អាមេរិកបើកដំណើរការស្ថានទូតរបស់ខ្លួននៅទីក្រុងហ្សេរូសាឡឹម ដែលកំពុងមានទំនស់ជាមួយប៉ាឡេស្ទីន

សមាជិកព្រឹទ្ធសភារដ្ឋតិចសាស់ លោក Ted Cruz ថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន AP ផ្សាយកាលពីថ្ងៃទី១៤ ខែឧសភាថា ការសម្រេចចិត្តប្រធានាធិបតី Donald Trump ទទួលស្គាល់ទីក្រុង ហ្សេរូសាឡឹម ជារដ្ឋធានីអ៊ីស្រាអែល នឹងកត់ត្រាចូលក្នុងប្រវត្ដិសាស្ដ្រ ដូចនៅពេលដែលអតីតប្រមុខរដ្ឋ Harry Truman ទទួលស្គាល់អ៊ីស្រាអែលឆ្នាំ 1948អ៊ីចឹងដែរ ។

អតីតជាគូប្រឆាំងនយោបាយរបស់លោកTrumpរូបនេះ ថ្លែងកាលពីថ្ងៃចន្ទថា វាគឺជា “ការសម្រេចចិត្តត្រឹមត្រូវ” ហើយបានបំផុសគំនិតរួចទៅហើយ ដល់ប្រទេស Guatemala, Paraguay និងប្រទេសដទៃឲ្យធ្វើតាម ។ លោក Cruz គឺស្ថិតនៅក្នុងប្រទេសអ៊ីស្រាអែលជាមួយគណៈប្រតិភូអាមេរិក ដើម្បីចូលរួមពិធីបើកសម្ពោធស្ថានទូត នៅទីក្រុង ហ្សេរូសាឡឹម។

អតីតប្រធានាធិបតីគណបក្សទាំងពីរនៃសហរដ្ឋអាមេរិក ហើយស្ទើរតែគ្រប់ប្រទេសដទៃទៀត បដិសេធមិនបើកស្ថានទូតខ្លននៅទីក្រុង ហ្សេរូសាឡឹមនោះឡើយ ដោយលើកហេតុផលថា ស្ថានភាពចុងក្រោយនៅទីនោះ គួរដោះស្រាយតាមរយៈការចរចាររវាងអ៊ីស្រាអែល នឹងប៉ាឡេស្ទីន។

លោក Trump ទទួលបានការលោតសរសើរពីពលរដ្ឋអ៊ីស្រាអែល ប៉ុន្តែថ្កោលទោសពីពលរដ្ឋប៉ាឡេស្ទីន ចំពោះការរើស្ថានទូតអាមេរិកទៅកាន់ទីក្រុងដែលមានជម្លោះ ។ ប្រជាពលរដ្ឋប៉ាឡេស្ទីនអះអាងថា ទីក្រុងហ្សេរូសាឡឹមភាគខាងកើត ជារដ្ឋធានីនាពេលអនាគតរបស់ពួកគេ ៕

Loading...