អំណោយសប្បុរសធម៌ជាច្រើនមុខ ត្រូវបានប្រគល់ជូន បងប្អូនជនពិការភ្នែកនៅក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនពិការភ្នែកនិងសមាគមតន្ត្រីសំនៀងជនពិការ

(ភ្នំពេញ)៖ បងប្អូនជនពិការភ្នែក ដែលកំពុងស្នាក់នៅក្នុងសមាគមតន្ត្រីសំនៀងជនពិការ បានទទួលអំណោយសប្បុរសធម៌ពីលោកជំទាវ ជឹង សុគន្ធាវី អគ្គនាយិកាក្រុមហ៊ុនមីជាតិ ជាគ្រឿងឧបភោគបរិភោគ ដើម្បីដោះស្រាយជីវភាព និង ការពារខ្លួន ពីវីរុសកូរ៉ូណា កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ស្ថិតភូមិជំរៅ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

លោកជំទាវ ជឹង សុគន្ធាវី មានប្រសាសន៍ថា ការនាំយកអំណោយមកជូននៅថ្ងៃនេះ គឺជាទឹកចិត្តមួយរបស់ក្រុមហ៊ុន យើងនាងខ្ញុំដែលបានដឹងអំពីការលំបាករបស់បងប្អូនជនពិការ នាអំឡុងពេលរីករាលដាលនៃកូវីដ-១៩ ​។ ព្រោះបងប្អូនមិនអាចរកចំណូលបាន តាមរយៈការប្រគុំតន្ត្រីនិងការម៉ាស្សាជាដើម ព្រោះតែកូវីដ-១៩នេះ វាបានប៉ះពាល់ដល់របរស៊ីយ៉ាងខ្លាំងហើយក៏ប៉ះពាល់ដល់ប្រភពចំណូលប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋទូទាំងប្រទេស និងសកលលោកផងដែរ ។ លោកជំទាវបានបំពាវនាវដល់បងប្អូនជនពិការ ប្រកាន់ភ្ជាប់នូវការថែរក្សាអនាម័យ ដោយរក្សា គម្លាតសង្គម លាងដៃឲ្យបានញឹកញាប់ និងពាក់ម៉ាសការពារឲ្យបានត្រឹមត្រូវ ដើម្បីការពារខ្លូនពីការឆ្លងជំងឺកូវីដ-១៩ ។

លោក ចាប តូ ប្រធានសមាគមតន្រ្តីសំនៀងជនពិការបានឲ្យដឹងថា ជំនួយពីក្រុមហ៊ុនមីជាតិនេះ ពិតជាមកចំពេល ដែលសមាគមកំពុងត្រូវការ ខណៈបងប្អូនជនពិការដែលជាសមាជិកជាច្រើនកំពុងជួបការលំបាក ក្នុងជូវភាពប្រចាំថ្ងៃ។ គូររំលឹកថា ក្រុមហ៊ុនមីជាតិជាក្រុមហ៊ុនខ្មែរដែលតែងចូលរួមក្នុងសកម្មភាពសង្គមនានាជាច្រើន ដូចជាបានផ្តល់អំណោយសប្បុរសធម៌ដល់ប្រជាជនក្រីក្រ និងកុមារកំព្រា ទូទាំងប្រទេស និងបានបរិច្ចាគ ទៅឲ្យកម្មវិធីសប្បុរធម៌ របស់មន្ទីរពេទ្យគន្ធបុប្ផានិងចូលរួមចលនា ការជំរុញឲ្យមានការបរិច្ចាគឈាមដោយស្ម័គ្រចិត្តជាដើម ៕

Loading...