សារាចរមួយចេញផ្សាយកាលពីថ្ងៃ២២ ខែកញ្ញា ឆ្នាំ២០២០, អគ្គអាជ្ញាធរអាកាសចរស៊ីវិលអារ៉ាប៊ីសាអ៊ូឌីត (GACA)បានបញ្ជាក់ថា ខ្លួនបាននិងកំពុងផ្អាកការហោះហើរទាំងទៅ និងត្រឡប់មកវិញ ពីបណ្តាប្រទេសដូចជា ឥណ្ឌា, ប្រេស៊ីល និងអាហ្សង់ទីន ។ សារាចរនេះក៏ហាមឃាត់ផងដែរ ការចូលមកកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតពីនរណាម្នាក់នៃប្រទេសណាមួយ ដូចដែលបានរៀបរាបខាងលើនេះ មុនពេលពួកគេបានមកដល់ព្រះរាជាណាចក្រយ៉ាងតិចមុន១៤ថ្ងៃ ។
ទោះបីយ៉ាងណាក៏ដោយ បំរាមនេះមិនរួមបញ្ចូលអ្នកទាំងឡាយណា ដែលរដ្ឋាភិបាលអារ៉ាប៊ីសាអ៊ូឌីតមានការអញ្ជើញជាផ្លូវការឲ្យចូលមកនោះឡើយ ។
គួរបញ្ជាក់ថា តួលេខចុងក្រោយរបស់ Google.com ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ឲ្យដឹងថា វីរុសកូវីដ១៩នៅក្នុងប្រទេសឥណ្ឌាបានឆ្លងកើនឡើងសរុប ៥,៦៥ លាននាក់, បាត់បង់ជីវិត ៩០,០២០ នាក់ និង៤,៥៩លាននាក់ជាសះស្បើយ ។ ទិន្នន័យរបស់ក្រសួងសុខាភិបាលឥណ្ឌាអះអាងថា ក្នុងអំឡុងពេល២៤ម៉ោង អ្នកជំងឺកូវីដ១៩នៅក្នុងប្រទេសនេះ ស្លាប់១ ០៨៥នាក់ ។
រីឯប្រទេសប្រេស៊ីលវិញ ឆ្លងកើនឡើងសរុប៤,៥៩លាននាក់, ជាសះស្បើយជាង៣,៩៥លាននាក់ និងជាង១៣៨ពាន់នាក់បាត់បង់ជីវិត ។ ចំណែកប្រទេសអាហ្សង់ទីនវិញ ឆ្លងវីរុសកូវីដ១៩សរុបជាង ៦៥២ពាន់នាក់, ជាសះស្បើយជាង៥១៧ពាន់នាក់ និង១៣ ៩៥២ នាក់បានបាត់បង់ជីវិត ។
គួររំលឹកថា វីរុសកូវីដ១៩ ផ្ទុះឡើងដំបូងនៅចុងខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន ។ មកទាល់ពេលនេះ វីរុសឆ្លងរាតត្បាតនេះបានឆ្លងពាសពេញពិភពលោកសរុបជាង ៣១,៦ លាននាក់, ជាសះស្បើយជាង២១,៨លាននាក់ និងជាង៩៧២ពាន់នាក់បាត់បង់ជីវិត ៕