អាមេរិក និងគុយបាឆ្ពោះទៅរកទំនាក់ទំនងល្អប្រសើរដូចដើមឡើងវិញ

កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥ វត្តមានរបស់ប្រមុខការទូតអាមេរិក លោកចន ឃែររី បានបង្ហូតទង់ជាតិខ្លួនជាថ្មី នៅពីមុខស្ថានទូតខ្លួន ក្នុងក្រុងឡាហាវ៉ាន ប្រទេសគុយបា តំណាងការភ្ជាប់ចំណងទំនាក់ទំនងរវាងប្រទេសទាំង២អោយទៅរកសភាពដើមឡើងវិញ។ ប្រទេសអតីតសត្រូវសង្គ្រាមត្រជាក់ទាំង២ បានកាត់ផ្តាច់ទំនាក់ទំនងគ្នា តាំងពីឆ្នាំ១៩៦១ម្ល៉េះ ក្រោយមានបដិវត្តន៍នៅគុយបាដ៏ខ្លាំងក្លានោះ ។

គេបានលើកឡើងថា ការបើកស្ថានទូតអាមេរិកនៅក្រុងឡាហាវ៉ាន នៅប្រទេសគុយបាឡើងវិញនេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ បង្ហាញពីការផ្សះផ្សារវាងអាមេរិក និងគុយបា ព្រមទាំងបង្កទំនាក់ទំនងល្អប្រសើរជាមួយគ្នាដូចកាលពីគ្រាមុន ។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ចន ឃែររី រដ្ឋមន្ត្រីការបរទេសទីមួយ ដែលបានជាន់ជើងក្នុងទឹកដីគុយបា គិតតាំងពីឆ្នាំ១៩៤៥មក។ គួររំលឹកថា អាមេរិកបានផ្តាច់ទំនាក់ទំនងជាមួយគុយបា នៅឆ្នាំ១៩៦១ ក្រោយពេលក្រុមបដិវត្តន៍បះបោរកុម្មុយនិស្តរបស់លោកហ្វ៊ីដែល កាស្ត្រូ ឡើងកាន់អំណាច នៅឆ្នាំ១៩៥៩មក។ តាំងពីពេលនោះមក អាមេរិកបានដាក់ទណ្ឌកម្មសេដ្ឋកិច្ច លើគុយបា។ ក្នុងទិសដៅធ្វើអោយទំនាក់ទំនងប្រទេសទាំង២បានប្រសើរ និងឈានទៅរកសភាពដើមឡើងវិញ អាមេរិកនិងគុយបាបានដាក់លក្ខខណ្ឌផ្តោះប្តូរគ្នារៀងៗខ្លួន ។

រដ្ឋាភិបាលគុយបាទាមទារអោយអាមេរិកលើកលែងទណ្ឌកម្មសេដ្ឋកិច្ច និងប្រគល់ពន្ធនាគារហ្កាន់តាណាម៉ូ មកអោយរដ្ឋាភិបាលគុយបាវិញ។ ការផ្សាយព័ត៌មានតាមវិទ្យុនិងទូរទស្សន៍ពីទឹកដីអាមេរិកចូលទឹកដីគុយបា ក៏ត្រូវបញ្ឈប់ដែរ។ ចំណែកអាមេរិកវិញ ទាមទារអោយគុយបាធានាអោយបានប្រសើរឡើងវិញនូវការគោរពសិទ្ធិមនុស្សក្នុងស្រុក។ អាមេរិកក៏ចង់អោយគុយបាយល់ព្រមអោយជនភៀសខ្លួនដែលទទួលបានសិទ្ធិជ្រកកោននៅបរទេស អាចត្រលប់ចូលគុយបាវិញផងដែរ។ លើសពីនេះ អាមេរិកទារអោយគុយបាសងថ្លៃខូចខាតដល់ពលរដ្ឋអាមេរិកដែលបាត់បង់ទ្រព្យសម្បត្តិផ្ទះសម្បែងក្រោយបដិវត្តន៍គុយបា។ ក្រោយពេលឡើងកាន់អំណាច ក្នុងឆ្នាំ១៩៥៩ លោកហ្វ៊ីដែល កាស្ត្រូ បានដាក់ទ្រព្យសម្បត្តិទាំងនោះជាកម្មសិទ្ធិរបស់រដ្ឋ ។

ប្រមុខការទូតគុយបា លោក ប្រុយណូ រ៉ូឌ្រីហ្កេ កាលពីថ្ងៃទី១៤ ខែសីហា បានរំលឹកឡើងវិញពីសារៈសំខាន់នៃការលើកលែងទណ្ឌកម្មសេដ្ឋកិច្ចចំពោះគុយបា។ លោកអះអាងប្រាប់លោកឃែររីថា ទោះជាប្រទេសទាំង២មិនត្រូវគ្នាទាំងស្រុងក្តី គុយបានត្រៀមចរចាគ្រប់បញ្ហាទាំងអស់ ក្នុងនោះក៏មានបញ្ហាសិទ្ធិមនុស្ស ។

ជាមួយគ្នានោះដែរ តំណាងអោយអាមេរិក លោកឃែររី នៅសំដែងការប្រុងប្រយ័ត្នចំពោះបញ្ហាសិទ្ធិមនុស្សគុយបានៅឡើយ។ លោកបានរំលឹកប្រមុខការទូតគុយបាវិញដែរថា រឿងលើកលែងទណ្ឌកម្មនេះ គឺអាស្រ័យលើសភាអាមេរិកជាអ្នកសម្រេច។ លោកឃែររីចង់អោយរដ្ឋាភិបាលគុយបាចងចាំថា បើរដ្ឋបាលលោកអូបាម៉ានិងបក្សប្រជាធិបតេយ្យកាន់អំណាចពេញចិត្តនូវការលើកលែងទណ្ឌកម្ម បក្សប្រឆាំងសាធារណរដ្ឋឯណោះវិញ ជំទាស់ទាំងស្រុង។ បក្សប្រឆាំងចោទលោកអូបាម៉ាថាចុះចាញ់គុយបាចំពោះបញ្ហាសិទ្ធិមនុស្ស។ សមាជិកបក្សកាន់អំណាចមួយចំនួនក៏ជំទាស់ការលើកលែងទណ្ឌកម្មដល់រដ្ឋាភិបាលគុយបាកាលពីពេលថ្មីៗកន្លងទៅនេះ ៕

CUBA-US-KERRY-RODRIGUEZ

Loading...

Leave a Reply

Your email address will not be published. Required fields are marked *