អ៊ី​រ៉​ង់​ត្រូវ​អញ្ជើញ​ឲ្យ​ចូលរួម​ពិភាក្សា​ស្តី​អំពី​បញ្ហា​សង្គ្រាម​ស៊ី​រី​ជា​លើក​ដំបូង​

​មន្ត្រី​អា​មេ​រិ​កបាន​ថ្លែង​ថា​ អ៊ី​រ៉​ង់​ត្រូវ​អញ្ជើញ​ឲ្យ​ចូលរួម​ពិភាក្សា​ជា​លក្ខណៈ​អន្តរជាតិ​ជាមួយ​សហរដ្ឋអាមេរិក​ និង​រុ​ស្ស៊ី​ទៅ​លើ​បញ្ហា​សង្គ្រាមស៊ីវិល​នៅ​ក្នុង​ប្រទេស​ស៊ី​រី​ ។​ អ្នកនាំពាក្យ​ក្រសួងការបរទេស​អា​មេ​រិ​ក​ លោក​ John​ Kirby​ បាន​ថ្លែង​ថា​ គេ​នៅ​មិន​ទាន់​ច្បាស់លាស់​នៅឡើយ​ថា​ តើ​មេដឹកនាំ​អ៊ី​រ៉​ង់​ចូលរួម​ពិភាក្សា​ដែរ​ឬ​យ៉ាងណា​ទេ​ ដែល​កិច្ចប្រជុំ​នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី​២៩​ ខែតុលា​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​ទីក្រុង​ Vienna​ ប្រទេស​អូ​ទ្រី​ស​នោះ​ ។​

​កិច្ច​ពិភាក្សា​នេះ​នឹង​មានការ​ចូលរួម​ពិភាក្សា​ពី​គណៈប្រតិភូ​ជាន់ខ្ពស់​មក​ពី​អា​មេ​រិ​ក​,​ រុ​ស្ស៊ី​,​ មក​ពី​អា​រ៉ាប់​ និង​មក​ពី​ប្រទេស​សហភាព​អឺរ៉ុប​ ។​

​ក្រុមប្រឆាំង​ស៊ី​រី​ដែល​ទទួល​បានការ​គាំទ្រ​ពី​លោក​ខាងលិច​ និង​ពី​ប្រទេស​សម្ពន្ធមិត្ត​អា​រ៉ាប់​តាម​ឈូង​សមុទ្រ​ពែ​ក្ស​នោះ​ ជា​យូរណាស់​មក​ហើយ​តែងតែ​ប្រឆាំង​ចំពោះ​តួនាទី​របស់​អ៊ី​រ៉​ង់​នៅ​ក្នុង​សង្គ្រាម​ស៊ី​រី​ ។​ អ្នកនាំពាក្យ​ក្រសួងការបរទេស​អា​មេ​រិ​ក​ លោក​ Kirby​ បាន​ថ្លែងប្រាប់​ប្រភព​ព័ត៌មាន​ថា​ តាម​ការ​គ្រោងទុក​ នៅ​ថ្ងៃ​ទី​២៩​ ខែតុលា​ អ៊ី​រ៉​ង់​នឹង​ត្រូវ​អញ្ជើញ​ឲ្យ​ចូលរួម​ពិភាក្សា​រក​ដំណោះស្រាយ​វិបត្តិ​ស៊ី​រី​ ដែល​ត្រូវធ្វើ​ឡើង​នៅ​ទីក្រុង​ Vienna​ ប្រទេស​អូ​ទ្រី​ស​ ។​

​លោក​បាន​បន្ត​ថា​ ការ​ទៅ​ចូលរួម​ ឬ​មិន​ទៅ​នោះ​គឺ​អាស្រ័យ​ទៅ​លើ​មេដឹកនាំ​អ៊ី​រ៉​ង់​ ។​ វា​មាន​សារសំខាន់​ចំពោះ​យើង​ផង​ដែរ​ដែល​ថា​ដៃគូ​សំខាន់​ត្រូវ​តែ​មាន​វត្តមាន​ក្នុង​កិច្ច​ពិភាក្សា​ទាំងនេះ​ ។​ ពួក​គេ​(​អ៊ី​រ៉​ង់​)​ជា​ដៃគូ​សំខាន់​ ហើយ​មិនមែន​ត្រឹមតែ​ពេល​នេះនោះ​ទេ​ ។​

​អ៊ី​រ៉​ង់​ជា​សម្ពន្ធមិត្ត​ជិត​ស្និទ្ធ​បំផុត​របស់​ប្រធានាធិបតី​ស៊ី​រី​បា​សា​ អាល់​អាសា​ដ​ ។​ គេ​មាន​ជំនឿ​ថា​ អ៊ី​រ៉​ង់​បាន​ចំណាយ​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​កាលពី​អំឡុង​៤​ឆ្នាំ​កន្លង​ទៅ​នេះ​ក្នុង​ការ​ពង្រឹង​ឥទ្ធិពល​អំណាច​របស់​រដ្ឋាភិបាល​ ដូច​ជា​ការ​ផ្តល់​ទីប្រឹក្សាយោធា​ អាវុធ​យុទ្ធ​ភ័​ណ្ធ​ និង​ប្រេងកាត់​ជាដើម​ ។​

​ជាមួយ​គ្នា​នេះ​ដែរ​ អ៊ី​រ៉​ង់​នៅ​ត្រូវ​គេ​មើលឃើញ​ថា​មាន​ឥទ្ធិពល​នៅ​ក្នុង​ការ​សម្រេចចិត្ត​របស់​ចលនា​ហេ​បូ​ឡាស៍​លី​បាណ​ន់​ ដែល​បញ្ជូន​ក្រុម​សកម្មប្រយុទ្ធ​ទៅ​ចូលរួម​ធ្វើសង្គ្រាម​ជាមួយ​កងទ័ព​របស់​រដ្ឋាភិបាល​អាល់​អាសា​ដ​ផង​ដែរ​ ។​

​រដ្ឋាភិបាល​អ៊ី​រ៉​ង់​មាន​ប្រាថ្នា​ចង់​ឲ្យ​វិបត្តិ​នៅ​ក្នុង​ប្រទេស​ស៊ី​រី​មាន​សន្តិភាព​ និង​បញ្ចប់​ទៅ​វិញ​ដោយ​សេរី​ ព្រមទាំង​រៀបចំ​ការ​បោះ​ឆ្នោត​ដែល​មានការ​ចូលរួម​ប្រកួតប្រជែង​ពី​ពហុភាគី​គណបក្ស​នយោបាយ​ ។​ ប៉ុន្តែ​អ៊ី​រ៉​ង​មិន​បាន​ចូលរួម​នៅ​ក្នុង​កិច្ច​ពិភាក្សា​ស្តី​អំពី​បញ្ហា​សន្តិភាព​ដែល​មានការ​ចូលរួម​ពី​ពហុភាគី​នោះ​ឡើយ​ ។​

​ប្រទេស​រុ​ស្ស៊ី​ក៏​បាន​លើក​ឡើង​ដែរ​ថា​ មាន​តែ​ដំណោះស្រាយ​នយោបាយ​មួយ​ប៉ុណ្ណោះ​ទើប​អាច​បញ្ចប់​ជម្លោះ​នៅ​ក្នុង​ប្រទេស​ស៊ី​រី​បាន​ ។​ កាលពី​ខែ​មុន​នេះ​ ប្រទេស​រុ​ស្ស៊ី​បាន​សម្រេចចិត្ត​ធ្វើ​យុទ្ធនាការ​វាយប្រហារ​ពីលើ​ដែនអាកាស​ជួយ​ដល់​កងកម្លាំង​រដ្ឋាភិបាល​អាល់​អាសា​ដ​ ។​ រុ​ស្ស៊ី​អះអាង​ថា​ គោលដៅ​របស់​ខ្លួន​ពិតប្រាកដ​គឺ​ទៅ​លើ​ក្រុម​ភេរវកម្ម​ ប៉ុន្តែ​ការ​វាយប្រហារ​ភាគច្រើន​បាន​ទៅ​ចំ​លើ​ទីតាំង​គ្រប់គ្រង​របស់​ក្រុមប្រឆាំង​ស៊ី​រី​ដែល​ទទួល​បានការ​គាំទ្រ​ពី​អា​មេ​រិ​ក​ និង​សម្ពន្ធមិត្ត​តាម​ឈូង​សមុទ្រ​ពែ​ក្យ​នោះ​ទៅ​វិញ​ ៕​

 

fre (3) fre (2) fre (1)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *