អាមេរិកបញ្ចេញយន្តហោះទម្លាក់គ្រាប់បែក B-1B នៅឧបទ្វីបកូរ៉េ ក្រោយការសាកល្បងមីស៊ីលរបស់កូរ៉េខាងជើង

នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧ ស្ថានការណ៍នៅឧបទ្វីបកូរ៉េកាន់តែក្តៅគគុកឡើង ដោយនៅពេលនេះ អាមេរិក និងកូរ៉េខាងត្បូងបានបញ្ចេញយន្តហោះទម្លាក់គ្រាប់បែកប្រភេទលឿនជាងសំឡេង B-1B ឲ្យហោះហើរនៅឧបទ្វីបកូរ៉េ បន្ទាប់ពីកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលឆ្លងទ្វីប ICBM រួចមកនោះ ។

សេចក្តីថ្លែងការណ៍របស់អាមេរិកបានបញ្ជាក់ថា ការហោះហើរយន្តហោះទម្លាក់គ្រាប់បែក B-1B នេះធ្វើឡើងកាលពីព្រឹកថ្ងៃអាទិត្យ គឺជាការឆ្លើយតបដោយត្រង់ៗទៅនឹងការបាញ់សាកល្បងរបស់កូរ៉េខាងជើងនូវមីស៊ីលប្រភេទឆ្លងទ្វីបថ្មីៗនេះ ក៏ដូចបាញ់សាកល្បងមីស៊ីលប្រភេទ Hwansong-14 កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅ ។

យន្តហោះទម្លាក់គ្រាប់នេះហោះហើរចេញពីបន្ទាយទាហានជើងអាកាសអាមេរិកក្នុងតំបន់ Guam មូលដ្ឋាននៅកូរ៉េខាងត្បូង អមដំណើរដោយយន្តហោះចម្បាំងជប៉ុន និងកូរ៉េខាងត្បូងអំឡុងពេលធ្វើសមយុទ្ធ ។

មេបញ្ជាការកងទ័ពជើងទឹកប្រចាំតំបន់សមុទ្រប៉ាស៊ីហ្វិករបស់អាមេរិក លោកឧត្ដមសេនីយ៍ Terrence J. O’Shaughnessy បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ថា កូរ៉េខាងជើងនៅតែជាការគំរាមកំហែងដ៏ទន់ហន់ចំពោះស្ថិរភាពក្នុងតំបន់ទាំងមូល ។ ការហោះហើរយន្តហោះទម្លាប់គ្រាប់បែកល្បឿនលឿនជាងសំឡេង B1-B នាពេលនេះ ជាការបង្ហាញកម្លាំងមួយឆ្លើយតបកូរ៉េខាងជើងដែលបានបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ និងកាំជ្រួចមីស៊ីលឆ្លងទ្វីប។

មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន កាលពីយប់ថ្ងៃទី២៨ ខែកក្កដា បានត្រួតពិនិត្យដោយផ្ទាល់ការបាញ់សាកល្បងកាំជ្រួចមីស៊ីលឆ្លងទ្វីប (ICBM) ហើយទទួលបានលទ្ធផលជាទីគាប់ចិត្ត ។

ក្រោយបាញ់សាកល្បងមីស៊ីលនេះភ្លាម មេដឹកនាំគីម ជុងអ៊ុនបានប្រកាសថា ទឹកដីអាមេរិកគឺស្ថិតនៅក្រោមគ្រាប់មីស៊ីលទាំងនេះ បើអាមេរិកនៅតែព្យាយាមឈ្លានពាន ឬវាយប្រហារចូលទឹកដីកូរ៉េខាងជើង។

ការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើង កើតឡើងមួយថ្ងៃបន្ទាប់ពីអាមេរិកបានអនុម័តបន្ថែមទណ្ឌកម្មលើកូរ៉េខាងជើង រុស្ស៊ី និងអ៊ីរ៉ង់ ។

នៅពេលនេះដែរ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង អាមេរិក និងជប៉ុនបានព្រមព្រៀងគ្នាជំរុញអង្គការសហប្រជាជាតិឲ្យដាក់ទណ្ឌកម្មខ្លាំងបន្ថែមទៀតទៅលើរបបទីក្រុងព្យុងយ៉ាង៕ សុរ្ម័ន

Loading...