អ៊ីរ៉ង់ប្តេជ្ញាថានឹងមាន “ការរំពឹងទុក និងការមិនរំពឹងទុក” ប្រសិនបើសហរដ្ឋអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani បានថ្លែងកាលពីថ្ងៃសៅរ៍ថា ទីភ្នាក់ងារអាតូមរបស់អ៊ីរ៉ង់ត្រៀមខ្លួនជាស្រេចជាមួយនឹងប្រតិកម្ម “ដែលរំពឹងទុក និងមិនបានរំពឹងទុក” ប្រសិនបើសហរដ្ឋអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរពហុជាតិ ខណៈដែលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានគំរាមធ្វើនោះ ។

«ភ្នាក់ងារថាមពល អាតូម របស់យើងត្រូវបានរៀបចំយ៉ាងពេញលេញ … សម្រាប់សកម្មភាពដែលពួកគេរំពឹងទុក និងសកម្មភាពដែលពួកគេមិនបានរំពឹងទុក»។

លោក Rouhani បានថ្លែងបែបនេះដោយមិនលម្អិតពីសុន្ទរករបស់គាត់ឡើយផ្សាយនៅលើកញ្ចក់ទូរទស្សន៍រដ្ឋ សំដៅទៅលើការសម្រេចចិត្តដែលអាចធ្វើទៅបានដោយប្រធានាធិបតីអាមេរិក លោក Trump ដើម្បីចាកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរនៅខែក្រោយនោះ ។

កិច្ចព្រមព្រៀងដែលបានសម្រេចឡើងរវាងអ៊ីរ៉ង់ សហរដ្ឋអាមេរិក និងមហាអំណាច៥ ផ្សេងទៀត បានដាក់កម្រិតលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្ម ។

លោក Trump បានហៅកិច្ចព្រមព្រៀងនេះថាកិច្ចព្រមព្រៀងមួយដ៏អាក្រក់បំផុតដែលមិនធ្លាប់មាន។ កាលពីខែមករា លោកប្រធានាធិបតីអាមេរិកបានបញ្ជូនសារទៅឱ្យអង់គ្លេស បារាំង និងអាល្លឺម៉ង់ ដោយនិយាយថា ពួកគេត្រូវតែយល់ព្រមដោះស្រាយនូវអ្វីដែលសហរដ្ឋអាមេរិកមើលឃើញថា ជាកំហុសឆ្គងនៃកិច្ចព្រមព្រៀង ឬក៏លោកនឹងបដិសេធមិនផ្តល់ការបន្ធូរបន្ថយទណ្ឌកម្មសំខាន់ៗរបស់អាមេរិកទៅលើអ៊ីរ៉ង់នោះឡើយ។

ឯកអគ្គរដ្ឋទូតអាមេរិក លោក រ៉ូប៊ឺត វ៉ូដ បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានពិភាក្សាជាមួយក្រុមសម្ព័ន្ធមិត្តអ៊ឺរ៉ុបមុនថ្ងៃផុតកំណត់ ថ្ងៃទី១២ ខែឧសភា នៅពេលការដាក់ទណ្ឌកម្មរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ នឹងបន្តរហូតទាល់តែ លោកប្រធានាធិបតី Trump ចេញសេចក្តីបដិសេធថ្មីដើម្បីផ្អាក ។

អ៊ីរ៉ង់បានអះអាងថា ខ្លួននឹងប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀង ដរាបណាភាគីម្ខាងទៀតនៅតែគោរព ប៉ុន្តែអ៊ីរ៉ង់នឹងលុបចោលកិច្ចព្រមព្រៀង ប្រសិនបើក្រុងវ៉ាស៊ីនតោនដកខ្លួនចេញនោះ។

ទូរទស្សន៍អ៊ីរ៉ង់ដកស្រង់សម្តីរបស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif ដែលបានថ្លែងនៅក្នុងទីក្រុង New York ថា «ប្រទេសអ៊ីរ៉ង់មានជម្រើសជាច្រើនប្រសិនបើសហរដ្ឋអាមេរិកចាកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ​។ ក្រុងតេអេរ៉ង់ប្រឆាំងចំពោះការដកខ្លួនពីកិច្ចព្រមព្រៀងរបស់អាមេរិក វានឹងមានរឿងមិនល្អ» ។

អត្រា​ប្តូ​រ​ប្រាក់​បរទេស

លោក Rouhani បានថ្លែងថា រដ្ឋាភិបាលរបស់លោក មានបំណងទប់ស្កាត់អស្ថិរភាពនៅក្នុងទីផ្សារប្តូររូបិយប័ណ្ណ បន្ទាប់ពីការចាកចេញរបស់ក្រុងវ៉ាស៊ីនតោនពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ នៅពេលដែលធនាគារកណ្តាលនៅក្នុងខែនេះដាក់ការត្រួតពិនិត្យទៅលើទីផ្សារនោះ ។

លោក Rouhani បានថ្លែងយ៉ាងដូច្នេះថា «នេះគឺជាការបងា្ករប្រឆាំងនឹងការសម្រេចចិត្តណាមួយរបស់អាមេរិកនៅថ្ងៃទី១២ ខែឧសភា ។ ពួកគេសង្ឃឹមយ៉ាងខ្លាំងក្លាថា នឹងបង្កភាពវឹកវរនៅក្នុងទីផ្សាប្តូរប្រាក់បរទេសរបស់យើង ។ ខ្ញុំសូមសន្យាចំពោះប្រជាជនថា ផែនការសត្រូវរបស់យើងត្រូវបានរាំងស្ទះ, មិនថាកិច្ចព្រមព្រៀងនុយក្លេអ៊ែរនៅតែមានប្រសិទ្ធិភាព ឬក៏អត់នោះទេ យើងនឹងមិនមានបញ្ហាអ្វីឡើយ» ។

កាលពីថ្ងៃទី ៩ ខែមេសា អ៊ីរ៉ង់បានបង្រួបបង្រួម និងសម្រេចជាផ្លូវការរបស់ប្រទេសនេះបើកទីផ្សារអត្រាប្តូរប្រាក់ ហើយបានហាមឃាត់ការប្តូរប្រាក់នៅខាងក្រៅធនាគារ បន្ទាប់ពីរូបិយប័ណ្ណរបស់ខ្លួនបានធ្លាក់ចុះដល់កម្រិតទាបគ្រប់ពេល ដោយសារក្តីបារម្ភជុំវិញការវិលត្រឡប់នៃទណ្ឌកម្មយ៉ាងគំហុកនោះ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម

លោក Rouhani ដែលជាមេដឹកនាំគាំទ្រឲ្យមានការពង្រីកសេរីភាពសង្គមបានរិះគន់យ៉ាងខ្លាំងទៅលើគោលជំហរក្រុមប្រឆាំងដ៏រឹងរូស និងមានឥទ្ធិពលរបស់លោកដែលថាឲ្យបិទការចូលទៅកាន់ប្រព័ន្ធផ្សព្វផ្សាយសង្គម រួមទាំងការបិទមិនឲ្យចូលទៅកាន់កម្មវិធីផ្ញើសារដ៏ពេញនិយម Telegram ។

លោក Rouhani បានថ្លែងថា “អ្នកខ្លះមិនចូលចិត្តប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយមិនចូលចិត្តឲ្យមនុស្សទទួលបានព័ត៌មាន ហើយពួកគេនិយាយថា មនុស្សដេកលក់ស្រួល បើសិនជាពួកគេមិនដឹងព័ត៌មានគ្រប់គ្រាន់” ។

ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានផ្សាយនៅសប្តាហ៍នេះថា រដ្ឋាភិបាលត្រូវបានហាមឃាត់មិនឱ្យប្រើប្រាស់ ប្រព័ន្ធទំនាក់ទំនងសង្គម Telegram បន្ទាប់ពីការិយាល័យរបស់លោក Ayatollah Ali Khamenei មេដឹកនាំសាសនាជាន់ខ្ពស់បានអះអាងថា គណនីរបស់គាត់ នឹងបិទដើម្បីការពារសន្តិសុខជាតិ ។

កាលពីខែមករាប្រទេសអ៊ីរ៉ង់បានរារាំងក្រុមហ៊ុន Telegram ជាបណ្តោះអាសន្នដោយមានអ្នកប្រើប្រាស់ប្រមាណ៤០លាននាក់នៅក្នុងប្រទេសអ៊ីរ៉ង់ ខណៈដែលកងកម្លាំងសន្តិសុខបានព្យាយាមទប់ស្កាត់បាតុកម្មប្រឆាំងរដ្ឋាភិបាលនៅក្នុងទីក្រុងជាង ៨០ទីក្រុង ។

ពលរដ្ឋអ៊ីរ៉ង់ជាច្រើនបានបន្តប្រើប្រាស់ Telegram បន្ទាប់មកប្រើប្រាស់បណ្តាញឯកជនជានិម្មិត (VPNs) និងឧបករណ៍ដទៃទៀតឆ្លងកាត់ការតាមដានរបស់រដ្ឋាភិបាល ៕​ សុមេធ

 

 

Loading...