អារ៉ាប៊ីសាអូឌីតកាត់ទោសព្យួរកស្ត្រីម្នាក់ដែលសម្លាប់អ្នកបម្រើមកពីបង់ក្លាដេស

តុលាការព្រហ្មទណ្ឌអារ៉ាប៊ីសាអូឌីតបានកាត់ទោសប្រហារជីវិត(ព្យួរក) ស្ត្រីជាពលរដ្ឋរបស់ខ្លួនម្នាក់ បន្ទាប់ពីស្ត្រីរូបនេះបានសម្លាប់អ្នកបម្រើដែលជាអ្នកបម្រើស្រីមកពីប្រទេសបង់ក្លាដេស។ នេះបើតាមការផ្សាយព័ត៌មានរបស់ប្រភព Aljazeera ថ្ងៃទី១៦ ខែកុម្ភៈ ។

មន្ត្រីរដ្ឋាភិបាលបង់ក្លាដេសបានថ្លែងថា ស្ត្រីជនជាតិអារ៉ាប៊ីសាអូឌីតម្នាក់ឈ្មោះ Ayesha al-Jizani ត្រូវតុលាការកាត់ទោសប្រហារជីវិតកាលពីថ្ងៃអាទិត្យ (១៤ កុម្ភៈ) ពីបទសម្លាប់នាង Abiron Begum កាលពីខែមីនា ឆ្នាំ២០១៩ គឺក្រោយរយៈពេល២ឆ្នាំដែលជនរងគ្រោះបានទៅទីនោះស្វែងរកការងារធ្វើ ថ្នូរនឹងប្រាក់កម្រៃខ្ពស់។

មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសប្រទេសបង់ក្លាដេសបានបញ្ជាក់ផងដែរថា ប្តីរបស់ស្ត្រីបង្កឈ្មោះ Jizani ត្រូវតុលាការអារ៉ាប៊ីសាអូឌីតផ្ដន្ទាទោសជាប់ពន្ធនាគារ៣ឆ្នាំ ពីបទមិនបានជួយជនរងគ្រោះទៅរកការព្យាបាល និងឱ្យការងារនាងធ្វើនៅក្រៅផ្ទះដោយខុសច្បាប់។

ក្រុមអង្គការឃ្លាំមើលសិទ្ធិមនុស្សនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតបានបញ្ជាក់ថាសាលក្រមរបស់តុលាការប្រឆាំងនឹងនិយោជកនៅក្នុងប្រទេសនេះគឺកម្រកើតមានខ្លាំងណាស់ ។ ពីមុនមកមិនដែលមានសាលក្រមបែបនេះឡើយ។

AK Abdul Moment រដ្ឋមន្ត្រីក្រសួងការបរទេសបង់ក្លាដេស បានស្វាគមន៍និងកោតសរសើររដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ដែលបានផ្ដល់នូវការដាក់ទណ្ឌកម្មដ៏កម្របែបនេះ។ រដ្ឋមន្ត្រីរូបនេះក៏បានជំរុញឲ្យរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតស៊ើបអង្កេតករណីផ្សេងទៀតអំពីការរំលោភបំពាននិងការធ្វើទារុណកម្មចំពោះពលករធ្វើការតាមផ្ទះមកពីប្រទេសបង់ក្លាដែសផងដែរ។

ប្រភពព័ត៌មានខាងលើបានផ្សាយថា ចាប់តាំងពីឆ្នាំ១៩៩១ ស្ត្រីជនជាតិបង់ក្លាដេសច្រើនជាង៣០ម៉ឺននាក់បានធ្វើដំណើរទៅប្រទេសអារ៉ាប៊ីសាអូឌីត ហើយភាគច្រើនក្នុងចំណោមពួកគេទាំងនោះ នៅពេលវិលត្រឡប់មកកាន់ប្រទេសកំណើតរបស់ខ្លួនវិញ គឺបានទទួលរងគ្រោះដោយសារការរំលោភបំពាន ឬការកេងប្រវ័ញ្ច។

ក្រុមឃ្លាំមើលសិទ្ធិមនុស្សបានបញ្ជាក់ថា និយោជិតខ្លះត្រូវបាននិយោជកដកហូតលិខិតឆ្លងដែនក៏ដូចជាការមិនបើកប្រាក់ឈ្នួលឲ្យ នៅពេលដែលកម្មករចំណាកស្រុកទាំងនោះមិនធ្វើតាមឆន្ទៈរបស់ពួកគេ។ កម្មករដែលរត់គេចប្រឈមជាមួយការចោទប្រកាន់ជាប់ពន្ធនាគារថែមទៀតផង។

ក្នុងអំឡុងពេល៥ឆ្នាំចុងក្រោយនេះ ស្ត្រីជាកម្មករបង់ក្លាដេសជិត៧០នាក់បានបាត់បង់ជីវិតនៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត ហើយក្នុងចំណោមពួកគេទាំងនោះជាង៥០ករណីបានធ្វើអត្តឃាត៕

Loading...