អាមេរិកមិនខ្វល់ពីការព្រមានរបស់ចិន

នាវាពិឃាដរបស់កងទ័ពជើងទឹកអាមេរិក បានចូលក្នុងតំបន់ធ្វើសមយុទ្ធរបស់កងទ័ពជើងទឹកចិន ផ្គើននឹងការព្រមានពីចិន។

បើតាម usadefensenews បានផ្សាយថា នាវាពិឃាដអាមេរិក ប្រភេទ USS Mustin មួយគ្រឿង ត្រូវបានចិនចោទប្រកាន់ថា ល្បាតនៅជិតកោះ Xisha របស់ចិន នៅក្នុងសមុទ្រចិនខាងត្បូង ហើយត្រូវបានកងទ័ពជើងចិនបណ្ដេញចេញ ខណ:ចិនកំពុងធ្វើសមយុទ្ធ។ ចិនបានចោទប្រកាន់នាវាពិឃាដអាមេរិក បានចូលមកក្នុងដែនទឹករបស់ខ្លួន តាំងពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ផ្គើននឹងការព្រមានឲ្យចាកចេញពីដែនទឹករបស់ខ្លួនជាច្រើនដង។

លោកវរសេនីយ៍ឯក Li Huamin អ្នកនាំពាក្យកងទ័ពរំដោះប្រជាជនចិន ប្រចាំបញ្ជាការដ្ឋានភូមិភាគខាងត្បូង បានថ្លែងថា កងទ័ពជើងទឹកអាមេរិកបានរំលោភលើបទដ្ឋាន នៃច្បាប់អន្ដរជាតិ ហើយបង្កបញ្ហា នៅក្នុងសមុទ្រចិនខាងត្បូង។

លោកលី ត្រូវបាន Global Times របស់ចិន ដកស្រង់សម្ដីយកមកចុះផ្សាយ កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ ថា «កងទ័ពជើងទឹកសហរដ្ឋអាមេរិកបានអនុវត្តអនុត្តរភាព ក្នុងនាមសេរីភាព នៃការធ្វើនាវាចរណ៍។ សកម្មភាពបែបនេះបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខ ផលប្រយោជន៍ អធិបតេយ្យភាពរបស់ប្រទេសចិន និងបំផ្លាញច្បាប់នាវាចរណ៍អន្តរជាតិ នៅក្នុងសមុទ្រចិនខាងត្បូង» ថែមទៀតផង។

ជាមួយគ្នានេះ ចិនបានចោទប្រកាន់ទៀតថា យន្ដហោះចារកម្មអាមេរិក U-2 Dragon ក៏បានហោះចូលទៅក្នុងតំបន់ហាមហោះហើរ នៅក្នុងអំឡុងពេលកងទ័ពចិនធ្វើសមយុទ្ធបាញ់គ្រាប់ពិត កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០៕

Loading...