អាមេរិក៖ បាញ់ប្រហារ មនុស្ស​យ៉ាងតិច៤ នាក់ស្លាប់

បណ្តាញ​ព័ត៌មាន NBC ក្នុងស្រុក​បាន​រាយការណ៍​ថា​ការបាញ់ប្រហារ​មួយ​បាន​កើតឡើង​កាលពី​ថ្ងៃ​ពុធ​នៅ​ទីក្រុង Orange ចម្ងាយ ៥៥ គីឡូម៉ែត្រ​ភាគ​អាគ្នេយ៍​នៃ​ទីក្រុង Los Angeles ដែល​បណ្តាល​ឲ្យ មនុស្ស​យ៉ាងតិចណាស់​៤ នាក់​ស្លាប់​និង ២ នាក់​ផ្សេងទៀត​រងរបួស​។​

​ប៉ូលិសទីក្រុង Orange និយាយថា ពួកគេ​បានទទួល​របាយការណ៍​នៃ​ការបាញ់ប្រហារ​នៅ​ម៉ោង ៥ និង ៣០ នាទី​ល្ងាច ហើយ​បន្ទាប់មក​បាន​រកឃើញ “​ជនរងគ្រោះ​ជាច្រើន​រួមទាំង​អ្នកស្លាប់​” ផងដែរ​នៅ​កន្លែងកើតហេតុ​នៃ​ការបាញ់ប្រហារ​នោះ ។​

​មនុស្ស ៤ នាក់​ត្រូវបាន​ប្រកាសថា​ស្លាប់​នៅនឹងកន្លែង​ហើយ​មនុស្ស ២ នាក់​ទៀត​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ដែល​នៅក្បែរនោះ​។​នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ពន្លត់​អគ្គិភ័យ Metro City ដែលជា​អង្គភាព​ផ្តល់​សេវា​ពន្លត់​អគ្គិ​ភ​ភ័យ និង​សង្គ្រោះបន្ទាន់​ដល់​ប្រជាជន​ជាង ១.២ លាន​នាក់​នៅ​ទីក្រុង Southern California រួមទាំង​ទីក្រុង Orange ផងដែរ ។​

​បណ្តាញ​ព័ត៌មាន ABC 7 បាន​និយាយថា ប៉ូលិស​គ្រាន់តែ​បញ្ជាក់ថា​មាន​ជនរងគ្រោះ​ជាច្រើន​នៅនឹងកន្លែង ហើយ​អ្នកខ្លះ​ត្រូវបាន​សម្លាប់​ប៉ុណ្ណោះ ប៉ុន្តែ​ចំនួន​ជនរងគ្រោះ​ពិតប្រាកដ​មិនទាន់​អាច​កំណត់​បាន​នៅឡើយ​ទេ ។​ជនសង្ស័យ​ដែល​ត្រូវបាន​គេ​ដឹងថា​ជា​ខ្មាន់កាំភ្លើង​បាន​ស្ថិត​ក្នុងការ​ឃុំឃាំង និង​ដឹក​ទៅ​មន្ទីរពេទ្យ​ដោយ​មិនទាន់​ដឹង​ពី​ស្ថានភាព​នៅឡើយ​ផងដែរ ៕

Loading...