អាវុធហត្ថខេត្តមណ្ឌលគិរី ចុះរុករកឃើញឈើចំនួន៥៧ដុំ ដែលក្រុមឈ្មួញលាក់ទុក ក្នុងភូមិសាស្ត្រឃុំស្រែឈូក ស្រុកកែវសីមា

ខេត្ត្តមណ្ឌល​គិរី ៖ ប្រត្តិបត្តិការចុះរុករកគំនរឈើខុសច្បាប់របស់កំលាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បន្ទាប់ពីមានការចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានចុះរុករកឃើញគំនរឈើជាហូហែរចំនួន៥៧ដុំ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៧ ខែកក្តដានេះ នៅក្នុងភូមិសាស្ត្រ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ឈើទាំងអស់នោះ មានឈើសុក្រម បេង ស្រឡៅ និងគគីរ ជាឈើដែលក្រុមឈ្មួញកាប់ចេញពីក្នុងដែនជម្រកសត្វព្រៃកែវសីមា ហើយប្រមូលយកមកលាក់ទុក ក្នុងភូមិសាស្ត្រខាងលើ ទុកសំរាប់នាំចេញទៅប្រទេសវៀតណាម។

ម្ចាស់ឈើទាំងនោះត្រូវបានគេស្គាល់ថាម្នាក់ឈ្មោះ កែវ សុធា ហៅ មាន និងម្នាក់ទៀតឈ្មោះ ជិប តារ៉ា ហៅ តូង អ្នកទាំង២នេះគឺជាឈ្មួញឈើដ៏ល្បី ដែលចេញរកស៊ីឈើ នៅក្នុងទឹកដីស្រុកកែវសីមានេះច្រើនឆ្នាំមកហើយ ដោយមិនដែលមានមន្ត្រីជំនាញ ឬសមត្ថកិច្ចណាចេញបង្ក្រាបឡើយ ព្រោះពួកគាត់ពូកែខាងសែនព្រេន។

រហូតមកដល់បច្ចុប្បន្ននេះមន្ត្រីអាវុធហ្ថតខេត្តមណ្ឌលគិរី កំពុងរងចាំជំនាញរដ្ឋបាលព្រៃឈើចុះមកទទួល វត្ថុតាងប្រមូលយកឈើដែលរកឃើញទៅរក្សាទុក ក្នុងភូមិសាស្ត្រឃុំស្រែឈូកនោះបន្តទៀត គិតត្រឹមល្ងាចថ្ងៃទី១៧ ខែកក្តដា ឆ្នាំ២០១៨នេះ៕

Loading...