អា​មេ​រិ​ក​បន្ត​វត្តមាន​យោធា​របស់​ខ្លួន​នៅ​លើ​ទឹកដី​អា​ហ្វ​ហ្គា​នី​ស្ថាន​លើស​ពី​ឆ្នាំ​២០១៦

​មន្ត្រី​រដ្ឋបាល​បាន​ថ្លែង​ថា​ សហរដ្ឋអាមេរិក​មាន​គម្រោង​បន្ត​វត្តមាន​យោធា​របស់​ខ្លួន​នៅ​លើ​ទឹកដី​អា​ហ្វ​ហ្គា​នី​ស្ថាន​ឲ្យ​លើស​ពី​ឆ្នាំ​២០១៦​ ។​

​ប្រធានាធិបតី​អា​មេ​រិ​ក​ លោក​បា​រ៉ា​ក់​ អូ​បា​ម៉ា​ នឹង​គ្រោង​ផែនការ​ខាងលើ​នេះ​នៅ​ពេល​ខាង​មុខ​ ។​ លោក​អូ​បា​ម៉ា​ មាន​គម្រោង​រក្សា​ទុក​កងទ័ព​រហូត​ដល់​៥.៥០០​នាក់​ឲ្យ​ឈរជើង​នៅ​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ នៅ​ពេល​លោក​ចុះ​ចេញពី​តំណែង​ក្នុង​ឆ្នាំ​២០១៧​ ។​

​កាល​ដើម​ឡើយ​ គឺ​មាន​គម្រោង​រក្សា​ទុក​កង​ទាហាន​អា​មេ​រិ​ក​ទាំងអស់​ ប៉ុន្តែ​ក្រោយមក​ កង​ទាហាន​ដែល​ឈរជើង​នៅ​ស្ថានទូត​អា​មេ​រិ​ក​ក្នុង​ទំហំ​តិចតួច​នោះ​ត្រូវ​ដក​មក​កាន់​ប្រទេស​កំណើត​វិញ​នៅ​ដំណាច់ឆ្នាំ​ក្រោយ​នេះ​ ។​

​កងកម្លាំង​យោធា​អា​មេ​រិ​កបាន​បញ្ជាក់​ថា​ កងទ័ព​បន្ថែម​ទៀត​តម្រូវ​ឲ្យ​មាន​ដើម្បី​ជួយ​ដល់​កងទ័ព​អា​ហ្វ​ហ្គា​នី​ស្ថាន​ដើម្បី​ប្រឆាំង​ទៅ​លើ​ក្រុម​ឧទ្ទាម​តា​លី​បង់​ ដែល​ចេះ​តែ​គំរាមកំហែង​ខ្លាំង​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​នោះ​ ។​

​នៅ​ពេល​បច្ចុប្បន្ន​នេះ​ កងទ័ព​អា​មេ​រិ​ក​ទាំងអស់​៩៨០០​នាក់​បាន​និង​កំពុង​មាន​វត្ត​មាននៅ​លើ​ទឹកដី​អា​ហ្វ​ហ្គា​នី​ស្ថាន​ ។​ កាលពី​ស​ប្តា​ហ៍​កន្លង​ទៅ​នេះ​ មេបញ្ជាការ​ជាន់ខ្ពស់​កងកម្លាំង​យោធា​អា​មេ​រិ​ក​ លោក​ John​ Cambell​ បាន​ថ្លែង​ថា​ អា​មេ​រិ​ក​ត្រូវ​តែ​ពិចារណា​ការ​បង្កើន​វត្តមាន​យោធា​របស់​ខ្លួន​នៅ​ទីនោះ​បន្ថែម​ទៀត​ឲ្យ​លើស​ពី​ឆ្នាំ​២០១៦​ ។​

​កងទ័ព​អា​មេ​រិ​ក​នឹង​ឈរជើង​នៅ​ទីតាំង​៤​កន្លែង​ គឺ​នៅ​ក្នុង​ទីក្រុង​កា​ប៊ូល​,​ នៅ​បន្ទាយ​ Bagram,​ Jalalabad​ និង​ Kandahar​ ។​

​ប្រធានាធិបតី​អា​មេ​រិ​ក​ លោក​បា​រ៉ា​ក់​ អូ​បា​ម៉ា​ មាន​គ​ម្រោ​យ​កាត់​បន្ថយ​កងទ័ព​ឲ្យ​នៅ​ត្រឹម​១​ពាន់​នាក់​នៅ​លើ​ទឹកដី​អា​ហ្វ​ហ្គា​នី​ស្ថាន​ នៅ​ពេល​ដែល​លោក​ត្រូវ​ចាក​ចេញពី​តំណែង​ក្នុង​ខែកុម្ភៈ​ ឆ្នាំ​២០១៧​ ។​

​សេចក្តីថ្លែងការណ៍​មួយ​ច្បាប់​របស់​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​អា​មេ​រិ​កបាន​សរសេរ​ថា​ ការ​ផ្លាស់​ប្តូរ​គោលនយោបាយ​នេះ​ ដោយ​អាស្រ័យ​ថា​ មានការ​ត្រួតពិនិត្យ​ពិភាក្សា​យ៉ាង​ដិត​ដល់​អស់​រយៈពេល​ជា​ច្រើន​ខែ​ និង​ក្រោយ​ពី​លោក​បា​រ៉ា​ក់​ អូ​បា​ម៉ា​បាន​ពិគ្រោះ​យោបល់​ជាមួយ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​ ក៏​ដូច​ជាមួយ​សម​ភាគី​អា​ហ្វ​ហ្គា​នី​ស្ថាន​ផង​ដែរ​ ។​

​សេចក្តីថ្លែងការណ៍​ដដែល​បន្ត​ថា​ បេសកកម្ម​របស់​យើង​នៅ​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​មិន​ទាន់​បញ្ចប់​នៅឡើយ​ទេ​ ហើយ​យើង​នឹង​បន្ត​អនុវត្ត​បេសកកម្ម​លើ​មុខព្រួញ​សំខាន់​២​ ការ​ប្រឆាំង​ភេរវកម្ម​,​ ការ​ហ្វឹកហ្វឺន​,​ ផ្តល់​ទីប្រឹក្សា​ និង​ផ្តល់​ជំនួយ​ដល់​កម្លាំង​ដៃគូ​អា​ហ្វ​ហ្គា​នី​ស្ថាន​របស់​យើង​ ។​

​មេបញ្ជាការ​យោធា​អា​មេ​រិ​ក​ លោក​ Campbell​ កាលពី​ស​ប្តា​ហ៍​នេះ​បាន​ធ្វើ​អត្ថាធិប្បាយ​ ដោយ​សម្តែង​ការ​ព្រួយបារម្ភ​ទៅ​លើ​ស្ថាន​ការ​សន្តិសុខ​តិចតួច​ស្តូ​ច​ស្តើង​នៅ​ទីនោះ​ និង​បាន​ថ្លែង​ថា​ ការ​ធ្វើ​ឲ្យ​ប្រសើរ​ថែម​ទៀត​នៅ​ក្នុង​ការ​បន្ត​មាន​វត្តមាន​យោធា​នៅ​ទី​នេះ​គឺជា​រឿង​ចាំបាច់​បំផុត​ ប្រសិនបើ​យើង​ចង់​ប្រឆាំង​ទៅ​លើ​ក្រុម​តា​លី​បង់​នោះ​ ។​

​ការ​ថ្លែង​បែប​នេះ​របស់​លោក​មេបញ្ជាការ​ គឺ​ក្រោយ​ប៉ុន្មាន​ថ្ងៃ​ដែល​ក្រុម​ឧទ្ទាម​តា​លី​បង់​បាន​វាយប្រហារ​ចូល​កាន់កាប់​មួយ​រយៈពេល​ខ្លី​ទៅ​លើ​ទីក្រុង​ Kunduz​ ដែល​ជា​ប្រតិបត្តិការ​មួយ​កើតឡើង​យ៉ាង​ឆាប់រហ័ស​ និង​មិន​ធ្លាប់​មាន​ ចាប់តាំងពី​ក្រុម​តា​លី​បង់​នេះ​ត្រូវ​បណ្តេញ​ចេញពី​អំណាច​ក្នុង​ឆ្នាំ​២០០១​មក​នោះ​ ។​

​ក្រោយ​ពី​ក្រុម​តា​លី​បង់​បាន​វាយប្រហារ​ដណ្តើម​កាន់កាប់​ទីក្រុង​ Kunduz​ នេះ​រួច​មក​ កង​កម្លាំងយោធា​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន​ក៏​បាន​ចាត់វិធានការ​វាយប្រហារ​បណ្តេញ​ក្រុម​តា​លី​បង់​នោះ​ចេញ​ ហើយ​បាន​គ្រប់គ្រង​តំបន់​សំខាន់ៗ​មួយ​ចំនួន​ឡើង​វិញ​ ក្រោយ​ជំនួយ​ពី​ការ​វាយប្រហារ​តាម​ដែនអាកាស​របស់​កងកម្លាំង​ពិសេស​អង្គការ​ណា​តូ​ និង​កងទ័ព​អា​មេ​រិ​ក​ ។​

​ប៉ុន្តែ​ព្រឹត្តិការណ៍​នេះ​នាំ​ឲ្យ​គេ​សម្តែង​ការ​ព្រួយបារម្ភ​ថា​ តើ​កង​កម្លាំងយោធា​អា​ហ្វ​ហ្គា​នី​ស្ថាន​ អាច​គ្រប់គ្រង​ទឹកដី​របស់​ខ្លួន​ប្រកបដោយ​សុវត្ថិភាព​ក្នុង​កម្រិត​ណា​ទៅ​ បើ​គ្មាន​ជំនួយ​ពី​កងកម្លាំង​អន្តរជាតិ​?​ អំពើ​ហិង្សា​បង្ក​ឡើង​ដោយ​ក្រុម​ឧទ្ទាម​តា​លី​បង​មានការ​កើនឡើង​នៅ​គ្រប់​ទីកន្លែង​ទូ​ទាំង​ប្រទេស​ ពិសេស​គឺ​ក្រោយ​កងកម្លាំង​អង្គការ​ណា​តូប​ញ្ច​ប់​បេសកកម្ម​របស់​ខ្លួន​កាលពី​ខែធ្នូ​ ឆ្នាំ​២០១៤​នោះ​ ទុក​ឲ្យ​កម្លាំង​ដែល​នៅ​សេសសល់​ ភាគច្រើន​ជា​កងទ័ព​អា​មេ​រិ​ក​ឲ្យ​នៅ​បន្ត​ការ​ហ្វឹកហ្វឺន​ និង​ប្រតិបត្តិការ​ប្រឆាំង​ទៅ​លើ​ក្រុម​ភេរវកម្ម​ ៕​

uskeepforceinafganistance (1) uskeepforceinafganistance (2) uskeepforceinafganistance (3) uskeepforceinafganistance (4)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *