អ៊ីរ៉ង់ចាប់នាវាដឹកប្រេងមួយគ្រឿង ខណៈដែលប្រេងប្រមាណ ១០ លានលីត្រត្រូវបានរត់ពន្ធក្នុងមួយថ្ងៃ

នេះមិនមែនជាលើកទីមួយទេ ដែលប្រព័ន្ធផ្សព្វផ្សាយបានផ្សាយថា អ៊ីរ៉ង់បានរឹបអូសយកនាវាដឹកប្រេងបរទេស ។ ដូចកាលពីឆ្នាំ ២០១៩ មានឧប្បត្តិហេតុស្រដៀងគ្នានេះជាច្រើនលើកបានកើតឡើងនៅក្នុងដែនទឹកនៃឈូងសមុទ្រពែរ្ស ។ នាវាដែលរឹបអូសបានទាំងនោះជារបស់អារ៉ាប់ប៊ីសាអូឌីត, អេមីរ៉ាត, អារ៉ាប់រួម, ជប៉ុន និងប្រទេសដទៃទៀត ។

ទីភ្នាក់ងារសារព័ត៌មាន Fars របស់អ៊ីរ៉ង់បានផ្សាយកាលពីថ្ងៃសុក្រថា អង្គភាពឆ្មាំបដិវត្តអ៊ីរ៉ង់ (IRGC) បានស្ទាក់ចាប់នាវាមួយគ្រឿងដែលមានបំពាក់ទង់ជាតិប៉ាណាម៉ា ។ នាវានេះត្រូវគេរកឃើញថា មានផ្ទុកប្រេងរត់ពន្ធជាង ៣០ ម៉ឺនលីត្រ (៧៩ ២៥១ ហ្គាឡុន) ។

ប្រព័ន្ធផ្សព្វផ្សាយដដែលនេះ មិនបានបញ្ជាក់ពីសញ្ជាតិរបស់សមាជិកនាវិកនោះទេ គ្រាន់តែបញ្ជាក់ថា មានមនុស្ស ១០ នាក់នៅលើនាវានោះ ។

អ៊ីរ៉ង់ជាប្រទេសសំបូរប្រេង ជាញឹកញាប់ប្រទេសនេះត្រូវបានគេផ្សព្វផ្សាយថាបានចាប់នាវាដឹកប្រេងបំពាក់ទង់ជាតិផ្សេងៗគ្នា ដោយចោទប្រកាន់ពីបទរត់ពន្ធប្រេង។ អ៊ីរ៉ង់ត្រូវគេស្គាល់ថាជាប្រទេសដែលមានការយាមល្បាតយ៉ាងតឹងរឹងនៅលើផ្លូវទឹកនៃឈូងសមុទ្រពែរ្សដើម្បីការពារការរត់ពន្ធប្រេង ។

ក្នុងចំណោមឧប្បត្តិហេតុថ្មីៗនេះ កងកម្លាំងឆ្មាំការពារបដិវត្តន៍អីុរ៉ង់ ឬហៅកាត់ថា IRGC នោះបានចាប់យកនាវាមួយគ្រឿងដែលមាននាវិកម៉ាឡេស៊ី ១៦ នាក់កាលពីខែធ្នូ ឆ្នាំ ២០១៩ ប៉ុន្តែគេមិនទាន់ដឹងថា តើទង់ជាតិប្រទេសណាមួយបានបំពាក់នៅលើនាវាដែលអ៊ីរ៉ង់បានចាប់នោះឡើយ។

កាលពីខែកក្កដាឆ្នាំ ២០១៩ ទីក្រុងតេអេរ៉ង់បានរឹបអូសនាវាដឹកប្រេងដែលបំពាក់ទង់ជាតិអង់គ្លេសឈ្មោះ Stena Impero ។ អ៊ីរ៉ង់បានបញ្ជាក់ថា នាវានោះមិនបានអើពើនឹងបទបញ្ញត្តិសុវត្ថិភាព ដោយបិទឧបករណ៍ទំនាក់ទំនងរបស់អ៊ីរ៉ង់ ហើយបានចូលកៀកទូកនេសាទអ៊ីរ៉ង់ថែមទៀត។ ការចាប់នាវានេះបានបណ្តាលឱ្យអ៊ីរ៉ង់មានជម្លោះការទូតជាមួយទីក្រុងឡុងដ៍ ខណៈដែលប្រទេសទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅមកថាជស“ ចោរប្លន់” ។ ក្នុងអំឡុងពេលមុននេះ ចក្រភពអង់គ្លេស បានចាប់នាវាអ៊ីរ៉ង់មួយគ្រឿងស្ថិតនៅដែនទឹក ហ្គីប្រាតា (Gibraltar) ។ នៅទីបំផុតនាវាទាំងពីរគ្រឿងត្រូវបានដោះលែងឲ្យមានសេរីភាពវិញ ។

ភាពតានតឹងនៅក្នុងតំបន់ឈូងសមុទ្របានឈានដល់កម្រិតខ្ពស់នាពេលថ្មីៗនេះ ដោយសារតែសហរដ្ឋអាមេរិករឹតបន្តឹងការដាក់ទណ្ឌកម្មប្រឆាំងអ៊ីរ៉ង់ ។ ទីក្រុងវ៉ាស៊ីនតោនបានចោទប្រកាន់ទីក្រុងតេអេរ៉ង់ថាបានចាប់យកនាវាដឹកប្រេងជាច្រើនក្នុងឈូងសមុទ្រ ក្នុងខែឧសភា និងមិថុនា ឆ្នាំ ២០១៩ ។ កើតប្រកាន់នេះ ជាអ្វីដែលសាធារណរដ្ឋអ៊ីស្លាមបដិសេធ ។

យោងតាមការវាយតម្លៃប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ដែលបានដកស្រង់ដោយរ៉យទ័របានប៉ាន់ស្មានថាប្រេងប្រមាណ ១០ លានលីត្រត្រូវបានរត់ពន្ធក្នុងមួយថ្ងៃ ៕

 

Loading...