អំណាច​កូនលោក​ស្នងការ​កោះកុង​វាយ​គេ​បែកក្បាល​គ្មាន​បញ្ហា​

​ខេត្តកោះកុង​៖​ ជន​រង​គ្រោះ​ម្នាក់​ ដែល​ត្រូវ​បាន​បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ ជា​កូនលោក​ សំ​ ឃី​ត​វៀន​ ស្នងការ​ខេត្តកោះកុង​ វាយ​បណ្តាល​ឲ្យ​រង​របួសធ្ងន់​ដោយ​មិនដឹង​មូលហេតុ​ក្នុងអំឡុងពេល​បុណ្យ​សមុទ្រ​កន្លង​ទៅ​នោះ​ បាន​ដាក់​ពាក្យបណ្តឹង​ចំនួន​៣​ច្បាប់​ ទៅ​ក្រសួងយុត្តិធម៌​ ក្រសួងមហាផ្ទៃ​ និង​អគ្គស្នងការ​នគរបាល​ជាតិ​ នៅ​ថ្ងៃ​ទី​២៦​ ខែកុម្ភៈ​ នេះ​ ដើម្បី​សុំ​រក​យុត្តិធម៌​បន្ត​ ខណៈ​តុលាការខេត្ត​មិន​បាន​ដោះស្រាយ​សំណុំរឿង​នេះ​ ដោយ​បង្វែរ​សំណុំរឿង​ទៅ​ស្នងការ​ខេត្ត​ដោះស្រាយ​វិញ​។​

​ជន​រង​គ្រោះ​ដែល​បាន​ដាក់​ពាក្យបណ្តឹង​ឈ្មោះ​ លឹ​ម​ សុ​ជាតិ​ អាយុ​៣២​ឆ្នាំ​ មាន​ទីលំនៅ​ នៅ​ខេត្តសៀមរាប​។​ ជន​រង​គ្រោះ​អះអាង​ថា​ នៅ​ថ្ងៃ​កើតហេតុ​ជា​ថ្ងៃ​បុណ្យ​សមុទ្រ​ នៅ​ក្នុង​ក្រុង​ខេមរភូមិន្ទ​ ខេត្តកោះកុង​ រូបគេ​ និង​បងប្អូន​ មិត្ត​ភ័​ក្រ​ជា​ច្រើន​នាក់​ បាន​ដើរ​កម្សាន្ត​មើល​គេ​តាំង​ពិ​ព័ណ៌​ ខណៈនោះ​ក៏​ស្រាប់តែ​ ឈ្មោះ​ ច័ន្ទ​ រ៉ា​វី​យ៉ា​ ដែល​គេ​ស្គាល់​ថា​ជា​មន្ត្រី​នគរបាល​ ខេត្ត​ និង​ជា​កូនបង្កើត​លោក​ សំ​ ឃី​ត​វៀន​ ស្នងការ​នគរបាល​ខេត្តកោះកុង​រួម​ជាមួយ​បក្សពួក​ បាន​នាំ​គ្នា​មក​ចាប់​ក្រៀក​ខ្លួន​ហើយ​វាយ​ទាត់​ធាក់​ បណ្តាល​ឲ្យ​រង​របួសធ្ងន់​រហូត​ដល់​សន្លប់​ ដោយ​មិនដឹង​មូលហេតុ​។​

​ប្រភព​ដដែល​បន្ត​ថា​ បន្ទាប់​ពី​រង​នូវ​ការ​វាយដំ​បង្ក​ឲ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ រូបគេ​ដាក់​ពាក្យបណ្តឹង​ទៅ​សាលាដំបូង​ខេត្ត​ ដោយ​ចោទ​ឈ្មោះ​ ច័ន្ទ​ រ៉ា​វី​យ៉ា​ ហៅ​ អេ​ ថា​ បាន​ប្រើ​អំពើ​ហឹ​ង្សា​បង្ក​របួស​ស្នាម​ដោយ​ចេតនា​។​ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​គាត់​មានការ​ខកចិត្ត​នោះ​ គឺ​តុលាការ​មិន​ត្រឹមតែ​មិន​បាន​ចាត់ការ​លើ​ពាក្យបណ្តឹង​ប៉ុណ្ណោះ​នេះ​ បែ​ជា​បង្វិល​រឿង​នោះ​ទៅ​ឲ្យ​ប៉ូ​លី​ស​ចាត់ការ​ទៅ​វិញ​ ហើយ​រហូត​មក​ដល់​ពេល​នេះ​ ប៉ូ​លី​ស​នៅ​ក៏​មិន​ទាន់​មានការ​អើពើ​សូ​ម្បី​បន្តិច​។​ ជន​រង​គ្រោះ​បាន​បន្ត​ថា​ ករណី​នេះ​អាច​ផ្តើម​ចេញពី​គំនុំ​ ព្រោះ​ឈ្មោះ​ ច័ន្ទ​ រ៉ា​វី​យ៉ា​ ជា​អតីត​បងថ្លៃ​របស់​ខ្លួន​ ហើយ​ជន​រង​គ្រោះ​បាន​លែងលះ​ជាមួយ​ភរិយា​ដែល​ត្រូវជា​ប្អូនបង្កើត​របស់​ជន​បង្ក​នេះ​អស់​រយៈពេល​ជាង​២​ឆ្នាំ​មក​ហើយ​។​

​ករណី​ខាងលើ​នេះ​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​រិះគន់​ជា​ខ្លាំង​ ថា​ករណី​នេះ​គឺជា​ការ​បង្ក​របួស​ស្នាម​ដោយ​ចេតនា​ និង​ជាក់ស្តែង​ថែម​ទៀត​ ហេតុ​អ្វី​ក៏​តុលាការ​មិន​ចាត់វិធានការ​តាម​ច្បាប់​ ហើយ​ចាំបាច់​បញ្ជូន​សំណុំរឿង​ឲ្យ​ប៉ូ​លី​ស​ដែល​គេ​ដឹង​ថា​លោកស្នងការ​ជា​ឪពុក​ជន​បង្កហេតុ​ចាត់ការ​ទៅ​វិញ​។​

​ទាក់ទិន​នឹង​ករណី​ខាងលើ​ លោក​ សុខ​ ញ៉​ ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្តកោះកុង​ បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា​ ក្រោយ​ពី​តុលាការ​ទំលាក់​សំណុំរឿង​មក​ សមត្ថកិច្ច​របស់​លោក​បាន​ធ្វើការ​អង្កេត​រួចរាល់​ហើយ​ ថា​នេះ​ជា​បទល្មើស​ជាក់ស្តែង​ដែល​បង្ករ​ឡើង​ដោយ​ឈ្មោះ​ ច័ន្ទ​ រ៉ា​វី​យ៉ា​ ពិតមែន​ ហើយ​លោក​ក៏​គ្រោង​នឹង​បញ្ជូន​សំណុំរឿង​នេះ​ទៅ​តុលាការ​នៅ​ថ្ងៃ​ទី​០២​ ខែ​មិ​នា​ ខាង​មុខ​នេះ​ដែរ​៕​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *