញ្ញនាពេលថ្មីៗនេះ គឺជាការខិតខំប្រឹងប្រែងរបស់លោក Sargsyan ដើម្បីក្រាញ់អំណាច ។

ការវិសោធនកម្មច្បាប់នោះត្រូវបានអនុម័តដោយសភាកាលពីថ្ងៃអង្គារ ដើម្បីពង្រឹងតួនាទីនាយករដ្ឋមន្ត្រី ដែលលោក Sargsyan ទើបតែទទួលបានកាលពីសប្តាហ៍មុន ។ លោកបានលាឈប់ពីតំណែងជាប្រធានាធិបតី បន្ទាប់ពីបានដល់ពេលដែលត្រូវកំណត់ដោយច្បាប់រយៈពេលពីរអាណត្តិ ។

ព្រឹត្តិការណ៍កាលពីថ្ងៃអាទិត្យ បានចាប់ផ្តើមជាមួយនឹងកិច្ចប្រជុំមួយ ដែលចូលរួមដោយអ្នកសារព័ត៌មានរាប់សិបនាក់ផងនោះ រវាងលោក Sargsyan នឹងលោក Pashinyan នៅសណ្ឋាគារមួយ ក្នុងរដ្ឋធានី Yerevan ។

ការជួបប្រជុំនេះ គឺមានរយៈពេលខ្លី។ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីបាននិយាយថា លោករីករាយដែលគូប្រជែងរបស់លោកឆ្លើយតបនឹងបណ្តឹងឧទ្ធរណ៍ជាច្រើនរបស់លោកដើម្បីចរចាពិភាក្សាគ្នា, លោក Pashinyan បានប្រតិកម្មភ្លាមៗ ។ គាត់បាននិយាយថា “ខ្ញុំគិតថា មានការយល់ច្រឡំ ។ “ខ្ញុំមកទីនេះ ដើម្បីពិភាក្សាពីលក្ខខណ្ឌ នៃការលាលែងរបស់អ្នក និងលក្ខខណ្ឌនៃការផ្លាស់ប្តូរអំណាចប្រកបដោយសន្តិភាព និងរលូន” ។

លោក Sargsyan បាននិយាយថា “នេះមិនមែនជាការសន្ទនាទេ នេះគឺជាការគំរាមកំហែង” ហើយបានចាកចេញ ។

ថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានបន្ទាប់មក លោក Pashinyan បានអំពាវនាវអ្នកគាំទ្ររបន្តធ្វើបាតុកម្មដែលមានរយៈពេលជាងមួយសប្តាហ៍មកហើយនោះ ។

លោក Pashinyan ត្រូវបានឃុំឃាំងក្នុងរយៈពេលមិនយូរប៉ុន្មាន ខណៈពេលដែលប៉ូលីសប្រឆាំងកុបកម្មបានបំបែកក្រុមអ្នកតវ៉ារាប់ពាន់នាក់ ។ កន្លែងឃុំខ្លួនរបស់គាត់មិនត្រូវបានគេដឹងច្បាស់ឡើយ ។

ហេតុអ្វីបានជាមានកំហឹងចំពោះ Serzh Sargsyan?

អ្នកនយោបាយជើងចាស់រូបនេះ ត្រូវបានគេចោទប្រកាន់ពីបទបរាជ័យក្នុងការដោះស្រាយភាពតានតឹង ដែលបន្តកើតមានជាមួយ អាហ្សែបៃហ្សង់ (Azerbaijan) និងទួរគី ក៏ដូចជាភាពក្រីក្រនៅក្នុងប្រទេស ។

គណបក្សប្រឆាំងក៏បានរិះគន់ផងដែរចំពោះទំនាក់ទំនងជិតស្និទ្ធរបស់រដ្ឋាភិបាលជាមួយរុស្ស៊ី ដែលមេដឹកនាំ លោក វ្ល៉ាឌីមៀរ ពូទីន បានផ្លាស់ប្តូរ រវាងមុខតំណែងរបស់ប្រធានាធិបតី នឹងនាយករដ្ឋមន្ត្រី ដើម្បីរក្សាអំណាចរបស់ខ្លួន ។

លោក Pashinyan ដែលត្រូវបានគេដាក់ពន្ធនាគារពីបទប្រឆាំងនឹងលោក Sargsyan ក្នុងឆ្នាំ ២០០៨ កាលពីពេលថ្មីៗនេះ បានពិពណ៌នាយុទ្ធនាការដែលលោកដឹកនាំនោះថាជា “បដិវត្តវេលស៍” សំដៅទៅលើការតវ៉ាដោយសន្តិវិធី នៅក្នុងឆ្នាំ១៩៨៩ ដែលបញ្ចប់ការគ្រប់គ្រងរបស់ពួកកុម្មុយនិស្តក្នុងប្រទេសឆេកូស្លូវ៉ាគី ។

ខណៈពេលនេះដែរ ប្រធានាធិបតី Serzh Sargsyan បានថ្លែងថា លោកគ្មានចេតនាក្លាយជានាយករដ្ឋមន្ត្រីនោះទេនៅចុងបញ្ចប់នៃអាណត្តិ៥ឆ្នាំទីពីររបស់គាត់។

ទោះជាយ៉ាងណាក៏ដោយ កាលពីថ្ងៃអង្គារ លោក Serzh Sargsyan ត្រូវបានជ្រើសរើសដោយសភាឲ្យធ្វើជានាយករដ្ឋមន្ត្រី ។

ក្រុមអ្នកគាំទ្ររបស់ លោក Serzh Sargsyanបានអះអាងថា អតីតជើងចាស់ដ៏ស្វិតស្វាញនៃសង្គ្រាម Nagorno-Karabakh ជាមួយ Azerbaijan នៅចុងទសវត្សរ៍ឆ្នាំ១៩៨០រូបនេះបានផ្តល់នូវសន្តិសុខជាតិដែលប្រទេសជាតិត្រូវការ ៕ សុរ្ម័ន

 

Loading...