អ៊ី​ស្រា​អែ​ល​ព្រួយបារម្ភ​ បន្ទាប់​ពី​រុ​ស្ស៊ី​ដាក់​ពង្រាយ​យន្តហោះ​ចម្បាំង​២៨​គ្រឿង​នៅ​លើ​ទឹកដី​ស៊ី​រី​

​កាលពី​ថ្ងៃ​ទី​២១​ ខែកញ្ញា​ ឆ្នាំ​២០១៥​ មន្ត្រី​អា​មេ​រិ​កបាន​បញ្ជាក់​ថា​ ប្រទេស​រុ​ស្ស៊ី​បាន​ដាក់​ពង្រាយ​យន្តហោះ​ចម្បាំង​២៨​គ្រឿង​នៅ​ក្នុង​ទឹកដី​ស៊ី​រី​ ដែល​ជា​វត្ត​ថ្មី​បំផុត​របស់​កម្លាំងយោធា​រុ​ស្ស៊ី​នៅ​លើ​ប្រទេស​ដែល​កំពុង​ហែកហួរ​ដោយ​សង្គ្រាម​មួយ​នេះ​ ។​

​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ កាលពី​ស​ប្តា​ហ៍​កន្លង​ទៅ​ថ្មីៗ​នេះ​បាន​សម្តែង​ការ​ព្រួយបារម្ភ​ជា​ពន់ពេក​ទៅ​លើ​សកម្មភាព​របស់​ប្រទេស​រុ​ស្ស៊ី​នៅ​ក្នុង​ការ​គាំទ្រ​ដល់​ប្រធានាធិបតី​ស៊ី​រី​បា​សា​ អាល់​អាសា​ដ​ ហើយ​បាន​ព្រមាន​ថា​ ការ​គាំទ្រ​ដោយ​យោធា​ទៅ​ឲ្យ​របប​នេះ​ ក្រៅ​តែ​មិន​បាន​ធ្វើ​ឲ្យ​មាន​សន្តិភាព​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​ធ្វើ​ឲ្យ​គ្រោះថ្នាក់​កាន់តែ​ខ្លាំងក្លា​ជាង​ពេល​បច្ចុប្បន្ន​នេះ​ទៀត​ ។​

​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ មន្ត្រី​មួយ​រូប​បាន​បញ្ជាក់​ប្រាប់​ AFP​ ថា​ ក្រុម​អ្នកជំនាញ​មើលឃើញ​ថា​ សកម្មភាព​ហាក់ដូចជា​ត្រៀមលក្ខណៈ​ប្រតិបត្តិការ​ដោយ​យោធា​ ។​ យន្តហោះ​ចម្បាំង​ និង​យន្តហោះ​ទម្លាក់​គ្រាប់​២៨​គ្រឿង​ត្រូវ​ដាក់​ឲ្យ​ឈរជើង​នៅ​ក្នុង​បន្ទាយ​កងទ័ព​ជើង​អាកាស​មួយ​ ស្ថិត​នៅ​ក្នុង​ខេត្ត​ Latakia​ ភាគ​ខាងលិច​ប្រទេស​ស៊ី​រី​ ។​

​ប្រភព​មួយទៀត​ក៏​បាន​បញ្ជាក់​ដែរ​ថា​ ក្រៅពី​យន្តហោះ​ចម្បាំង​ និង​យន្តហោះ​ទម្លាក់​គ្រាប់បែក​ទាំង​២៨​គ្រឿង​ខាងលើ​ នៅ​មាន​ឧទ្ធម្ភាគចក្រ​ដឹក​ជញ្ជូន​ និង​ប្រយុទ្ធ​ប្រមាណ​២០​គ្រឿង​ទៀត​ស្ថិត​នៅ​ក្នុង​បន្ទាយ​នោះ​ផង​ដែរ​ ។​ ប្រភព​បញ្ជាក់​ថា​ រុ​ស្ស៊ី​ក៏​បាន​ប្រើប្រាស់​យន្តហោះ​គ្មាន​មនុស្ស​បើកបរ​ស្ថិត​នៅ​ក្នុង​ប្រទេស​ស៊ី​រី​ផង​ដែរ​ ប៉ុន្តែ​មិន​បាន​បញ្ចេញ​ព័ត៌មាន​លម្អិត​នោះ​ឡើយ​ ។​

​មន្ត្រី​បាន​លើក​ឡើង​ថា​ រុ​ស្ស៊ី​បាន​បញ្ជូន​យន្តហោះ​ចម្បាំង​ប្រភេទ​ SU-24​ ចំនួន​១២​គ្រឿង​,​ យន្តហោះ​ចម្បាំង​បាញ់​ចេញពី​ដី​ ប្រភេទ​ SU-25​ ចំនួន​១២​គ្រឿង​ និង​យន្តហោះ​ចម្បាំង​ប្រ​ទេ​ Flanker​ ចំនួន​៤​គ្រឿង​។​ អ្នកវិភាគ​បាន​លើក​ឡើង​ថា​ យន្តហោះ​ចម្បាំង​ទាំងនេះ​មិនមែន​ដើម្បី​តែ​សម្រាប់​ការពារ​បន្ទាយ​កងទ័ព​ជើង​អាកាស​ ឬ​ការពារ​ខេត្ត​ Latakia​ ទាំងមូល​នោះ​ទេ​ ដែល​ធាតុ​ពិត​ រុ​ស្ស៊ី​ទំនងជា​ពង្រីក​ការ​វាយប្រហារ​ទៅ​ខាងក្រៅ​តំបន់​ Latakia​ នោះ​ជាក់​ជា​មិន​ខាន​ ។​

​ទីក្រុង​មូ​ស្គូ​កំពុង​ស្ថិត​នៅ​ក្រោម​ការ​បញ្ចុះបញ្ចូល​ពី​សម្ពន្ធមិត្ត​លោក​ខាងលិច​ និង​មហាអំណាច​នៅ​ក្នុង​តំបន់​ដើម្បី​ឲ្យ​ចូលរួម​សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​ក្រុម​រដ្ឋ​អិ​ស្លា​ម​ដែល​កំពុង​ស្ថិត​នៅ​លើ​ទឹកដី​ស៊ី​រី​ ។​ មានការ​ ស្នើ​ឲ្យ​រុ​ស្ស៊ី​ចូលរួម​ជាមួយ​កងទ័ព​រដ្ឋាភិបាល​អាល់​អាសា​ដ​វាយប្រហារ​ប្រឆាំង​ទៅ​លើ​ក្រុម​ជី​ហា​ដ​និយម​នោះ​ ។​

​ពាក់ព័ន្ធ​បញ្ហា​នេះ​ផង​ដែរ​ធ្វើ​ឲ្យ​អ៊ី​ស្រា​អែ​ល​ដែល​ជា​ប្រទេស​មួយ​តែងតែ​ប្រឆាំង​អ៊ី​រ៉​ង់​ និង​ក្រុម​ហេ​ស​បូ​ឡាស៍​នៅ​ក្នុង​ទឹកដី​អ៊ី​រ៉​ង់​នោះ​បាន​សម្តែង​ការ​ព្រួយបារម្ភ​ចំពោះ​សកម្មភាព​របស់​រុ​ស្ស៊ី​នា​ពេល​នេះ​ ដោយ​ខ្លាច​ថា​ ស៊ី​រី​ និង​អ៊ី​រ៉​ង់​នឹង​រួមដៃគ្នា​ ប្រឆាំង​អ៊ី​ស្រា​អែ​ល​ ។​ នាយក​រដ្ឋមន្ត្រី​អ៊ី​ស្រា​អែ​ល​លោក​ បេន​ចា​មិន​ ណេ​តាន់​យ៉ា​ហ៊ូ​ (Benjamin​ Netanyahu)​ បាន​ជួប​ជជែក​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​រុ​ស្ស៊ី​លោក​ វ្ល៉ា​ឌី​មៀ​ ពូ​ទី​ន​ ជុំវិញ​វត្តមាន​ទាហាន​រុ​ស្ស៊ី​និង​ការ​បញ្ជូន​សព្វាវុធ​របស់​រុ​ស្ស៊ី​ទៅ​ទឹកដី​ជម្លោះ​ស៊ី​រី​ ។​ លោក​ ណេ​តាន់​យ៉ា​ហ៊ូ​ទំនងជា​បារម្ភ​ពី​បញ្ហា​នេះ​ ព្រោះ​ក្លាយ​ស៊ី​រី​និង​អ៊ី​រ៉​ង់​សាង​កម្លាំង​រួម​គ្នា​ប្រឆាំង​អ៊ី​ស្រា​អែ​ល​ថ្ងៃ​ណាមួយ​ ឬ​អាវុធ​រុ​ស្ស៊ី​អាច​ធ្លាក់​ក្នុង​ដៃ​ក្រុម​ហេ​ស្បូ​ឡា​ (Hezbollah)​ ។​

​បន្ទាប់​ពី​លេចលឺ​ព័ត៌មាន​ថា​ កងទ័ព​រុ​ស្ស៊ី​មាន​វត្ត​មាននៅ​ទឹកដី​ស៊ី​រី​ ហើយ​រុ​ស្ស៊ី​ក៏​បាន​បញ្ជូន​សព្វាវុធ​ច្រើន​ប្រភេទ​ទៅ​ឲ្យ​ទាហាន​អាសាស្ម័គ្រ​របស់​ប្រធានាធិបតី​ បា​សា​ អាល់​អាសា​ដ​ នាយក​រដ្ឋមន្ត្រី​អ៊ី​ស្រា​អែ​ល​ត្រហេបត្រហប​ស្កាត់​ជួប​ប្រ​ធា​ធិ​បតី​រុ​ស្ស៊ី​នៅ​រុ​ស្ស៊ី​ភ្លាមៗ​ ដោយ​មិន​បង្អង់​យូរ​ឡើយ​ ។​

​ប្រការ​នេះ​ មិនមែន​ជា​រឿង​ចម្លែក​នោះ​ឡើយ​ ព្រោះ​មេដឹកនាំ​អ៊ី​ស្រា​អែ​ល​នេះ​ភ័យ​ខ្លាច​នៅ​ពេល​ដែល​រុ​ស្ស៊ី​ប្រឹង​បង្កើន​អំណាច​យោធា​របស់​ខ្លួន​នៅ​ស៊ី​រី​និង​មជ្ឈិមបូព៌ា​។​ ម្យ៉ាងទៀត​ កាលណា​បើ​រុ​ស្ស៊ី​ចេញ​មុខ​ផ្តល់​សព្វាវុធ​និង​បញ្ជូន​ទ័ព​ទៅ​ជួយ​ច្បាំង​លោក​ អាសា​ដ​ វា​អាច​នឹង​ក្លាយជា​បញ្ហា​សម្រាប់​អ៊ី​ស្រា​អែ​ល​ទៅ​ថ្ងៃ​មុខ​ផង​។​ បើ​មិន​មក​ជួប​លោក​ ពូ​ទី​ន​ ដើម្បី​បកស្រាយ​និង​បង្ហាញ​ពី​ប​ង្វ​ល់​ទេ​ វា​អាច​ថា​បញ្ហា​ច្រើន​នឹង​កើតឡើង​នៅ​ពេល​ដែល​រដ្ឋាភិបាល​លោក​ អាសា​ដ​ឈ្នះ​ក្រុម​ឧទ្ទាម​គាំទ្រ​ដោយ​លោក​ខាងលិច​នោះ​ ។​

​ស្ថិត​នៅ​ក្នុង​ជំនួប​រវាង​មេដឹកនាំ​ទាំង​ពីរ​នៅ​រុ​ស្ស៊ី​ លោក​ ណេ​តាន់​យ៉ា​ហ៊ូ​ បាន​ថ្លែងប្រាប់​ពី​កង្វល់​របស់​ខ្លួន​ទៅ​ប្រធានាធិបតី​រុ​ស្ស៊ី​ ដោយ​បញ្ជាក់​ថា​ អាវុធ​រុ​ស្ស៊ី​បញ្ជូន​ទៅ​ឲ្យ​ទ័ព​ស៊ី​រី​នោះ​អាច​នឹង​ជួយ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ដា​ម៉ាស​រួម​ដៃ​ជាមួយ​រដ្ឋាភិបាល​អ៊ី​រ៉​ង់​ដើម្បី​បង្កើត​សង្គ្រាម​ប្រឆាំង​អ៊ី​ស្រា​អែ​ល​នៅ​ថ្ងៃ​មុខ​។​ ម្យ៉ាងទៀត​លោក​ក៏​បារម្ភ​ផង​ដែរ​ធ្លាក់​ចូល​ក្នុង​ដៃ​របស់​ក្រុម​ភេរវជន​លី​បង់​ ហេ​ស្បូ​ឡា​ ដែល​ជាស​ត្រូវ​របស់​អ៊ី​ស្រា​អែ​ល​ ។​

​នៅ​បន្ទាប់​ពី​ស្តាប់​ការ​ថ្លែងប្រាប់​របស់​នាយក​រដ្ឋមន្ត្រី​អ៊ី​ស្រា​អែ​ល​ លោក​ ពូ​ទី​ន​ បាន​ថ្លែងប្រាប់​ទៅ​វិញ​ថា​ សព្វាវុធ​ និង​កងទ័ព​រុ​ស្ស៊ី​ជួយ​ត្រឹម​ឲ្យ​ស៊ី​រី​អាច​ប្រយុទ្ធ​តទល់​ជាមួយ​ក្រុម​រដ្ឋ​ឥ​ស្លា​ម​ប៉ុណ្ណោះ​ ហើយ​លោកពូ​ទី​ន​បាន​ទាត់​ចោលការ​លើក​ឡើង​ថា​ ស៊ី​រី​ត្រៀម​បង្កើត​សង្គ្រាម​ថ្មី​ប្រឆាំង​អ៊ី​ស្រា​អែ​ល​។​ លោកពូ​ទី​ន​សង្កត់ធ្ងន់​ថា​ ស៊ី​រី​បច្ចុប្បន្ន​ប្រឹងប្រែង​ស្តារ​សន្តិសុខ​និង​សណ្តាប់ធ្នាប់​របស់​ខ្លួន​ប៉ុណ្ណោះ​ គ្មាន​ចេតនា​ធ្វើសង្គ្រាម​ជាមួយ​ប្រទេស​ដទៃ​ឡើយ​។​ លោក​ ណេ​តាន់​យ៉ា​ហ៊ូ​ បាន​បញ្ជាក់​បន្ថែម​ថា​ អ៊ី​ស្រា​អែ​ល​មិន​ដែរ​ចាត់​ទុក​វត្តមាន​កងទ័ព​រុ​ស្ស៊ី​នៅ​មជ្ឈិមបូព៌ា​ជា​ការ​គំរាមកំហែង​ឡើយ​។​ លោក​ចង់​បកស្រាយ​ឲ្យ​ភាគី​រុ​ស្ស៊ី​បាន​យល់​ពី​បញ្ហា​អ៊ី​ស្រា​អែ​ល​ ដើម្បី​ចៀសវាង​ការ​យល់​ច្រឡំ​ និង​អាច​ប៉ះទង្គិច​គ្នា​រវាង​កងទ័ព​រុ​ស្ស៊ី​និង​អ៊ី​ស្រា​អែ​ល​ ៕

Putin-Netanyahu-e1340650422683

Loading...

Leave a Reply

Your email address will not be published. Required fields are marked *