អា​មេ​រិ​ក​បន្ថយ​ចំនួន​ទាហាន​ដែល​ត្រូវ​ចូលរួម​ធ្វើ​សមយុទ្ធ​យោធា​«​ពស់វែក​មាស​»​នៅ​ថៃ​

​អា​មេ​រិ​កបាន​ប្រកាស​កាលពី​ថ្ងៃ​ទី​៩​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ ថា​ ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​សម្ពន្ធមិត្ត​ដ៏​យូរអង្វែង​គឺ​ប្រទេស​ថៃ​ កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់​មួយ​តានតឹង​ ហើយ​ស្រប​ពេល​ដែល​ភាគី​ទាំង​ពីរ​ចាប់ផ្តើម​ធ្វើ​សមយុទ្ធ​កម្លាំងយោធា​នោះ​ ទីក្រុង​វ៉ា​ស៊ី​ន​តោន​បាន​សម្រេច​កាត់​បន្ថយ​ចំនួន​កងកម្លាំង​ដែល​ត្រូវ​ចូលរួម​ធ្វើ​សមយុទ្ធ​ ដោយសារ​កង្វល់​ព្រួយបារម្ភ​ចំពោះ​ភាព​ជា​អ្នកដឹកនាំ​របស់​រដ្ឋាភិបាលយោធា​។​

​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​បំផុត​ដែល​មានឈ្មោះ​ថា​ «​ពស់វែក​មាស​»​ ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ ត្រូវ​បាន​ធ្វើ​ឡើងជា​រៀង​រាល់​ឆ្នាំ​នៅ​ក្នុង​ប្រទេស​ថៃ​ដែល​កើត​មាន​ឡើង​រយៈពេល​ជាង​៣​ទសវត្សរ៍​កន្លង​មក​ហើយ​ ប៉ុន្តែ​នៅ​លើក​នេះ​ អា​មេ​រិ​កបាន​កាត់​បន្ថយ​កម្លាំង​ទាហាន​ក្នុង​ការ​ចូលរួម​ធ្វើ​សមយុទ្ធ​ ដើម្បី​គាំទ្រ​ ការ​ដាក់​ទណ្ឌកម្ម​របស់​ខ្លួន​ទៅ​លើ​រដ្ឋាភិបាល​ទីក្រុង​បា​កក​ ដែល​បាន​ធ្វើ​រដ្ឋប្រហារ​កាលពី​ឆ្នាំ​មុន​។​

​ថ្លែង​ក្នុង​ឱកាស​បើក​ឲ្យ​ប្រតិបត្តិការ​សមយុទ្ធ​ពស់វែក​មាស​នៅ​សាលា​យោធា​មួយ​ ស្ថិត​នៅ​ក្នុង​តំបន់​ Nakhon​ Nayok​ ភាគ​ខាងកើត​ទីក្រុង​បាងកក​,​ មន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ការពារ​ជាតិ​អា​មេ​រិ​ក​ លោក​ Patrick​ Murphy​ បាន​ថ្លែង​ថា​ «​យើង​មិន​អាច​បដិសេធ​បាន​ថា​ នេះ​ជា​ស្ថានការណ៍​តឹងតែង​មួយ​ឡើយ​ ហើយ​សមយុទ្ធ​ពស់វែក​ក​មាស​លើក​នេះ​ ក៏​ជា​ការ​តម្រូវ​ឲ្យ​ថៃ​រៀបចំ​ខ្លួន​ឆាប់​វិល​ត្រឡប់​ទៅ​រក​របប​លទ្ធិប្រជាធិបតេយ្យ​វិញ​»​។​

​យោធា​ប្រទេស​ថៃ​បាន​ចូល​កាន់កាប់​អំណាច​កាលពី​ខែឧសភា​ ឆ្នាំ​២០១៤​ ក្រោម​លេស​ថា​ រៀង​ចំ​សណ្តាប់ធ្នាប់​ និង​របៀបរៀបរយ​ ក្រោយ​ច​លា​ល័យ​នយោបាយ​ជា​ច្រើន​ខែ​សម្លាប់​មនុស្ស​ជិត​៣០​នាក់​ ។​ អា​មេ​រិ​កបាន​ឆ្លើយ​តប​ចំពោះ​សកម្មភាព​របស់​យោធា​ថៃ​ ដោយ​បង្កក​ប្រាក់​ជំនួយ​យោធា​ប្រមាណ​៤.៧​លាន​ដុល្លារ​ និង​លុប​ចោល​កិច្ច​សហ​ប្រតិបត្តិ​សន្តិសុខ​មួយ​ចំនួន​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ថៃ​កាលពី​ខែ​មុន​ ប្រតិភូ​អា​មេ​រិ​កបាន​ធ្វើ​អត្ថាធិប្បាយ​ ជំរុញ​ឲ្យ​រដ្ឋាភិបាល​ថៃ​ប្រញាប់​ដក​ច្បាប់អាជ្ញាសឹក​ដែល​បាន​ដាក់​អនុវត្ត​កាលពី​ខែឧសភា​មក​នោះ​វិញ​ ហើយ​បើ​មិន​ដូច្នេះ​ទេ​ ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ​កាន់តែ​ឃ្លាតឆ្ងាយ​គ្នា​ថែម​ទៀត​។​ ប៉ុន្តែ​ជា​ការ​ឆ្លើយ​តប​ទៅ​វិញ​ មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាលយោធា​ថៃ​ម្នាក់​បាន​ថ្លែង​ ដោយ​ប្រាប់​អា​មេ​រិ​កថា​ មិន​ត្រូវ​ជ្រៀត​ជ្រែកចូល​កិច្ចការ​នយោបាយ​របស់​ថៃ​នោះ​ទេ​។​

​កាលពី​ស​ប្តា​ហ៍​មុន​នេះ​ នាយក​រដ្ឋមន្ត្រី​ថៃ​ លោក​ប្រា​យុទ្ធ​ ចាន់​អូ​ចា​ អតីត​ជា​មេទ័ព​ថៃ​ បាន​និយាយ​ថា​ ការ​បោះ​ឆ្នោត​សកល​នឹង​កើតឡើង​នៅ​ក្នុង​ឆ្នាំ​២០១៦​ ប៉ុន្តែ​មិន​បាន​បញ្ជាក់​ពី​កាលបរិច្ឆេទ​ជាក់លាក់​នោះ​ឡើយ​។​ រដ្ឋាភិបាលយោធា​របស់​លោក​បាន​ថ្លែង​ថា​ ច្បាប់អាជ្ញាសឹក​នៅ​តែ​មាន​ប្រសិទ្ធភាព​។​
​រដ្ឋាភិបាល​ទីក្រុង​វ៉ា​ស៊ី​ន​តោន​បាន​បញ្ជូន​កម្លាំង​ទាហាន​៤.៣០០​នាក់​ដើម្បី​ចូលរួម​ធ្វើ​សមយុទ្ធ​ពស់វែក​មាស​ខាងលើ​នេះ​កាលពី​ឆ្នាំ​២០១៤​ ។​ ប៉ុន្តែ​នៅ​ឆ្នាំ​២០១៥​នេះ​ អា​មេ​រិ​ក​បញ្ជូន​មក​តែ​៣.៦០០​នាក់​ប៉ុណ្ណោះ​។​ នេះ​បើ​តាម​សារ​អេ​ឡិច​ត្រូ​និករ​បស់​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​ក្រុង​បា​កក​បញ្ជាក់​ប្រាប់​ប្រភព​រ៉​យ​ទ័​រ​។​

​ឧត្តមសេនីយ៍​ Wuttinun​ Leelayudth​ បាន​បញ្ជាក់​ថា​ ពស់វែក​មាស​ជា​និមិត្តរូប​មួយ​ស្តែង​អំពី​កិច្ច​សហប្រតិបត្តិការ​យោធា​ដែល​មាន​រយៈពេល​យូរ​ និង​ជា​រៀង​រហូត​ ។​ ការ​ធ្វើ​សមយុទ្ធ​នេះ​កើតឡើង​នៅ​ពេល​ដែល​ប្រទេស​ថៃ​កំពុង​តែ​វាស់​ស្ទង់​ពី​កម្រិត​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ ខណៈ​ដែល​មហាអំណាច​ក្នុង​តំបន់​គឺ​ប្រទេស​ចិន​បាន​និយាយ​ថា​ ខ្លួន​គាំទ្រ​រដ្ឋាភិបាលយោធា​ថៃ​នោះ​។​

​លោក​ Ian​ Storey​ មន្ត្រីជាន់ខ្ពស់​នៃ​វិទ្យាស្ថាន​សិក្សា​ស្រាវជ្រាវ​តំបន់​អាស៊ី​ ភាគ​អាគ្នេយ៍​ មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​សិង្ហ​បុរី​ដែល​មាន​ជំនាញ​ខាង​សន្តិ​ខុ​ក្នុង​តំបន់​អាស៊ាន​បាន​បញ្ជាក់​ថា​ ការ​លុប​ចោល​គម្រោង​ធ្វើ​សមយុទ្ធ​នេះ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​សន្តិសុខ​យ៉ាង​ធំធេង​នៅ​ក្នុង​តំបន់​។​ លោក​បន្ត​ថា​ ការ​លុប​ចោល​គម្រោង​ធ្វើ​សមយុទ្ធ​ ពស់វែក​មាស​នោះ​អាច​ជា​ឱកាស​មួយ​ឲ្យ​ទីក្រុង​ប៉េ​កាំ​ង​ពង្រឹង​ចំណងមិត្តភាព​ប្រកបដោយ​យុទ្ធសាស្ត្រ​ជាមួយ​ទីក្រុង​បាងកក​ ហើយ​វា​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា​ បែប​នេះ​មិនមែន​ជា​បំណងប្រាថ្នា​របស់​ទីក្រុង​វ៉ា​ស៊ី​ន​តោ​នោះ​ឡើយ​ ក្នុង​គោលនយោបាយ​ឆ្ពោះ​មក​កាន់​តំបន់​អាស៊ី​ភាគ​អាគ្នេយ៍​ ដោយ​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ចិ​នោះ​។​

​លោក​ Wuttinun​ Leelayudth​ បាន​បញ្ជាក់​ថា​ ទាហាន​ជាង​១​ម៉ឺន​នាក់​មក​ពី​២៤​ប្រទេស​នឹង​ចូលរួម​ធ្វើ​សមយុទ្ធ​ ដោយ​ក្នុង​នោះ​មាន​មក​ពី​ជប៉ុន​ កូរ៉េ​ខាងត្បូង​ និង​ឥណ្ឌូ​នេ​ស៊ី​ផង​ដែរ​ ។​ ចិន​ និង​ឥណ្ឌា​ចូលរួម​ធ្វើ​សមយុទ្ធ​ជា​អ្នក​ផ្តល់​ជំនួយ​មនុស្សធម៌​ប៉ុណ្ណោះ​ ៕​ យ៉ា​ត​ សុមេធ​

การฝึกซ้อมทางทหารคอบร
8B3F9CC3AF56450681B04D5E2CBA1F75

Loading...

Leave a Reply

Your email address will not be published. Required fields are marked *