អា​មេ​រិ​ក​ និង​ឥណ្ឌូ​នេ​ស៊ី​ជួប​ពិភាក្សា​គ្នា​នៅ​ខែ​ក្រោយ​

​លោក​ Joko​ Widodo​ ប្រធានាធិបតី​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ និង​សេត​វិមាន​នៅ​ថ្ងៃ​ទី​២៦​ ខែតុលា​ ឆ្នាំ​២០១៥​ ដែល​ជា​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​បំផុត​ចាប់តាំងពី​ឡើង​កាន់​តំណែង​ប្រធានាធិបតី​កាលពី​ឆ្នាំ​កន្លង​មក​នោះ​ ។​

​ដំណើរ​ទស្សនកិច្ច​នេះ​ជា​ឱកាស​មួយ​ផង​ដែរ​សម្រាប់​លោក​ប្រធានាធិបតី​ Joko​ Widodo​ ដែល​ទើប​ឡើង​កាន់​តំណែង​ប្រធានាធិបតី​កាលពី​ខែតុលា​ ឆ្នាំ​មុន​នោះ​ ស្វែង​យល់​បន្ថែម​ទៀត​ពី​លោក​ប្រធានាធិបតី​អា​មេ​រិ​ក​ បា​រ៉ា​ក់​ អូ​បា​ម៉ា​ ស្តី​អំពី​ស្ថានការណ៍​តានតឹង​ខាង​ភូមិសាស្ត្រ​ស្ថិត​នៅ​តំបន់​អាស៊ី​ភាគ​អាគ្នេយ៍​ ។​

​សេត​វិមាន​បាន​ប្រកាស​ឲ្យ​ដឹង​ថា​ ក្នុង​នាម​ជា​មេដឹកនាំ​ ប្រទេស​ដែល​មាន​របត់​លទ្ធិប្រជាធិបតេយ្យ​ធំ​ទូលាយ​ជាងគេ​នៅ​ក្នុង​ពិភពលោក​នោះ​ ប្រធានាធិបតី​ប្រទេស​ទាំង​ពីរ​នឹង​ពិភាក្សា​ទៅ​លើ​គម្រោង​ពង្រីក​បន្ថែម​ទៀត​កិច្ច​សហប្រតិបត្តិការ​ជា​ឧភតោភាគី​ដែល​មាន​ស្រាប់​ ។​

​ដំណើរ​ទស្សនកិច្ច​របស់​លោក​ Joko​ Widodo​ កើតឡើង​ក៏​ដោយ​អាស្រ័យ​ថា​ លោក​បា​រ៉ា​ក់​ អូ​បា​ម៉ា​ ដែល​កាលពី​នៅ​វ័យ​កុមារ​ក៏​ធ្លាប់​ចំណាយ​ពេលវេលា​នៅ​ក្នុង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ផង​ដែរ​នោះ​បាន​អំពាវនាវ​ឲ្យ​ទីក្រុង​ Jakarta​ មោះមុត​បន្ថែម​ទៀត​ក្នុង​តួនាទី​របស់​ខ្លួន​ឲ្យ​កាន់តែ​ខ្លាំងក្លា​នៅ​ក្នុង​តំបន់​ ខណៈ​ដែល​ប្រទេស​ចិន​កាន់តែ​ពង្រីក​ឥទ្ធិពល​ និង​គ្រប់គ្រង​ដែន​អធិបតេយ្យ​កាន់តែ​ធំ​ទូលាយ​ស្ថិត​នៅ​សមុទ្រ​ចិន​ភាគ​ខាងត្បូង​នោះ​ ។​

​ប្រទេស​ដែល​មាន​ពលរដ្ឋ​កាន់សាសនា​មូ​ស្លី​ម​ច្រើន​ជាងគេ​បំផុត​នៅ​ក្នុង​ពិភពលោក​មួយ​នេះ​ បាន​និង​កំពុង​ប្រយុទ្ធ​ប្រឆាំង​យ៉ាង​ខ្លាំងក្លា​ទៅ​លើ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​ក្នុងស្រុក​ ។​ ទីក្រុង​វ៉ា​ស៊ី​ន​តោន​បាន​ដាក់​ក្តី​សង្ឃឹមថា​ ប្រទេស​ឥណ្ឌូ​នេ​ស៊ី​នឹង​សម្រេច​បាន​លទ្ធផល​វិជ្ជមាន​បន្ថែម​ទៀត​ ។​

​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​ លោក​ ច​ន​ ឃើ​រី​ បាន​ថ្លែង​ស្វាគមន៍​ទៅ​កាន់​សម​ភាគី​រដ្ឋមន្ត្រី​ការ​បរទេស​ឥណ្ឌូ​នេ​ស៊ី​ លោក​ ស្រី​ Retno​ Mausudi​ ដែល​បំពេញ​ទស្សនកិច្ច​ទៅ​កាន់​ទីក្រុង​វ៉ា​ស៊ី​ន​តោន​នោះ​ថា​ ដូច​ជា​អ្នក​រាល់គ្នា​ដឹង​ស្រាប់​ហើយ​ថា​ ឥណ្ឌូ​នេ​ស៊ី​ជា​ប្រទេស​ប្រកាន់​របប​លទ្ធិប្រជាធិបតេយ្យ​ដែល​ទូលំទូលាយ​ជាងគេ​លំដាប់​ទី​៣​នៅ​ក្នុង​ពិភពលោក​ ។​ ដូច្នេះ​ហើយ​ បញ្ហា​សំខាន់ៗ​ជា​ច្រើន​ទៀត​ដែល​យើង​ត្រូវ​ចែករំលែក​គ្នា​ទៅ​វិញ​ទៅ​មក​ ។​ យើង​កំពុងធ្វើការ​យ៉ាង​ស្អិត​ល្មួត​រាល់​កិច្ចការ​ណាមួយ​ដែល​ទាក់ទង​បញ្ហា​សេដ្ឋកិច្ច​ ។​

​លោក​ច​ន​ ឃើ​រី​ បាន​លើក​សរសើរ​ទីក្រុង​Jakarta​ ដែល​មាន​តួនាទី​នៅ​ក្នុង​អង្គការ​អាស៊ាន​ដែរ​នោះ​ថា​ ជា​អ្នក​ប្រកាន់​ជំហរ​យ៉ាង​សំខាន់​ គោរព​ទៅ​លើ​ដែន​អធិបតេយ្យ​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ភាគ​ខាងត្បូង​ បញ្ហា​ពាក់ព័ន្ធ​ផ្សេង​ទៀត​របស់​យើង​ទាក់ទង​ការ​ប្រែប្រួល​អាកាសធាតុ​ និង​រឿងរ៉ាវ​ដទៃ​ផ្សេងៗ​ទៀត​ ។​

​លោក​ឃើ​រី​ បញ្ជាក់​ទៀត​ថា​ លោក​ Widodo​ និង​លោក​ Obama​ មាន​អាកប្បកិរិយា​ប្រហាក់ប្រហែល​គ្នា​ណាស់​ ហើយ​ដែល​ត្រូវ​សម្រេច​បាន​នូវ​ការងារ​ផ្សេងៗ​ទៀត​ ក៏​ដូច​ជា​ការ​ទម្លុះ​រនាំង​ការិយាល័យ​ធិ​ប​តេ​យ្យ​។​ មេដឹកនាំ​ទាំង​ពីរ​ទន្ទឹងរង់ចាំ​ពេលវេលា​ជួប​គ្នា​នៅ​ក្នុង​ខែ​ក្រោយ​នេះ​ ។​

​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ឥណ្ឌូ​នេ​ស៊ី​ លោកស្រី​ Marsudi​ បាន​ថ្លែងប្រាប់​ក្រុម​អ្នកកាសែត​ នៅ​មុន​ជំនួប​ជាមួយ​លោក​ច​ន​ ឃើ​រី​ថា​ នេះ​ជា​ពេលវេលា​ដែល​ល្អ​បំផុត​សម្រាប់​ឥណ្ឌូ​នេ​ស៊ី​ និង​អា​មេ​រិ​ក​អង្គុយ​ពិភាក្សា​គ្នា​អំពី​ការ​ទំនាក់ទំនង​អនាគតកាល​រវាង​ប្រទេស​ទាំង​ពីរ​ ។​ លោកស្រី​បន្ថែម​ថា​ ឥណ្ឌូ​នេ​ស៊ី​ជា​ប្រទេស​ដើរតួ​នាទី​យ៉ាង​សំខាន់​នៅ​ក្នុង​សមាគម​អាស៊ាន​ ហើយ​ក៏​ជា​ប្រទេស​ដែល​មាន​ពលរដ្ឋ​កាន់សាសនា​មូ​ស្លី​ម​ច្រើន​ជាងគេ​បំផុត​នោះ​ គឺ​អាច​ចូលរួម​ក្នុង​ការ​បង្កើត​ស្ថាន​ការ​វិជ្ជមាន​ជា​ច្រើន​ដើម្បី​ឆ្ពោះទៅ​រក​សន្តិភាព​ ស្ថិរភាព​នៅ​ក្នុង​តំបន់​ និង​ពិភពលោក​ ។​

​លោកស្រី​ក៏​បាន​អះអាង​បញ្ជាក់​ផង​ដែរ​ពីសារ​សំខាន់​ក្នុង​ការ​ពង្រីកពង្រឹង​ និង​រិ​ត​ចំណង​ទំនាក់ទំនង​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​រវាង​ឥណ្ឌូ​នេ​ស៊ី​ នឹង​អា​មេ​រិ​ក​ ។​ ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​មានការ​រកាំរកូស​កាលពី​ឆ្នាំ​មុន​នេះ​ នៅ​ពេល​ដែល​មានការ​បែកធ្លាយ​ដែល​ថា​ អា​មេ​រិ​កបាន​លួច​ធ្វើ​ចារកម្ម​មក​លើ​ទីក្រុង​ Jakarta​ នោះ​ ។​

​របាយការណ៍​របស់​អតីត​បុគ្គលិក​ស៊ើបការណ៍​សម្ងាត់​អា​មេ​រិ​ក​ Edward​ Snowden​ បាន​បញ្ជាក់​ថា​ មានការ​តាម​លួច​ស្តាប់​ប្រព័ន្ធ​ទូរស័ព្ទ​របស់​អតីត​មេដឹកនាំ​ឥណ្ឌូ​នេ​ស៊ី​ Susilo​ Bambang​ Yudhoyono​ ក្រោយ​ពី​មាន​ជម្លោះ​ផ្នែក​ពាណិជ្ជកម្ម​ជាមួយ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​នោះ​ ៕

usa and indosis

Loading...

Leave a Reply

Your email address will not be published. Required fields are marked *