អាមេរិកដាក់លិខិតផ្លូវការដកខ្លួនចេញពី​អង្គការ WHO

សហរដ្ឋអាមេរិក​បានដាក់លិខិតជូនដំណឹងផ្លូវការ​ទៅកាន់លោកអគ្គលេខាធិការ​អង្គការសហប្រជាជាតិ អំពីការដែលប្រទេសនេះ​ដកខ្លួនចេញពីអង្គការសុខភាពពិភពលោក ឬហៅថា​ WHO កាលពីថ្ងៃទី​៧ ខែកក្កដា ឆ្នាំ២០២០ ។

គួររំលឹកថា កាលពីខែឧសភា ឆ្នាំ២០២០ ប្រធានាធិបតីដូណាល់ ត្រាំ បានប្រកាសថា លោកអាចនឹង​ដកខ្លួនចេញពី​អង្គការ​ WHO បន្ទាប់ពីចោទប្រកាន់អង្គការនេះថា បរាជ័យ​ទប់ស្កាត់ការរាតត្បាតកូរ៉ូណាវីរុស ឬកូវីដ​១៩ និងថា អង្គការនេះ​ជាអាយ៉ងរបស់ប្រទេសចិន ។ ជាមួយគ្នានោះផងដែរ អាមេរិកបានប្រកាស​ផ្អាកជំនួយ​អង្គការ WHO ជាសកម្មភាព​មួយ​ធ្វើឲ្យមានការព្រួយបារម្ភ ក្នុងនោះរួមបញ្ចូលទាំងសម្ពន្ធមិត្តអាមេរិកផងដែរ ។

មន្ត្រីជាន់ខ្ពស់​របស់រដ្ឋបាល​សហរដ្ឋអាមេរិក​បាន​បញ្ជាក់ថា សកម្មភាពខាងលើនេះ​ចាប់ផ្តើមមាន​ប្រសិទ្ធភាព​ថ្ងៃទី៦ ខែកក្កដា​ ឆ្នាំ២០២១តទៅ ។

គួរបញ្ជាក់ថា ជំងឺកូវីដ​១៩ ឆ្លងរាតត្បាតនៅក្នុងទឹកដីអាមេរិក រហូតមកទល់ពេលនេះ ឆ្លងសរុបជាង ៣ លាននាក់ ក្នុងនោះបាត់បង់ជីវិត ១៣៣ ៩៩១ នាក់ និងជាង១,៣លាននាក់​ជាសះស្បើយ ។

គេហទំព័រ Worldometers បានផ្សាយនៅថ្ងៃទី​៨ ខែកក្កដាថា នៅជុំវិញពិភពលោក ជំងឺកូវីដ​១៩ ឆ្លងលើមនុស្សជាង១១,៩លាននាក់ ក្នុងនោះ បាត់បង់ជីវិត ៥៤៧ ៣២៣ នាក់ ។ ប៉ុន្តែជាង៦,៩លាននាក់បានជាសះស្បើយ ។

ជំងឺនេះ​ផ្ទុះឡើងដំបូងនៅក្នុងខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ភាគកណ្តាល​របស់ប្រទេសចិន ហើយរហូតមកទល់ពេលនេះ មិនទាន់មានស្ថាប័នសុខាភិបាល​ណាមួយជុំវិញពិភពលោក ឬ WHO រកឃើញ​ថ្នាំព្យាបាល ឬវ៉ាក់សាំង​បង្ការជាក់លាក់​​នៅឡើយទេ ៕ ប្រែសម្រួលដោយ៖ ថាច់​យ៉ាត

Loading...