អឺរ៉ុបព្រមានដកគម្រោងអនុគ្រោះពន្ធពាណិជ្ជកម្ម «អនុគ្រោះពន្ធគ្រប់យ៉ាងលើកលែងតែអាវុធ»ពីកម្ពុជា

គណៈកម្មាធិការអឺរ៉ុប ព្រមានដកគម្រោងអនុគ្រោះពន្ធពាណិជ្ជកម្មអឺរ៉ុប «អនុគ្រោះពន្ធគ្រប់យ៉ាង លើកលែងតែអាវុធ» ពីកម្ពុជា បើសិនជារាល់កិច្ចប្រឹងប្រែងរបស់សហគមន៍នេះ បរាជ័យមិនអាចដោះស្រាយកង្វល់ជាច្រើន ដូចជា ឱនភាព​សិទ្ធិនយោបាយ និងសិទ្ធិបោះឆ្នោត ការរារាំងសកម្មភាពសង្គមស៊ិវីល កង្វះយន្តការដោះស្រាយជម្លោះដីធី និងការគំរាមកំហែងធ្ងន់ធ្ងរ លើសេរីភាពសមាគម និងសហជីព នៅក្នុងប្រទេសកម្ពុជា។

គណៈប្រតិភូ នៃគណៈកម្មាធិការ និងសេវាកម្មវិធានការផ្ទៃក្នុងអឺរ៉ុប (EEAS) បានមកធ្វើទស្សនកិច្ច នៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៥ ដល់ទី១១ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីវាយតម្លៃពីីស្ថានការណ៍នៅនឹងកន្លែង បន្ទាប់ពីមានការវិវឌ្ឍគួរឲ្យបារម្ភលើបញ្ហាសិទ្ធិមនុស្ស និងសិទ្ធិពលកម្ម នៅក្នុងប្រទេសនេះ។

គណៈប្រតិភូនេះបានជួបជាមួយសមាជិកជាច្រើនរបស់រដ្ឋាភិបាលកម្ពុជា ក៏ដូចជាសហជីព សង្គមស៊ីវិល មុខជំនួញ និងអ្នកតំណាង អ.ស.ប និងអង្គការពលកម្មអន្តរជាតិ (ILO) នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្នុងសេចក្តីប្រកាស កាលពីថ្ងៃទី១២ កក្កដា មួយ របស់គណៈកម្មាធិការអ៊ឺរ៉ុប ដែលមានមូលដ្ឋាន នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ីក បានឲ្យដឹងថា សហភាពអឺរ៉ុប (EU)ពេលនេះ កំពុងវិភាគលើបញ្ហាអាទិភាពនូវព័ត៌មានដែលបានប្រមូល ក្នុងអំឡុងពេល នៃបេសកកម្មរបស់ខ្លួន បូករួមនឹងរបាយការណ៍ដាក់ជូនពីក្រុមអជ្ញាធរកម្ពុជា និងរបាយការណ៍របស់ ILO និងរបាយការណ៍របស់អង្គការជាច្រើនទៀត ដែលទទួលខុសត្រូវ ឃ្លាំមើលការអនុវត្តរបស់កម្ពុជា ចំពោះអនុសញ្ញាអន្តរជាតិ ទាក់ទងនឹងគម្រោងពាណិជ្ជកម្ម អនុគ្រោះពន្ធអឺរ៉ុប គ្រប់យ៉ាង លើកលែងតែអាវុធ(EBA) ដើម្បីពិចារណាពីបញ្ហាបន្តទៀត។

លោកស្រីស្នងការពាណិជកម្ម គណៈកម្មាធិការនេះ បាននិយាយថា EU មានមោទនភាពបំផុត ដែលបានផ្តល់ឲ្យកម្ពុជា ដែលមានសេដ្ឋកិច្ចទន់ខ្សោយបំផុតនូវសិទ្ធិចូលទីផ្សារសេរីរបស់យើង។ ការផ្តួចផ្តើមគំនិត អនុគ្រោះពន្ធគ្រប់យ៉ាងលើកលែងតែអាវុធ មានឥទ្ធិពលយ៉ាងខ្លាំង លើការអភិវឌ្ឍន៍ និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។

លោកស្រី Cecilia Malmström បានថ្លែងបន្តថា៖ «ទោះជាយ៉ាងនេះក្តី ការវិវឌ្ឍគួរឲ្យព្រួយបារម្ភថ្មីៗនេះ នៅក្នុងប្រទេសកម្ពុជា បានអំពាវនាវឲ្យមានការវាយតម្លៃ ឲ្យបានដិតដល់ថា តើកម្ពុជាកំពុងបំពេញទៅតាមការប្តេជ្ញាចិត្តរបស់ខ្លួនឬទេ»។

លោកស្រីស្នងការ បានសង្កត់ធ្ងន់ថា៖ «ការពិភាក្សា និងព័ត៌មានដែលប្រមូលបាន ក្នុងអំឡុងេពេលបេសកកម្មរបស់យើង បានផ្តោតសំខាន់លើការធ្លាក់ចុះ យ៉ាងធ្ងន់ធ្ងរនៃសិទ្ធនយោបាយ និងសិទ្ធិបោះឆ្នោត ក៏ដូចជា ការរារាំងសកម្មភាពរបស់សង្គមស៊ីវីល។

មានកង្វះខាតយន្តការដោះស្រាយ ជម្លោះដីធ្លី មានការគំរាមកំហែងធ្ងន់ធ្ងរ ចំពោះសេរីភាពសមាគម និងសិទ្ធិសហជីព។ នៅក្នុងគោលនយោបាយពាណិជ្ជកម្មរបស់ EU, យុត្តិធម៌សង្គម គឺជាទិដ្ឋភាពដ៏សំខាន់មួយ ដែលក្នុងនោះមានទាំងការគោរពសិទ្ធិមនុស្ស សេរីភាពជាមូលដ្ឋាន និងស្តង់ដារពលកម្ម»។

លោកស្រី Cecilia បានថ្លែងបញ្ជាក់ថា៖ «ក្រោយពីបេសកកម្មស្វែងរកការពិតនោះ ពេលនេះ យើងនឹងវិភាគរាល់ការពិត ដោយលម្អិត និងពិចារណាពីវិធានការបន្ទាប់។ ការដកកម្ពុជាពីគម្រោងពាណិជ្ជកម្មនោះ គឺជាវិធានការកែប្រែចុងក្រោយ បើសិនជារាល់កិច្ចប្រឹងប្រែងរបស់យើង បរាជ័យមិនអាចដោះស្រាយនូវកង្វល់ទាំងនោះបាន»។

បន្ទាប់ពីគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយ ហើយប្រធានគណបក្សលោក កឹម សុខា ត្រូវបានជាប់ពន្ធនាគារ និងសមាជិកជាន់ខ្ពស់រាប់រយនាក់ផ្សេងទៀត ត្រូវបានហាមប្រាម មិនឲ្យធ្វើនយោបាយ និងរត់ភៀសខ្លួនទៅបរទេសរួចមកនោះ កម្ពុជាបានទទួលរងនូវសម្ពាធ អន្តរជាតិជាច្រើន តាំងពី អ.ស.ប និងសហភាពអឺរ៉ុប ដាក់់ទណ្ឌកម្ម និងមានវិធានការពីអាមេរិក ដោយអំពាវនាវឲ្យស្តារស្ថានការណ៍នយោបាយ នៅក្នុងប្រទេសកម្ពុជាឡើងវិញ។

ទោះជាយ៉ាងណា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា តែងតែថ្លែងទៅកាន់ពលរដ្ឋថា កម្ពុជាមិនខ្វល់នឹងអន្តរជាតិណាទាំងអស់ ពីព្រោះកម្ពុជាកំពុងដើរលើផ្លូវត្រូវ កំពុងការពារសន្តិភាព ស្ថិរភាពនយោបាយ និងអភិវឌ្ឍជាតិ។

ថ្មីៗនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកសុខ ឥសាន្ត បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា លោកមិនចាប់អាម្មណ៍នឹងវិធានការ ឬទណ្ឌកម្មពីអន្តរជាតិនោះទេ ព្រោះយើងកំពុងធ្វើការឆ្ពោះទៅរកការបោះឆ្នោតជាតិមួយ តាមលទ្ធិប្រជាធិតេយ្យ សេរីពហុបក្ស ដើម្បីសន្តិភាព សេរីភាព និងវិបុលភាព៕

Loading...