អ្នកកាសែត០៦នាក់ត្រូវនគរបាលឃាត់ខ្លួនក្រោយពីចុះផ្តិតយករូបភាពបទល្មើសព្រៃឈើ

ខេត្តរតនគិរី៖ អ្នកកាសែត០៦នាក់ត្រូវនគរបាលឃាត់ខ្លួននៅប៉ុស្តិ៍រដ្ឋបាលនគរបាលលំជ័រ ក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី កាលពីវេលាម៉ោង១២និង៤៩នាទីរំលងអាធ្រាត ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ នេះ បន្ទាប់ពីក្រុមអ្នកកាសែតបានថតរូបភាពគោយន្តដឹកបទល្មើលសព្រៃឈើចូលផ្ទះមួយកន្លែងដែលគេដឹងថាជាផ្ទះរបស់មន្ត្រីកងរាជអាវុធហត្ថ។

នៅពេលអ្នកកាសែតបានស្ថិតក្នុងប៉ុស្តិ៍រដ្ឋបាលនគរបាលនោះគឺត្រូវគេសួររកអត្តសញ្ញាប័ណ្ណ លិខិតអត្តសញ្ញាណ លិខិតបេសកម្មរបស់អភិបាលខេត្តជាដើម បើទោះបីជាអ្នកកាសែតថាការស្នើរសុំខ្លះមិនត្រឹមត្រូវក៏ដោយ។ អ្នកកាសែតដែលអង្គុយនៅក្នុងប៉ុស្តិ៍ត្រូវនគរបាលថតរូបរបៀបដូចជនល្មើសដូច្នោះដែរ។

នគរបាលប៉ុស្តិ៍ឃុំលំជ័រ ដែលហៅអ្នកកាសែតទៅនោះបានបញ្ជាអោយអ្នកកាសែតត្រូវជ្រើសយកជម្រើសចំនួន២ គឺជម្រើសទី១អ្នកកាសែតត្រូវចូលទៅដេកនៅក្នុងឡាន ដោយនគរបាលតម្រូវដកសោរឡានយកទៅរក្សាទុក គឺមិនអនុញ្ញាអោយអ្នកកាសែតបើកបរនៅតាមដងផ្លូវជាតិនោះទេ។ ជម្រើសទី២គឺបានបញ្ជាអោយអ្នកកាសែតទាំង៦នាក់ ត្រឡប់រថយន្តទៅក្រោយជាបន្ទាន់ ធ្វើយ៉ាងណាត្រូវចេញអោយផុតពីទឹកដីរដ្ឋបាលស្រុកអូរយ៉ាដាវជាដាច់ខាត។ ពួកគេបានបន្ទោសអ្នកកាសែតថា សកម្មភាពរបស់អ្នកកាសែតដាច់ខាតត្រូវជូនដំណឹងមកនគរបាលជាមុន បើទោះបីចង់ធ្វើសកម្មភាពអ្វីក៏ដោយចុះ។ មន្ត្រីនគរបាលប៉ុស្តិ៍លំជ័រដែលកំពុងធ្វើកំណត់ហេតុជាមួយអ្នកកាសែតនោះបាននិយាយថាការងារនេះគឺពួកគាត់បានធ្វើតាមបញ្ជារបស់មេរបស់ពួកគាត់ទេ។ មន្ត្រីនគរបាលនោះនិយាយថា ទឹកដីរដ្ឋបាលរបស់លោក លោកជាអ្នកគ្រប់គ្រងដូច្នេះអ្នកកាសែតចង់ធ្វើសកម្មភាពអ្វីមួយត្រូវតែជូនដំណឹងមកនគរបាលលោកជាដាក់ខាត។
អ្នកកាសែតទាំង៦នាក់នោះត្រូវនគរបាលប៉ុស្តិ៍លំជ័របណ្តេញចេញអោយផុតពីស្រុកអូរយ៉ាដាវ នៅម៉ោងប្រមាណជាង២រំលងអាធ្រាតយប់ដដែលនោះ ប្រសិនបើឃើញរថយន្តបើកបរក្នុងទឹកដីដដែលលោកនឹងទូរស័ព្ទទំនាក់ទំនងទៅថ្នាក់លើបន្ថែមទៀត។
អ្នកកាសែតទាំង៦នាក់បានត្រឡប់មកទីរួមខេត្តវិញទាំងក្តីសង្ស័យជាច្រើនទាក់ទិនទៅនឹងបទល្មើសផ្សេងៗដែលអាចនឹងកើតមាននៅក្នុងរាត្រីនោះ។ ពីព្រោះថានៅមុននេះបន្តិចមានប្រជាពលរដ្ឋរាយការណ៍ថា មានរថយន្តមិនក្រោយពី៣០គ្រឿងទេក្នុង១យប់ៗដែលបានដឹកបទល្មើសព្រៃឈើគួរអោយព្រឺសម្បុរ ចេញពីភូមិគង ឆ្ពោះមកតាមផ្លូវខាងក្រោយប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំលំជ័រនេះ។ ជាក់ស្តែងដូចនៅក្នុងពេលកំពុងកើតហេតុគោយន្តកែច្នៃមួយគ្រឿងបានដឹកបទល្មើសព្រៃឈើតាមផ្លូវដូចដែលមានសេចក្តីរាយការណ៍នោះពិតប្រាកដមែនហើយឈើនោះត្រូវបានដឹកចូលទៅផ្ទះមន្ត្រីកងរាជអាវុធហត្ថដែលមានឈ្មោះគឹម ហួរ នៅក្នុងស្រុកអូរយ៉ាដាវនោះ។ ប៉ុន្តែនៅវេលាម៉ោង៥និង៣០នាទីព្រឹកមិញនេះសេចក្តីរាយការណ៍បានបញ្ជាក់ថាគោយន្តដឹកឈើនៅក្នុងផ្ទះមន្ត្រីប៉េអឹមឈ្មោះគឹម ហួរ នោះបានត្រូវគេជំលៀសបាត់ហើយ។
អភិបាលស្រុកអូរយ៉ាដាវលោកម៉ា វិចិត្រ នៅព្រឹកថ្ងៃទី២៩ មេសានេះ បានទូរស័ព្ទមកអ្នកកាសែតថារឿងនេះលោកមិនបានបញ្ជាអោយធ្វើដូច្នេះទេ។ កន្លងមកនៅក្នុងកិច្ចប្រជុំគណបញ្ជាការឯកភាពស្រុកគឺមិនអនុញ្ញាតអោយមានបទល្មើសព្រៃឈើចរាចរទេ នរណាហ៊ានអនុញ្ញាតអ្នកនោះជាអ្នកទទួលខុសត្រូវ។

ចំណែលោកគឹម ហួរ មន្ត្រីប៉េអឹម ក្រោយគោយន្តដឹកឈើចូលទៅក្នុងផ្ទះរបស់លោក អ្នកកកាសែតបានព្យាយាមទូរស័ព្ទសាក់សួរ ប៉ុន្តែលោកមិនលើកទូរស័ព្ទឆ្លើយតបទេ ៕

Loading...