អាមេរិកធ្វើតេស្តិ៍ប្រព័ន្ធមីស៊ីល IBCS ថ្មី ដែលអាចដាក់ចូលឲ្យបម្រើក្នុងជួរកងកម្លាំងឆ្នាំ២០២២

កងទ័ពសហរដ្ឋអាមេរិកបានចាប់ផ្តើមសាកល្បងដ៏សំខាន់ នូវប្រព័ន្ធមីស៊ីលការពារអាកាសថ្មី បន្ទាប់ពីការពន្យារពេលដោយសារតែជំងឺរាតត្បាត COVID-19 ។

សារព័ត៌មាន Breaking Defense បានផ្សាយ​កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ថា ការធ្វើតេស្តិ៍ប្រព័ន្ធមីស៊ីល IBCS (Integrated Air and Missile Defense Battle Command System)របស់អាមេរិក បាននិងកំពុងប្រព្រឹត្តទៅ​ស្ថិតនៅ​ទីតាំងបាញ់មីស៊ីល​តំបន់វាលខ្សាច់ រដ្ឋ ញូវម៉ិកស៊ិក ភាគនិរតីរបស់អាមេរិក ។

មនុស្សចូលរួម​ត្រួតពិនិត្យការសាកល្បងមីស៊ីលនេះ​មានតែជាង​៧០០នាក់ប៉ុណ្ណោះ ។ អ្នកជំនាញពាក់ព័ន្ធខ្លះ​វិភាគទិន្នន័យ​សាកល្បង​ពីចម្ងាយ ដោយសារតែការឃ្លាតឆ្ងាយពីសង្គម​ប្រយុទ្ធប្រឆាំង​ការឆ្លងរាតត្បាត​ពីវីរុស​កូវីដ​១៩ ។

មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ​អំពីយុទ្ធសាស្ត្រ​ និងអន្តរជាតិ (CSIS)គម្រោងសិក្សាអំពី​ «ការគំរាមកំហែងដោយប្រព័ន្ធមីស៊ីល» បញ្ជាក់ថា ប្រព័ន្ធមីស៊ីល IBCS គោលដៅ​សាកល្បងនៅពេលនេះ​គឺដើម្បី​ភ្ជាប់​ទំនាក់ទំនងគ្នា​រវាង​ទីបញ្ជា​ការបាញ់អាវុធ, ប្រព័ន្ធរ៉ាដា និង​ប្រព័ន្ធប្រតិបត្តិការ​ អនុញ្ញាត​ឲ្យប្រព័ន្ធ​ការពារដែនអាកាស​ ដូចជា​ប្រព័ន្ធមីស៊ីល​ Patriotជាដើម អាចបាញ់​វាយស្ទាក់របស់ខ្លួន ដោយប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានដែលផ្តល់ដោយពីប្រព័ន្ធរ៉ាដាផ្សេង ។

ក្រុមហ៊ុន Northrop Grumman ទទួលបាន​គម្រោង​អភិវឌ្ឍន៍ប្រព័ន្ធមីស៊ីល IBCS នេះ​ក្នុង​ទំហំទឹកប្រាក់ប្រហែល​៦០លានដុល្លារអាមេរិក ហើយអាចបន្តការងារអភិវឌ្ឍន៍រហូតដល់​ខែតុលា ។ ការសាកល្បងបានបញ្ជាក់ថា ប្រព័ន្ធរ៉ាដា​ផ្សេងៗពីបណ្តាញ​ប្រព័ន្ធការពារដែនអាកាសខុសគ្នា​អាច​ទំនាក់ទំនងរួមបញ្ចូលគ្នាបាន​​ដើម្បី​ផ្តល់​ឲ្យប្រព័ន្ធមីស៊ីល​ប្រឆាំងដែនអាកាស​កាន់តែប្រសើរ និយាយរួមគឺអាចស្គាល់បានព័ត៌មានពីរ៉ាដា​ទាំងអស់ លើសពីប្រព័ន្ធរ៉ាដាតែមួយ។

មីស៊ីល IBCS នេះ ត្រូវកម្លាំងយោធាអាមេរិកលើកឡើងថា នឹងក្លាយជាអាវុធដែលមានអត្ថប្រយោជន៍​ដូចជា​ប្រព័ន្ធមីស៊ីល SHORAD និងប្រព័ន្ធមីស៊ីល THAAD ព្រមទាំងមីស៊ីល Patriot ដូច្នោះដែរ ។ មេបញ្ជាកាយោធា John M. Murray បានបញ្ជាក់ថាវាក៏អាចរួមបញ្ចូល​ជាមួយប្រព័ន្ធមីស៊ីលការពារដែនអាកាស​ Iron Dome របស់អ៊ីស្រាអែលដូចគ្នា។

គួរបញ្ជាក់ថា ការសាកល្បងមីស៊ីល IBCS កាលពីឆ្នាំ២០១៦ បានទទួលលទ្ធផលមិនល្អប្រសើរ និងបានពន្យារពេលសាកល្បងរហូតអស់ពេល​៤ឆ្នាំ ។ បើសិនការសាកល្បងចុងក្រោយ​ទទួលបានជោគជ័យ ប្រព័ន្ធមីស៊ីល IBCS នេះនឹងដាក់ឲ្យចូលបម្រើក្នុងជួរកងទ័ព​នៅដំណាច់ឆ្នាំ២០២២នោះហើយ ៕ ថាច់​យ៉ាត

Loading...