អាហ្វហ្គានីស្ថាន៖ វាយប្រហារអត្តឃាតនៅក្រុងកាប៊ុលសម្លាប់មនុស្សរាប់សិបនាក់

ក្រុមមន្ត្រីបាននិយាយថា ការវាយប្រហារអត្តឃាតបានកើតឡើងនៅមជ្ឈមណ្ឌលចុះឈ្មោះបោះឆ្នោត ក្នុងរដ្ឋធានីកាប៊ុលកាលពីថ្ងៃទី២២ ខែមេសាសម្លាប់មនុស្សយ៉ាងហោចណាស់៣១នាក់។

មនុស្សជាង៥០នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការផ្ទុះគ្រាប់បែកអត្តឃាតនេះ ខណៈដែលហ្វូងមនុស្សកំពុងរង់ចាំនៅច្រកចូលអគារមណ្ឌលបោះឆ្នោតចុះឈ្មោះបោះឆ្នោត ។

ក្រុមរដ្ឋអ៊ិស្លាម (IS) បានអះអាងតាមរយៈទីភ្នាក់ងារព័ត៌មាន Amaq របស់ខ្លួនថា ខ្លួនជាអ្នកអនុវត្តការវាយប្រហារអត្តឃាតខាងលើនេះ ។

ការចុះឈ្មោះបោះឆ្នោតរបស់ពលរដ្ឋអាហ្វហ្គានីស្ថានបានចាប់ផ្ដើមនៅខែមេសានេះ សម្រាប់ការបោះឆ្នោតនីតិប្បញ្ញត្តិវិញ នឹងប្រព្រឹត្តទៅនៅក្នុងខែតុលា ឆ្នាំ២០១៨ ខាងមុខ ។

ទីភ្នាក់ងារព័ត៌មាន Amaq បានផ្សាយថា អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ ដែលផ្ទុកទៅដោយគ្រាប់ផ្ទុះបានទៅកាន់មជ្ឈមណ្ឌលចុះឈ្មោះបោះឆ្នោត ដែលស្ថិតនៅក្នុងតំបន់ ដាសាតបាទីស៊ី ភាគខាងលិច ក្រុងកាប៊ុល ។

រូបភាពពីកន្លែងកើតហេតុបានបង្ហាញពីឯកសារ និងរូបថត ស្នាមប្រឡាក់ឈាមនៅលើឥដ្ឋ។ ស្បែកជើងជនរងគ្រោះ និងកំប៉ុង កញ្ចក់ខ្ទេចខ្ទីនៅរាយប៉ាយពេញទីតាំងនោះតែម្តង ។

សាក្សីមួយរូបឈ្មោះ អាហ្វ្រិកបាសៀរអាម៉ាដ បាននិយាយថា ជនរងគ្រោះជាច្រើនគឺជាស្ត្រី ដែលមានកូន ហើយទៅទីនោះដើម្បីទទួលបានអត្តសញ្ញាណប័ណ្ណ និងចុះឈ្មោះបោះឆ្នោត ។

មានការវាយប្រហារយ៉ាងហោចណាស់បួនលើកមកហើយនៅតាមមជ្ឈមណ្ឌលចុះឈ្មោះបោះឆ្នោតបែបនេះ ចាប់តាំងពីការចុះឈ្មោះបោះឆ្នោតចាប់ផ្តើមប្រព្រឹត្តឡើងកាលពីមួយសប្តាហ៍មុនមក ។

ការវាយប្រហារកាលពីថ្ងៃអាទិត្យ ទី២២ ខែមេសា គឺជាការសម្លាប់មនុស្សច្រើនបំផុតនៅទីក្រុងកាប៊ុល បន្ទាប់ពីមនុស្សយ៉ាងហោចណាស់១០០នាក់ត្រូវបានសម្លាប់នៅក្នុងសង្កាត់មួយ ដែលពោរពេញទៅដោយអាគាររដ្ឋាភិបាល និងស្ថានទូតកាលពីខែមករា នោះ ។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថាន បានប្រាប់ BBC កាលពីដើមឆ្នាំនេះថា ទាំងពួកតាលីបង់ និង IS កំពុងធ្វើសកម្មភាពសំដៅទៅលើជនស៊ីវិលដើម្បីធ្វើឱ្យប្រជាជនប្រឆាំងនឹងរដ្ឋាភិបាល និងបង្កើតភាពវឹកវរ ។

ការបោះឆ្នោតនីតិប្បញ្ញត្តិនៅចុងឆ្នាំនេះ នឹងត្រូវធ្វើឡើងហើយការបោះឆ្នោតប្រធានាធិបតី ធ្វើឡើងនៅឆ្នាំ 2019 ។

ការស្រាវជ្រាវរបស់ BBC កាលពីដើមឆ្នាំនេះ បានរកឃើញថា រដ្ឋាភិបាលអាហ្វហ្គានីស្ថានមានការគ្រប់គ្រងពេញលេញតែ៣០ភាគរយ នៃប្រទេសទាំងមូល ចំណែកក្រៅពីនេះស្ថិតនៅក្រោមការគំរាមកំហែងយ៉ាងសំខាន់ពីពួកតាលីបង់ និងក្រុម IS ។

ក្រុមភេរវកម្ម IS កំពុងតែប្រយុទ្ធជាមួយទាំងកងកម្លាំងយោធាអាហ្វហ្គានីស្ថានផង និងទាំងពួកតាលីបង់ផងដើម្បីគ្រប់គ្រងដែនដីអាហ្វហ្គានីស្ថាន ៕ សុរ្ម័ន

 

 

Loading...