ត្បូងឃ្មុំ: កម្លាំងកងរាជអាវុធហត្ថ ខេត្តត្បូងឃ្មុំ សហការជាមួយនគរបាលស្រុក និងអាវុធហត្ថស្រុកតំបែរ កាលពីវេលាម៉ោងជាង ១១ ព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៥ បានបើកការស៊ើបអង្កេត ស្រាវជ្រាវ កំណត់មុខសញ្ញា និងសុំគោលការណ៍ពីលោក ហួត វុទ្ធី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ចាម បានចុះចែកឆេរទីតាំង ភោជនីយដ្ឋាន និងខារ៉ាអូខេ មួយកន្លែង យីហោ ចំរើន លាភ ស្ថិតក្នុងភូមិជ័យសម្បត្តិ ឃុំ-ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។
លោកអនុសេនីយ៍ឯក ថេង សេងលឹម មេបញ្ជាការ កងរាជអាវុធហត្ថ ស្រុកតំបែរ បានឲ្យដឹងថា ក្នុងប្រតិបត្តិការឆែកឆេរ សមត្ថកិច្ចចម្រុះ រកឃើញថ្នាំញៀន ប្រភេទក្រាម ពណ៌ស (ម៉ាទឹកកក) ចំនួន៥៧ កញ្ចប់ និងបានឃាត់ខ្លួនម្ចាស់ផ្ទះ បើកទីតាំងភោជនីយដ្ឋាន និងខារ៉ាអូខេខាងលើ ឈ្មោះ ហេង ភាច ហៅ ភាព ភេទប្រុស អាយុ៣៣ឆ្នាំ ដែលជាអ្នកចែកចាយដ៏សកម្ម នៅតំបន់នេះ និងជាអ្នកសេពគ្រឿងញៀន ផងដែរ ។
លោកបានបញ្ជក់ថា ក្រោយឃាត់ខ្លួនជនសង្ស័យ យកទៅសាកសួររួចមក កម្លាំងជំនាញ បានកសាងសំណុំរឿង និងវត្ថុតាង ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការ តាមនីតិវិធីច្បាប់៕