អាមេរិករំពឹងថានឹងចាប់ផ្តើមចាក់វ៉ាក់សាំងការពារវីរុសកូវីដ-១៩នៅដើមខែធ្នូខាងមុខ

សហរដ្ឋអាមេរិកសង្ឃឹមថា នឹងចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ នៅដើមខែធ្នូនេះ ខណៈដែលករណីជាច្រើនបានរីករាលដាលទូទាំងប្រទេសដោយរងគ្រោះខ្លាំងបំផុតនាពេលបច្ចុប្បន្ន។

ការចាប់ផ្តើមចាក់វ៉ាក់សាំងនេះអាចជារបត់ដ៏សំខាន់មួយក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩ដែលបានឆក់យកជីវិតមនុស្សជាង២៥៥.០០០នាក់នៅសហរដ្ឋអាមេរិកដែលជាចំនួនអ្នកស្លាប់ខ្ពស់បំផុតនៅលើពិភពលោកចាប់តាំងពីការលេចចេញវីរុសនេះពីប្រទេសចិនកាលពីចុងឆ្នាំមុន។

លោក Moncef Slaoui បានប្រាប់CNN ថា “ផែនការរបស់យើងគឺអាចបញ្ជូនវ៉ាក់សាំងទៅកន្លែងចាក់ថ្នាំបង្ការក្នុងរយៈពេល២៤ម៉ោងបន្ទាប់ពីមានការយល់ព្រមដោយរដ្ឋបាលចំណីអាហារ និងឪសថអាមេរិក។

ទីប្រឹក្សាវ៉ាក់សាំង FDA រាយការណ៍ថា នឹងជួបគ្នានៅថ្ងៃទី១០ធ្នូដើម្បីពិភាក្សាអំពីការអនុម័តការចាក់វ៉ាក់សាំងដែលក្រុមហ៊ុនឱសថ Pfizer និង Moderna និយាយថា យ៉ាងហោចណាស់៩៥ភាគរយមានប្រសិទ្ធភាព។

សូមបញ្ជាក់ថា នៅទូទាំងពិភពលោកមនុស្សជិត១,៤លាននាក់បានស្លាប់នៅឆ្នាំនេះ ហើយយ៉ាងហោចណាស់៥៨ លានករណីត្រូវបានឆ្លងជំងឺកូវីដ-១៩។ របាយការណ៍បានប៉ាន់ស្មានថា ប្រជាជន២០លាននាក់នៅទូទាំងសហរដ្ឋអាមេរិកអាចត្រូវបានចាក់វ៉ាក់សាំងនៅខែធ្នូ ហើយកើតឡើង៣០លាននាក់ក្នុងមួយខែបន្ទាប់ពីចាក់លើកដំបូង ៕

 

 

Loading...