អេហ្ស៊ីបប្រកាសប្រើច្បាប់ថ្មីប្រឆាំងក្រុមភេរវកម្ម

ប្រធានាធិបតីអេហ្ស៊ីប លោក Abdul Fattah al-Sisi បានយល់ព្រមចុះហត្ថលេខាទៅលើច្បាប់ថ្មីប្រឆាំងក្រុមភេរវកម្ម ខណៈដែលនៅក្នុងប្រទេសនេះមានវត្តមានកាន់តែច្រើនឡើងនូវក្រុមឧទ្ទាមអិស្លាមជ្រុលនិយម ។

ច្បាប់ថ្មីនេះបង្កើតឲ្យមានតុលាការពិសេស និងផ្តល់អំណាចបន្ថែមទៀត ក៏ដូចជាសិទ្ធិស្របច្បាប់ដល់កម្លាំងយោធា និងកម្លាំងប៉ូលិសដែលមានតួនាទីប្រើប្រាស់កងកម្លាំង ។ ច្បាប់ថ្មីនេះក៏អនុញ្ញាតឲ្យមានការដាក់ទោសអស់មួយជីវិត ប្រសិនបើមានការរកឃើញថា មាននរណាម្នាក់បានរៀបចំ ឬជាអ្នកដឹកនាំក្រុមភេរវកម្មនោះ។

ច្បាប់ថ្មីនេះត្រូវក្រុមសិទ្ធិមនុស្សមើលឃើញថា ជាច្បាប់មួយដែលធ្វើឲ្យប្រធានាធិបតី Fattah al-Sisi មានសិទ្ធិប្រើប្រាស់ដើម្បីកម្ទេចទៅលើក្រុមប្រឆាំងឲ្យសាបសូន្យ ។

រយៈពេល២ឆ្នាំកន្លងមកហើយ ប្រទេសអេហ្ស៊ីបមានការចាប់ច្បាមជាខ្លាំងពីក្រុមឧទ្ទាមអិស្លាមជ្រុលនិយមក្នុងគោលបំណងទម្លាក់រដ្ឋាភិបាលប្រធានាធិបតី Fattah al-Sisi ។

កាលពីខែមិថុនា ឆ្នាំ២០១៥ ប្រធានាធិបតី Fattah al-Sisi បានប្តេជ្ញាថា នឹងគាំទ្របង្កើតច្បាប់ថ្មីមួយអនុវត្តយ៉ាងខ្លាំងក្លាទៅលើក្រុមភេរវករ បន្ទាប់ពីមានការធ្វើឃាតដោយការបំផ្ទុះគ្រាប់បែកក្នុងរថយន្តសម្លាប់រដ្ឋអាជ្ញាមួយរូបដែលទទួលបន្ទុកកិច្ចការសាធារណៈនោះរួចមក ។

ស្ថិតនៅក្រោមច្បាប់ថ្មីដែលទើបប្រកាសឲ្យប្រើប្រាស់កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥រួមមាន៖ ដូចជាការកាត់ទោសទៅលើជនសង្ស័យជាក្រុមភេរវកម្ម គឺត្រូវតែដំណើរកាត់ក្តីធ្វើឡើងឲ្យបានលឿន និងឆាប់រហ័សបំផុតតាមរយៈតុលាការពិសេស, ជនណាមួយដែលរកឃើញថា បានចូលរួមជាមួយក្រុមភេរវកម្មនោះត្រូវប្រមុខការជាប់ពន្ធនាគារ១០ឆ្នាំ, ជនណាមួយដែលឧត្ថម្ភគាំទ្រផ្នែកហិរញ្ញវត្ថុទៅឲ្យក្រុមភេរវករ ត្រូវប្រឈមមុខការផ្តន្ទាទោសអស់មួយជីវិត, ជនណាដែលញុះញងឲ្យមានអំពើហិង្សា ឬផ្សព្វផ្សាយផ្ញើសារភេរវកម្មតាមគេហទំព័រត្រូវប្រឈមមុខការជាប់ពន្ធនាគារពី៥ឆ្នាំទៅ៧ឆ្នាំ, ចំណែកអ្នកកាសែតប្រសិនបើរកឃើញពាក់ព័ន្ធនឹងការប្រើប្រាស់គណនីនាំឲ្យមានការវាយប្រហារភេរវកម្មនោះត្រូវផ្តន្ទាទោស២៥.០០០ដុល្លារជាដើម ។

ក្រុមសិទ្ធិមនុស្សបានព្រមានថា ច្បាប់ថ្មីនេះអាចត្រូវបានគេប្រើប្រាស់ដើម្បីរារាំងទៅលើក្រុមប្រឆាំង និងគាប់សង្កត់បន្ថែមទៀតទៅលើសិទ្ធិសេរីភាពនៃការបញ្ចេញមតិនៅក្នុងប្រទេសនេះ ។

កងសន្តិសុខរដ្ឋាភិបាលអេហ្ស៊ីបរាប់រយនាក់ត្រូវបានសម្លាប់ដោយក្រុមឧទ្ទាមស្ថិតនៅតំបន់ស៊ីណាយ ។

ក្រុមឧទ្ទាមនៅក្នុងតំបន់ស៊ីណាយបានបង្កើនសកម្មភាពវាយប្រហារ តាំងពីលោក Sisi ដែលកាលណោះនៅជារដ្ឋមន្ត្រីការពារជាតិអេហ្ស៊ីបមកម្ល៉េះ ហើយបន្ទាប់មក លោកបានធ្វើរដ្ឋប្រហារទម្លាក់អតីតប្រធានាធិបតីម៉ូហាមែដ មឺស៊ី ខណៈដែលមានមហាបាតុកម្មប្រឆាំងការដឹកនាំរបស់លោក(មឺស៊ី) ក្នុងឆ្នាំ២០១៣ ។

ក្រុមឧទ្ទាមដែលសកម្ម និងល្បីល្បាញជាងគេ ត្រូវគេដឹងថា ស្ថិតនៅក្នុងខេត្តស៊ីណាយ ទឹកដីអេហ្ស៊ីបនោះឯង ហើយដែលគេស្គាល់ថា ជាក្រុម Ansar Bait al-Maqdis ។ ក្រុមនេះបានប្រាថ្នារួបរួមចងសម្ពន្ធមិត្តជាមួយក្រុមដែលគេឲ្យឈ្មោះថា ជារដ្ឋអិស្លាម ។

លោក Sisi ត្រូវគេមើលឃើញថា បានអនុវត្តការបង្ក្រាបទៅលើក្រុមអិស្លាមនិយម ដោយដាក់ទោសមនុស្សរាប់ពាន់នាក់ចោទប្រកាន់ថា បានគាំទ្រដល់ក្រុមអិស្លាមជ្រុលនិយម ។ អ្នកខ្លះត្រូវដាក់ទោស និងផ្តន្ទាទោសរហូតអស់មួយជីវិត ក្នុងនោះមានអតីតប្រធានាធិបតី ម៉ូហាម៉េដ មឺស៊ី ផងដែរ ។

រដ្ឋាភិបាលអេហ្ស៊ីបបានប្រកាសចាត់ទុកថា ក្រុមបងប្អូនអិស្លាម(គណបក្ស) គឺជាក្រុមភេរវកម្ម ។ ប៉ុន្តែក្រុមនេះបានបញ្ជាក់ថា សកម្មភាពរបស់ពួកគេធ្វើឡើងដោយសន្តិវិធីប៉ុណ្ណោះ ។

កាលពីខែកុម្ភៈ ឆ្នាំ២០១៥ ប្រធានាធិបតីអេហ្ស៊ីប Sisi បានចុះហត្ថលេខាលើច្បាប់ស្តីពីការប្រឆាំងភេរវកម្ម ដែលផ្តល់សិទ្ធិឲ្យអាជ្ញាធរនូវអំណាចខ្លាំងជាងមុន អាចរារាំង និងចោទប្រកាន់ដាក់ទោសបុគ្គលទាំងឡាយ ណា ឬអង្គភាពណាដែលមើលឃើញថា បានធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ ការរួបរួមជាតិ និងរំលោភបំពានទៅលើសណ្តាប់ធ្នាប់សាធារណៈ ៕

fattah al sisi

egyp

Loading...

Leave a Reply

Your email address will not be published. Required fields are marked *