អា​មេ​រិ​ក​ និង​រុ​ស្ស៊ី​ចុះ​កិច្ច​ព្រៀង​បញ្ចៀស​គ្រោះថ្នាក់​កុំ​ឲ្យ​កើតឡើង​នៅ​លើ​ដែនអាកាស​ស៊ី​រី​

​មន្ត្រី​របស់​ប្រទេស​រុ​ស្ស៊ី​ និង​អា​មេ​រិ​កបាន​ថ្លែង​ថា​ ពួក​គេ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដើម្បី​បញ្ចៀស​កុំ​ឲ្យ​មានការ​ប៉ះទង្គិច​គ្នា​កើតឡើង​រវាង​កងកម្លាំង​ជើង​អាកាសប្រទេស​ទាំង​ពីរ​នៅ​លើ​ដែនអាកាស​ស៊ី​រី​នោះ​ ។​

​កងកម្លាំង​ជើង​អាកាសប្រទេស​រុ​ស្ស៊ី​បាន​ចាប់ផ្តើម​បើក​ការ​វាយប្រហារ​នៅ​លើ​ដែនអាកាស​ប្រទេស​ស៊ី​រី​តាំងពី​ថ្ងៃ​ទី​៣០​ ខែកញ្ញា​ ឆ្នាំ​២០១៥​។​ ប្រទេស​នេះ​បាន​អះអាង​ថា​ គោលដៅ​របស់​ខ្លួន​នៅ​ក្នុង​ការ​វាយប្រហារ​ពីលើ​ដែនអាកាស​របស់​ស៊ី​រី​នា​ពេល​នេះ​ គោលដៅ​ប្រឆាំង​ទៅ​លើ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​តែ​ប៉ុណ្ណោះ​ ។​

​កាលពី​ស​ប្តា​ហ៍​មុន​នេះ​ អា​មេ​រិ​កបាន​អះអាង​ថា​ កងកម្លាំង​របស់​ខ្លួន​ និង​រុ​ស្ស៊ី​បាន​ចូល​ក្នុង​ដែនអាកាស​ជាមួយ​គ្នា​ នៅ​ចម្ងាយ​ប៉ុន្មាន​ម៉ៃ​ពី​គ្នា​ប៉ុណ្ណោះ​ ខណៈ​កំពុង​បើក​យុទ្ធនាការ​ពីលើ​ដែនអាកាស​នោះ​ ។​ ដោយ​មូលហេតុ​នេះ​ហើយ​ ទើប​មន្ត្រី​បាន​ស្វះ​ស្វែងរក​កិច្ចព្រមព្រៀង​តាំងពី​ចុងខែ​កញ្ញា​មក​ម្ល៉េះ​ ។​

​លោក​ Peter​ Cook​ អ្នកនាំពាក្យ​មន្ទីរ​បង់​តា​ហ្គូ​ន​បាន​ថ្លែង​ថា​ កិច្ចព្រមព្រៀង​មិន​ត្រូវ​បាន​បញ្ចេញ​ជា​សាធារណៈ​ឡើយ​ ប៉ុន្តែ​ថា​ កិច្ចព្រមព្រៀង​នោះ​មានការ​ទំនាក់ទំនង​ផ្តល់​ព័ត៌មាន​គ្នា​ទៅ​វិញ​ទៅ​មករ​វាង​កងកម្លាំង​ប្រទេស​ទាំង​ពីរ​ដែល​នៅ​ផ្ទាល់​ដី​ ។​ លោក​ Peter​ Cook​ បញ្ជាក់​ថា​ ទោះបី​យ៉ាងណា​ ប្រទេស​ទាំង​ពីរ​ នឹង​មិន​អាច​ចែករំលែក​ព័ត៌មាន​ចារកម្ម​ទៅ​លើ​គោលដៅ​រៀងៗ​ខ្លួន​នោះ​ឡើយ​ ។​

​លោក​បន្ត​ថា​ យន្តហោះ​ចម្បាំង​ប្រទេស​ទាំងអស់​ត្រូវ​ស្ថិត​ក្នុង​ចម្ងាយ​មួយ​ដែល​មាន​សុវត្ថិភាព​ចំពោះ​គ្នា​នឹង​គ្នា​ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ពី​ចម្ងាយ​ប៉ុន្មាន​ពី​គ្នា​នោះ​ឡើយ​ ។​

​មន្ទីរ​បង់​តា​ហ្គូ​ន​ កាលពី​ស​ប្តា​ហ៍​មុន​នេះ​បាន​បញ្ជាក់​ថា​ យន្តហោះ​ចម្បាំង​រុ​ស្ស៊ី​ និង​អា​មេ​រិ​កបាន​ព្រមព្រៀង​គ្នា​នៅ​ចម្ងាយ​ពី​គ្នា​ចន្លោះ​ពី​១៥​គីឡូម៉ែត្រ​រហូត​ដល់​២០​គីឡូម៉ែត្រ​ ។​

​លោក​ Anatoly​ Antonov​ អនុរដ្ឋមន្ត្រី​ក្រសួងការពារជាតិ​រុ​ស្ស៊ី​បាន​ថ្លែង​ថា​ កិច្ចព្រមព្រៀង​នេះ​ មាន​លក្ខខណ្ឌ​ និង​ការ​ហាមប្រាម​ខ្លះៗ​ក្នុង​គោលដៅ​បញ្ចៀស​គ្រោះថ្នាក់​កុំ​ឲ្យ​កើតឡើង​រវាង​កងកម្លាំង​រុ​ស្ស៊ី​ នឹង​អា​មេ​រិ​ក​ ។​

​ប្រទេស​លោក​ខាងលិច​ ក៏​ដូច​ក្រុមប្រឆាំង​រដ្ឋាភិបាល​ស៊ី​រី​ផង​ដែរ​បាន​អះអាង​ថា​ យន្តហោះ​ចម្បាំង​របស់​កម្លាំង​ទាហានជើងអាកាស​រុ​ស្ស៊ី​ដែល​កំពុង​ប្រតិបត្តិការ​នៅ​លើ​ដែនអាកាស​ស៊ី​រី​នោះ​ បាន​បើក​ការ​វាយប្រហារ​ទៅ​លើ​ទីតាំង​ដែល​ពុំ​មាន​ក្រុម​ឧទ្ទាម​នោះ​ទេ​ ។​ ការ​ចោទប្រកាន់​នេះ​ត្រូវ​ទីក្រុង​មូ​ស្គូ​ច្រានចោល​ថា​ ជា​ការ​មិន​ពិត​ ។​ រុ​ស្ស៊ី​អះអាង​ថា​ គោលដៅ​តាម​ដែនអាកាស​របស់​ខ្លួន​ប្រឆាំង​ទៅ​លើ​ក្រុម​រដ្ឋ​អិ​ស្លា​ម​ និង​ក្រុម​ជី​ហា​ដ​និយម​នា​ពេល​នេះ​ធ្វើ​ឡើង​តាម​ការ​ស្នើ​សុំ​ឲ្យ​មានការ​ជួយ​អន្តរាគមន៍​ផ្នែក​យោធា​ពី​សម្ពន្ធមិត្ត​ គឺ​ប្រធានាធិបតី​ស៊ី​រី​ លោក​បា​សា​ អាល់​អាសា​ដ​ ។​

​មន្ត្រី​អា​មេ​រិ​កបាន​អះអាង​ថា​ ខ្លួន​ទទួល​បានការ​ជូនដំណឹង​មុន​រយៈពេល​១​ម៉ោង​ប៉ុណ្ណោះ​ពី​ការ​វាយប្រហារ​តាម​ដែនអាកាស​របស់​កងទ័ព​រុ​ស្ស៊ី​នៅ​លើ​ដែនអាកាស​ស៊ី​រី​នេះ​ ។​

​កាលពី​ថ្ងៃ​ទី​១៩​ ខែតុលា​ ឆ្នាំ​២០១៥​ មាន​សេចក្តីរាយការណ៍​ថា​ មនុស្ស​៤៥​នាក់​បាន​បាត់បង់​ជីវិត​ដោយសារ​តែ​ការ​វាយប្រហារ​ពីលើ​ដែនអាកាស​របស់​យន្តហោះ​ចម្បាំង​រុ​ស្ស៊ី​ទៅ​លើ​ទីតាំង​គ្រប់គ្រង​ដោយ​ក្រុម​ឧទ្ទាម​រដ្ឋ​អិ​ស្លា​ម​ស្ថិត​នៅ​ភាគ​ពាយព្យ​ខេត្ត​ Latakia​ ប្រទេស​ស៊ី​រី​ ៕ ​

_86234418_86234417 _86234880_qgj6adv6

Loading...

Leave a Reply

Your email address will not be published. Required fields are marked *