អា​មេ​រិ​ក​បិទ​ស្ថានទូត​ក្នុង​ប្រទេស​យេ​មែន​

​មន្ត្រី​ និង​បុគ្គលិក​ស្ថានទូត​អា​មេ​រិ​កបាន​ថ្លែង​ថា​ អា​មេ​រិ​កបាន​បិទ​ស្ថានទូត​របស់​ខ្លួន​ប្រចាំ​នៅ​ប្រទេស​យេ​មែន​ជា​ប្រទេស​ស្ថិត​នៅ​ឧបទ្វីប​អា​រ៉ាប់​ដែល​ជា​សមរភូមិ​ជួរ​មុខ​គេ​ក្នុង​សង្គ្រាម​ប្រឆាំង​ក្រុម​ភេរវកម្ម​អាល់​កៃ​ដា​របស់​ទីក្រុង​វ៉ា​ស៊ី​ន​តោន​នោះ​។​

​មន្ត្រី​អា​មេ​រិ​ក​ក្នុង​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ក៏​បាន​បញ្ជាក់​ដែរ​ថា​ ស្ថានទូត​ប្រចាំ​នៅ​យេ​មែន​អាច​នឹង​បិទ​ ដោយសារ​ស្ថានការណ៍​សន្តិសុខ​នៅ​ក្នុង​ប្រទេស​នេះ​មិន​អាច​គិត​ទុក​ដឹង​ជា​មុន​បាន​ឡើយ​ ខណៈ​ដែល​ក្រុម​ឧទ្ទាម​បាន​វាយ​ចូល​ដណ្តើម​កាន់កាប់​រដ្ឋធានី​ទៅ​ហើយ​នោះ​។​ ក្រសួងការបរទេស​អា​មេ​រិ​ក​មិន​ទាន់​ធ្វើ​អត្ថាធិប្បាយ​បែប​ណាមួយ​នៅឡើយ​ទេ​។​

​កាលពី​ខែ​មុន​ ក្រុម​សកម្មប្រយុទ្ធ​ Houthi​ មូ​ស្លី​ម​ស៊ី​អី​ដដែល​គាំទ្រ​ដោយ​ប្រទេស​អ៊ី​រ៉​ង់​ ហើយ​ដែល​វាយប្រហារ​ដណ្តើម​បាន​គ្រប់គ្រង​រដ្ឋធានី​កាលពី​ខែកញ្ញា​ ឆ្នាំ​២០១៤​នោះ​ បាន​ចូល​កាន់កាប់​វិមាន​ប្រធានាធិបតី​ និង​បាន​បង្ខំ​ឲ្យ​ប្រធានាធិបតី​ Abd-Rabbu​ Mansour​ Hadi​ និង​រដ្ឋាភិបាល​របស់​លោក​រំសាយ​ចេញ​។​

​ក្រោយ​ពី​វិបត្តិ​នៅ​ក្នុង​ប្រទេស​យេ​មែន​ត្រូវ​បាន​ដោះស្រាយ​មិន​ទាន់​បាន​ប៉ុន្មាន​ឆ្នាំ​ស្រួលបួល​ផង​,​ ឥឡូវនេះ​ ស្រាប់តែ​ធ្លាក់​ចូល​ក្នុង​គន្លង​ចាស់​ដដែល​វិញទៀត​ដោយ​ការ​ផ្ទុះ​សង្គ្រាមស៊ីវិល​ ។​ ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​ អ្នកនយោបាយ​,​ ក្រុម​ឧទ្ទាម​ និង​អ្នក​ដែល​មាន​និន្នាការ​សាសនា​ផ្សេង​គ្នា​បាន​វាយប្រហារ​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ក្នុង​ប្រទេស​ដែល​មាន​ព្រំដែន​ជាប់​ជាមួយ​មហាអំណាច​ប្រេង​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​មួយ​នេះ​។​

​ប្រទេស​យេ​មែន​ជា​ភូមិឋាន​កំណើត​របស់​ក្រុម​ភេរ​វក​អាល់​កៃ​ដា​នៅ​ក្នុង​ឧ​ប​ទ្វិ​អា​រ៉ាប់​ ដែល​ជា​ក្រុម​មួយ​ល្បី​រន្ទឺ​ជាងគេ​បំផុត​ក្នុង​ពិភព​នៃ​ក្រុម​អិ​ស្លា​ម​ជ្រុលនិយម​សាន់​នី​ ។​ អា​មេ​រិ​កបាន​ប្រតិបត្តិការ​ដោយ​ប្រើ​យន្តហោះ​គ្មាន​មនុស្ស​បើកបរ​វាយប្រហារ​ទៅ​លើ​ក្រុម​ឧទ្ទាម​ទាំងនេះ​ ប៉ុន្តែ​នៅ​តែ​គ្មាន​ប្រសិទ្ធភាព​ធ្វើ​ឲ្យ​ក្រុម​នេះ​ចុះ​ខ្សោយ​ឡើយ​ ហើយ​ផ្ទុយ​ទៅ​វិញ​បែរជា​ផ្ទុះ​ការ​តវ៉ា​ប្រឆាំង​អា​មេ​រិ​ក​ចំពោះ​គោលការណ៍​វាយប្រហារ​តាម​យន្តហោះ​គ្មាន​មនុស្ស​បើក​នោះ​វិញ​។​

​មន្ត្រី​ក្រសួងការពារជាតិ​អា​មេ​រិ​កមួយ​រូប​បាន​ថ្លែង​ថា​ កងទ័ពជើងទឹក​ អម​ទៅ​ដោយ​នាវាចម្បាំង​ USS​ Iwo​ Jima​ ដែល​ឈរជើង​នៅ​សមុទ្រ​ក្រហម​នៃ​ឈូង​សមុទ្រ​យេ​មែន​ជា​អ្នក​ការពារ​បុគ្គលិក​ស្ថានទូត​ និង​ជម្លៀស​ពួក​គេ​ឲ្យ​បាន​សុខ​សុវត្ថិភាព​ប្រសិនបើ​មាន​មាន​បញ្ជា​ពី​ក្រសួងការពារជាតិ​៕​
យ៉ា​ត​ សុមេធ​

world

Loading...

Leave a Reply

Your email address will not be published. Required fields are marked *