អំឡុងពេលឈប់សម្រាក៥ថ្ងៃ ដែលរាជរដ្ឋាភិបាលសងជំនួសថ្ងៃចូលឆ្នាំបាត់ដំបងរំពឹងថានឹងមានភ្ញៀវទេសចរជាង៧០ម៉ឺននាក់ទៅកម្សាន្ត

(បាត់ដំបង)៖ ដោយខេត្តបាត់ដំបងមានសក្តានុពលលើវិស័យទេសចរណ៍ ដ៏សម្បូរបែប គឺសម្បត្តិធម្មជាតិកេរ្តិ៍មរតកវប្បធម៌បុរាណយ៉ាងច្រើនសន្ធឹកសន្ធប់នោះ ដូចជាប្រាសាទបុរាណ ស្ថាបនារាយប៉ាយលើភ្នំ លើទួល តំបន់លិចទឹកទាំងអស់នេះហើយ គឺជាសក្តានុពល សម្រាប់ទាក់ទាញភ្ញៀវទេសចរឲ្យមកទស្សនា កម្សាន្តម្តងហើយម្តងទៀត ។ ប្រាសាទបុរាណ ដែលមាននៅលើទឹកដីខេត្តបាត់ដំបង ដូចជា ប្រាសាទបាសែត, ប្រសាទបាណន់, ប្រសាទវត្តឯកភ្នំ និងប្រសាទស្នឹងជាដើម ក្រៅពីនោះក៏មានតំបន់រមណីយដ្ឋានធម្មជាតិ ដូចជា ភ្នំសំពៅ, អាងកំពីងពួយ, ,រមណីយដ្ឋានសេកសក,រមណីយដ្ឋានពពុះពេជ្រចិន្តា, រមណីយដ្ឋានស្ទឹងចំលងគួយ និងរមណីយដ្ឋានបន្ទាយសត្វជាដើម ។

ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងលោក អ៊ុច អ៊ុភីនីស្សារ៉ា ថ្លែងដាក់ក្តីរំពឹងទុកថា នៅថ្ងៃឈប់សម្រាក ដែលរាជរដ្ឋាភិបាល សងមន្ត្រីរាជ និយោជិក កម្មករ រោងចក្រ ចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២១ខែសីហាឆ្នាំ០២០ខាងមុខនេះ ខេត្តបាត់ដំបងនឹងមានភ្ញៀវទេសចរជាតិ អន្តរជាតិចូលទៅកម្សាន្ត និងទស្សនាតាមតំបន់ផ្សេងៗអាចបានប្រមាណ ៧១២,៧៥០នាក់ក្នុងនោះទេសចរអន្តរជាតិ ចំនួន២៥០នាក់នឹងមកកម្សាន្តនា ក្នុងរយៈពេល៥ថ្ងៃនេះ។

ទន្ទឹមនិងក្តីរំពឹងនេះ ប្រធានមន្ទីរទេចរណ៍ខេត្តបាត់ដំបង លោក អ៊ុច អ៊ុភីនីស្សារ៉ា បានអះអាង ក្នុងនាមមន្ទីរជាសេនាធិការឲ្យរដ្ឋបាលខេត្តបាត់ដំបង រូបលោកក៏ជាមន្ត្រីរបស់លោក បានត្រៀមខ្លួនជាស្រេច ដើម្បីអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងទេសចរណ៍ទាំង៦ចំណុចនិង ជំរុញការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ទាំង៦ឲ្យបានហ្មត់ចត់ គោរពតាមគោលការណ៍ណែនាំពីក្រសួងសុខាភិបាលក្នុងដំណាក់កាលជំងឺកូវីដ-១៩(Covid-19) ដើម្បីលើកកម្ពស់សុខុមាលភាព ប្រជាពលរដ្ឋ ត្រូវធ្វើអនាម័យ ម្ហូបអាហារ បរិស្ថាន និងការរក្សាតម្លៃផលិតផល និងសេវាកម្មឲ្យបានសមរម្យ ។

លោកបញ្ជាក់ថា ខេត្តបាត់ដំបង គឺជាខេត្តមួយ ដែលសំបូរទៅដោយប្រពៃណីវប្បធម៌ និងប្រវត្តិសាស្រ្តជាច្រើន គឺជាខេត្តមួយមានសក្តានុពលផ្នែកវប្បធម៌ទេសចរណ៍ និងប្រវត្តិសាស្ត្របន្ទាប់ពីខេត្តសៀបរាម។ ខេត្តបាត់ដំបងជាទឹកដីសម្បូរបែបដោយមានប្រាសាទបុរាណតូចធំ និងមានអាយុកាលច្រើនសត្សវត្តន៍មកហើយ ពិសេសស្ថានីយបុរេប្រវត្តិសាស្ត្រ ល្អាងស្ពាន ស្ថិតនៅក្នុងស្រុករតនមណ្ឌល ស្ថានីយនេះមានអាយុកាលរាប់រយម៉ឺនឆ្នាំមកហើយ ដោយមានការរស់នៅរហូត៣ជំនាន់ឯណោះ ៕

Loading...