អាមេរិកនិងកូរ៉េខាងជើងបានបោះជំហានយ៉ាងធំមួយឆ្ពោះទៅកាន់ជំនួបកំពូលនុយក្លេអ៊ែរជាប្រវត្តិសាស្ត្រ

អាមេរិក និងកូរ៉េខាងជើងបានបោះជំហានយ៉ាងធំមួយកាលពីថ្ងៃព្រហស្បតិ៍ ទី 31 ខែឧសភា ឆ្ពោះទៅកាន់ជំនួបកំពូលនុយក្លេអ៊ែរជាប្រវត្តិសាស្ត្រ ខណៈដែលលោកប្រធានាធិបតី Donald Trump បានរង់ចាំទទួលការប្រគល់លិខិតមួយពីលោកគីម ជុងអ៊ុន ។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានថ្លែងថា “ការជឿនលឿនពិតប្រាកដ” បានកើតមានឡើងក្នុងកិច្ចចរចានៅទីក្រុងញូវយ៉កជាមួយបុរសដៃស្ដាំរបស់លោក គីម ជុងអ៊ុន ខណៈដែលនៅទីក្រុងព្យុងយ៉ាងឯណោះវិញ មេដឹកនាំប្រទេសនេះ បានប្តេជ្ញាចិត្តឡើងវិញ “ការលុបបំបាត់អាវុធនុយក្លេអ៊ែរ”របស់ខ្លួននោះ ។

ទីក្រុងវ៉ាស៊ីនតោនកំពុងស្វែងរកសញ្ញាថាលោកគីម ជុងអ៊ុន ត្រៀមខ្លួនរួចរាល់ហើយ ដើម្បីទទួលយកការចរចាមួយនោះ ដែលអាចនាំឱ្យគាត់បោះបង់ឃ្លាំងអាវុធនុយក្លេអ៊ែរ ហើយបើលិខិតនោះទទួលបានយ៉ាងល្អនោះ វានឹងកត់សម្គាល់បានពីការផ្លាស់ប្តូរការទូតដ៏អស្ចារ្យហើយ ។

មន្ត្រីអាមេរិកបានថ្លែងថា គណៈប្រតិភូជាន់ខ្ពស់របស់កូរ៉េខាងជើងបានមកដល់ទីក្រុងវ៉ាស៊ីនតោន ដើម្បីជួប លោកប្រធានាធិបតី ដូណាល់ ត្រាំ ប្រគល់លិខិតនៅថ្ងៃសុក្រ។ ការវិវឌ្ឍន៍បែបនេះកើតឡើងតែមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីលោក ដូណាល់ ត្រាំ បានប្រកាសបិទការត្រៀមរៀបចំកិច្ចប្រជុំកំពូល ថ្ងៃទី១២ ខែមិថុនា ដែលបានគ្រោងទុកនោះ តាមរយៈលិខិតមួយសរសេរដោយផ្ទាល់ដៃលោកដូណាល់ ត្រាំតែម្តង ។

ប៉ុន្តែលោក ដូណាល់ ត្រាំ បានប្រាប់រ៉យទ័រថា លោកនៅតែសង្ឃឹមថា នឹងមានកិច្ចប្រជុំ ដែលមិនធ្លាប់មានពីមុនមកជាមួយលោក គីម ជុងអ៊ុន ដើម្បីជំរុញឱ្យមានការលុបបំបាត់អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង បើទោះបីជាលោកបានទទួលស្គាល់ថា វាអាចត្រូវការពេលវេលាបន្ថែមទៀត ដើម្បីសម្រេចគោលដៅនេះយ៉ាងណាក៏ដោយ ។

លោកដូណាល់ ត្រាំ បានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ បណ្តាញព័ត៌មានអាមេរិក Air Force One ថា “ខ្ញុំចង់ឃើញលទ្ធផលសម្រេចបាននៅក្នុងកិច្ចប្រជុំតែមួយដង។ ប៉ុន្តែជារឿយៗ នោះមិនមែនជាវិធីដែលល្អទេ ។ មានឱកាសល្អណាស់ដែលថា វានឹងមិនត្រូវបានបញ្ចប់ត្រឹមតែកិច្ចប្រជុំមួយដង, កិច្ចប្រជុំពីរដង ឬកិច្ចប្រជុំបីដង ។ ប៉ុន្តែការសម្រេចបានលទ្ធផលក្នុងចំណុចមួយចំនួន ទើបជាការប្រសើរ” ។

កូរ៉េខាងជើងបានច្រានចោលការអំពាវនាវរបស់សហរដ្ឋអាមេរិកឲ្យលុបបំបាត់អាវុធនុយក្លេអ៊ែរជាឯកតោភាគី និងបានជំរុញវិធីសាស្រ្ត ជា”ដំណាក់កាល” ការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េទាំងមូល ដែលកាលពីមុនមានន័យថា ដកប្រព័ន្ធមីស៊ីសការពារនុយក្លេអ៊ែរអាមេរិក ដែលដាក់ការពារកូរ៉េខាងត្បូង និងជប៉ុននោះ ។

អ្នកការទូតប្រទេសទាំងពីរបានបើកការចរចាគ្នាយ៉ាងស្វិតស្វាញ ហើយទើបតែបញ្ចប់កាលពីថ្ងៃព្រហស្បតិ៍ នៅគ្រា ដែលលោក Pompeo រដ្ឋមន្ត្រីការបរទេសអាមេរិក បានពិភាក្សាគ្នានៅទីក្រុងញូវយ៉កជាមួយលោក Kim Yong Chol មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងលំដាប់លេខ២បន្ទាប់ពីលោកគីម ជុងអ៊ុន ។

ទន្ទឹមនឹងពេលនេះដែរ លោកគីម ជុងអ៊ុន បានជួបជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ី លោក Sergei Lavrov ហើយយោងតាមទីភ្នាក់ងារសារព័ត៌មាន KCNA ផ្លូវការ បានផ្សាយថា “ឆន្ទៈរបស់កូរ៉េខាងជើងចំពោះការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ នៅតែមិនផ្លាស់ប្តូរ និងមានស្ថិរភាព និងថេរជានិច្ច” ។

លោកគីម ជុងអ៊ុនបានថ្លែងថា លោកសង្ឃឹមថា នឹងស្វែងរកដំណោះស្រាយមួយដើម្បីអត្ថប្រយោជន៍ទៅវិញទៅមកសម្រាប់យើងទាំងអស់គ្នា តាមរយៈវិធីសាស្រ្តថ្មីមួយ ក្នុងយុគសម័យថ្មី ស្ថិតក្រោមស្ថានភាពថ្មី ហើយដំណោះស្រាយនៃបញ្ហានឹងរីកចម្រើន តាមរយៈការសន្ទនាគ្នាប្រកបដោយប្រសិទ្ធភាព ការស្ថាបនា និងការចរចា ” ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Korean Central News Agency បានផ្សាយ ។

វានៅតែមិនច្បាស់ថា តើចក្ខុវិស័យរបស់កូរ៉េខាងជើងស្តីពី “លុបបំបាត់អាវុធនុយក្លេអ៊ែរ” ជាថ្នូរធានាសន្តិសុខ និងដកទណ្ឌកម្មសេដ្ឋកិច្ច អាចសមស្របតាមតម្រូវការរបស់ទីក្រុងវ៉ាស៊ីនតោនដែរឬយ៉ាងណាទេ ដោយបានទាមទារឲ្យបញ្ចប់ «ពេញលេញ» កម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង ដែលផ្ទៀងផ្ទាត់បាន និងមិនអាចផ្ទៀងផ្ទាត់បាននេះ។

ប៉ុន្តែ លោក Pompeo បានលើកឡើងថា រឿងរ៉ាវកំពុងផ្លាស់ប្តូរទិសដៅទៅរកផ្លូវត្រឹមត្រូវ។

លោកបាននិយាយថា “វាមានតែមេដឹកនាំដ៏ក្លៀវក្លា គឹម ជុងអ៊ុនទេ ទើបជាអ្នកអាចចាប់យកឱកាសនេះដើម្បីផ្លាស់ប្តូរទិសដៅពិភពលោក” ។ “លោកប្រធានាធិបតី Trump ហើយខ្ញុំ ជឿជាក់ថា លោកប្រធាន គីម គឺជាមេដឹកនាំដែលល្អ អាចធ្វើសេចក្តីសម្រេចចិត្តបែបនោះ ហើយនៅសប្តាហ៍ខាងមុខ, នៅខែខាងមុខនេះ យើងនឹងមានឱកាសដើម្បីសាកល្បងថា តើវានឹងទៅជាយ៉ាងណា” ៕

Loading...