អាវុធហត្ថខេត្តស្ទឹងត្រែង បានបង្ហាញមុខជនសង្ស័យជាតិខ្មែរនិងឡាវ១១នាក់ ដែលប្រើប្រាស់អាវុធ និងគ្រឿងញៀនខុសច្បាប់ ចូលកាប់ឈើក្នុងដែនជម្រកសត្វព្រៃ ក្នុងសៀមប៉ាង ខេត្តស្ទឹងត្រែង!

ខេត្តស្ទឹងត្រែង៖ ជនសង្ស័យជាតិឡាវ និងខ្មែរទាំង១១នាក់នោះ ត្រូវបានកម្លាំងយោធាប្រចាំព្រំដែន វរៈសេនាតូចលេខ២៨៣ ចំណុះកងពលតូចអន្តរាគមន៍លេខ១២៨ នៃយោធភូមិភាគទី១ សហកការជាមួយមន្ត្រីឧទ្យានុរក្ស ឃាត់ខ្លួនកាលពីរសៀលថ្ងៃទី៧មករាម្សិលមិញ នៅចន្លោះបង្គោលសីមាលេខ៥៦ និង៥៧ នៃតំបន់ព្រំដែនកម្ពុជា-ឡាវ គ្រាដែលពួកគេកំពុងធ្វើសកម្មភាព កាប់ និងដឹកជញ្ជូនឈើចេញពីក្នុងដែនព្រៃការពារ ស្ថិតក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។

ក្រោយប្រតិតបត្តិការបង្ក្រាបជនសង្ស័យ ប្រើប្រាស់អាវុធ និងគ្រឿងញៀនខុសច្បាប់ ចូលកាប់ឈើក្នុងព្រៃអភិរក្សនោះមក កម្លាំងសហការណ៍ទាំងពីរខាងលើ បានប្រគល់ជនសង្ស័យ រួមជាមួយវត្ថុតាងអាវុធ និងថ្នាំញៀន ទៅឲ្យកម្លាំងកងរាជអាវុធហត្ថខេត្ត ហើយនៅយប់ថ្ងៃទី៧មករាម្សិលមិញនេះ ជនសង្ស័យត្រូវបានបញ្ជូនខ្លួន ពីតំបន់ព្រំដែនឆ្ពោះមកកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីសាកសួរ និងអនុវត្តទៅតាមវិធាន នៃច្បាប់។

មន្ត្រីអាវុធហត្ថខេត្តស្ទឹងត្រែង បានប្រាប់ឲ្យដឹងថា ការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យជាតិខ្មែរ និងឡាវទាំង១១នាក់នេះ គឺធ្វើឡើងដោយកម្លាំងយោធាការពារព្រំដែន សហការជាមួយនឹងមន្ត្រីឧទ្យានុរក្ស ក្នុងនោះបុរសជាតិខ្មែរ៨នាក់ និងបុរសជាតិឡាវ៣នាក់ ។

មន្ត្រីដដែលបានបន្តថា នៅក្នុងពេលឃាត់ខ្លួនជនសង្ស័យនោះ គឺសមត្ថកិច្ចបានដកហូតបានវត្ថុតាងប្រព្រឹត្តបទល្មើស មានរថយន្តឡង់គ្រីស័រ«Land Cruiser»ផលិតឆ្នាំ៩៥ មួយគ្រឿង គោយន្តកន្ត្រៃ និងគោយន្តកែច្នៃដឹកឈើ៣គ្រឿង អាវុធប្រភេទ AK47 មួយដើម អាវុធកែច្នៃមួយដើម គ្រឿងញៀនប្រភេទមេតំហ្វេតាមីន ice ម៉ាទឹកកក១កញ្ចប់តូច ប្រភេទមេតំហ្វេតាមី ចំនួន៥គ្រាប់ ម៉ូតូ៣គ្រឿង រណាយន្ត៣គ្រឿង ឈើប្រណិតជាច្រើនដុំ ប្រាក់រៀល១២លាន ៤៦ម៉ឺនរៀល «១២.៤៦០.០០០,០០»រៀល ប្រាក់បរទេស៥០០ដុល្លារអាមេរិក រួមជាមួយប្រាក់ឡាវ៦លានគីប «៦០០.០០០,០០»គីបនោះថែមទៀត។ លោកថា ក្រោយពេលឃាត់ខ្លួន និងដកហូតយកវត្ថុតាងបទល្មើសទាំងនោះរួចមក ជនសង្ស័យទាំង១១នាក់ រួមជាមួយវត្ថុតាង ត្រូវបានបញ្ចូនមកទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តទាំងយប់ ហើយនៅថ្ងៃទី៨មករានេះ ជនសង្ស័យកំពុងស្ថិតក្រោមសាកសួរ និងការរក្សាទុក ពីមន្ត្រីជំនាញអាវុធហត្ថខេត្តនៅឡើយ ជនសង្ស័យ និងវត្ថុតាង នឹងត្រូវបញ្ជូនទៅកាន់សាលាដំបូង និងអយ្យការខេត្តស្ទឹងត្រែង នៅក្រោយពីបំពេញកិច្ចនីតិវិធីសាសួរនោះរួច ៕

 

Loading...