អ្នកកាសែតរ៉យទ័រ២នាក់បាត់ខ្លួននៅមីយ៉ាន់ម៉ា

អ្នកកាសែតរ៉យទ័រ២រូបបានបាត់ខ្លួននៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលការបាត់ខ្លួននេះ​ត្រូវប្រព័ន្ធផ្សព្វផ្សាយថា ពួកគេត្រូវប៉ូលិសចាប់ឃុំខ្លួន ។

ទីភ្នាក់ងារព័ត៌មានអន្តរជាតិបានប្រាប់ប្រភពប៊ីប៊ីស៊ីថា បានដាក់ពាក្យប្តឹងករណីបាត់ខ្លួនអ្នកកាសែតនេះហើយ និងថា ខ្លួននឹងធ្វើគ្រប់យ៉ាងដើម្បីរកពួកគេឲ្យឃើញ​។

អ្នកកាសែតទាំង២រូបនេះត្រូវបានស្គាល់ឈ្មោះ Wa Lone និងឈ្មោះ Kyaw Soe Ou។ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់រាយការណ៍ថា អ្នកកាសែតទាំង២នាក់ត្រូវឃុំខ្លួននៅជិតទីក្រុងយ៉ង់ហ្គនកាលពីរសៀលថ្ងៃអង្គារ។

មីយ៉ាន់ម៉ាត្រូវគេមើលឃើញថា បានបង្កើនសកម្មភាពទប់ស្កាត់សេរីភាពនៃការបញ្ចេញមតិ។ ជាពិសេសទាក់ទិងមន្ត្រីយោធាដែលមានអំណាច។

ទីភ្នាក់ងារព័ត៌មាន The Irrawaddy រាយការណ៍ថា ពួកគេត្រូវបានឃុំខ្លួនតាមច្បាប់ស្តីពីការសម្ងាត់របស់មន្ត្រី។ ប្រសិនបើរកឃើញទោសកំហុសមែននោះ អាចប្រឈមការជាប់ពន្ធនាគារ១៤ឆ្នាំ។

ជម្លោះបានកើតឡើងនៅក្នុងរដ្ឋរ៉ាឃីនជាយូរខែមកហើយ ដោយកងទ័ពរដ្ឋាភិបាលក្នុងប្រទេសដែលមានអ្នកកាន់ពុទ្ធសាសនាច្រើនបំផុតមួយនេះត្រូវចោទប្រកាន់ថាបានធ្វើទុក្ខបុកម្នេញទៅលើជនជាតិភាគតិចរ៉ូហ៊ីនយ៉ា។

អំពើហិង្សាបានផ្ទុះឡើងកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ ពេលដែលក្រុមឧទ្ទាមរ៉ូហ៊ីនយ៉ាវាយប្រហារទៅលើប៉ុស្តិ៍ប៉ូលិសក្នុងរដ្ឋរ៉ាឃីនបណ្តាលឲ្យមន្ត្រីសន្តិសុខ១២នាក់។

តាំងពីពេលនោះមក ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាជាងកន្លះលាននាក់បានភៀសខ្លួនទៅកាន់ប្រទេសជិតប៉ង់ក្លាដែស ដែលមូលហេតុនេះហើយ មីយ៉ាន់ម៉ាបានទទួលរងការរិះគន់ពីសហគមន៍អន្តរជាតិយ៉ាងខ្លាំងក្លាទៅលើវិធានការបង្ក្រាបដ៏ឃោរឃៅនោះ។

អ្នកកាសែតដែលចូលទៅកាន់ទីតាំងខាងលើនេះត្រូវបានត្រួតពិនិត្យយ៉ាងតឹងរ៉ឹងបំផុតពីសំណាក់កងកម្លាំងយោធា។

កាលពីវិច្ឆិកា អ្នកកាសែតបរទេស២នាក់ត្រូវចាប់ខ្លួន ខណៈកាសែតក្នុងស្រុកបានបរិយាយថា «បរិយាកាសគួរឲ្យខ្លាច»​កំពុងវិលត្រឡប់ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យរបស់ប្រទេសនេះ៕

Loading...