អាវុធហត្ថខេត្តស្ទឹងត្រែងចាប់ខ្លួនជនជាតិឡាវម្នាក់ និងដកហូតវត្ថុតាងគ្រឿងញៀនបានជាង១គីឡូក្រាមនៅស្រុកសៀមប៉ាង

ខេត្តស្ទឹងត្រែងៈ កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ បានចុះបង្ក្រាបលើករណីជួញដូរគ្រឿងញៀនពីប្រទេសឡាវ ចូលមកកម្ពុជា ខណៈកំពុងដឹកជញ្ចូនហើយត្រូវបានឃាត់ខ្លួនបុរសជនជាតិឡាវម្នាក់ រួមជាមួយវត្ថុតាងគ្រឿងញៀន១កញ្ចប់ធំ ស្ថិតនៅចំនុចផ្លូវបំបែក ភូមិណាអូង ឃុំស្រែសំបូរ ស្រុកសៀមប៉ាង និងបញ្ចូនទៅកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងដើម្បីសួរនាំ។

មេបញ្ជាការកងរាជអាវុធហត្ថស្ទឹងត្រែងលោកឧត្តមសេនីយត្រី អៀង វ៉ាន់ឌី បានអោយដឹងថា ជនសង្ស័យជនជាតិឡាវដែលកម្លាំងលោកឃាត់ខ្លួននោះឈ្មោះថាវ មួនលៈតៈនៈតៃ ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិខីហាក់ឃុំខីណាក់ ស្រុកមឿងខូង ខេត្តចំប៉ាសាក់ ប្រទេសឡាវ។

លោកថា ជនសង្ស័យបានព្យាយាមរត់គេចពីកម្លាំងសមត្ថកិច្ច ខណៈកំពុងដេញចាប់ ប៉ុន្តែទោះជាយ៉ាងណា ជនសង្ស័យក៍មិនអាចរត់គេចខ្លួនបានឡើយ។

លោកមេបញ្ជាការបន្តថា តាមចម្លើយសារភាពរបស់ជនសង្ស័យនៅចំពោះមុខសមត្ថកិច្ច និងព្រះរាជអាជ្ញារងបានថា ខ្លួនបានស៊ីឈ្មួលកាន់គ្រឿងញៀនអោយគេក្នុងតំម្លៃ៥០០ដុល្លារអាមេរិក ទៅដល់ខេត្តស្ទឹងត្រែង តែលុះមកដល់ចំណុចខាងលើ ក៏ត្រូវសមត្ថកិច្ចចាប់បានតែម្តង។

លោកបន្ថែមថា នៅខណៈឃាត់ខ្លួនជនសង្ស័យជនជាតិឡាវរួចហើយសមត្ថកិច្ចបានឆែកឆេររកឃើញវត្ថុតាងគ្រឿងញៀនចំនួន១កញ្ជប់ធំហើយក៏បញ្ចូនមកកាន់ទីបញ្ចាការដ្ឋានកងរាជអាវុធហត្ថភ្លាមៗផងដែរ។ លោកមេបញ្ជាការអោយដឹងទៀតថា គ្រឿងញៀនដែលដកហូតបាន១កញ្ចប់ធំនោះមានទំងន់ស្មើ១០៦៩.៤ក្រាម(ថ្លឹងទាំងសំបក) រីឯជនសង្ស័យជនជាតិឡាវត្រូវបានកម្លាំងជំនាញកំពុងសាកសួររកមុខសញ្ញាពាក់ព័ន្ធផ្សេងទៀតនិងកសាងសំណុំរឿងបញ្ចូនទៅកាន់តុលាការចាត់ទៅតាមនិតិវិធីច្បាប់ ៕ ឡុងកាន់សំនៀង

Loading...