អ្នកជំងឺកូវីដ-១៩ទូទាំងពិភពលោក​កើនជាង៣៩លាននាក់

អ្នកជំងឺកូវីដ-១៩ទូទាំងពិភពលោក គិតរហូតមកដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ បានឆ្លងសរុប​ ៣៩ ៩៩៦ ១១៨ នាក់ ។ អ្នកជំងឺសរុប ១ ១១៣ ៧១៤នាក់បានស្លាប់ ។

យោងតាមការផ្សាយរបស់ប្រភព Sputniknews ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ឲ្យដឹងថា ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ-១៩សរុប​ទាំង៣៩ ៩៩៦១១៨ នាក់, អ្នកជំងឺ ២៧ ៥០៧​០៥៨ នាក់បានជាសះស្បើយវិញផងដែរ ។

គួរបញ្ជាក់ថា ជំងឺវីរុសកូរ៉ូណា ឬកូវីដ​-១៩​ ផ្ទុះឡើងដំបូង​ក្នុងខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន ។ ជំងឺនេះបានឆ្លងរាតត្បាត​ប្រទេសជុំវិញពិភពលោកសរុប​១៨៩ ។ ជំងឺកូវីដ-១៩នេះ នៅមិនទាន់មានថ្នាំព្យាបាល ឬវ៉ាក់សាំងការពារជាក់លាក់នៅឡើយទេ ។

អ្នកជំនាញ​វេជ្ជសាស្ត្របានបញ្ជាក់ថា វីរុសកូរ៉ូណា ឬកូវីដ​-១៩​នេះត្រូវបានចម្លងតាមរយៈ​ការប៉ះពាល់ផ្ទាល់ទៅនឹងដំណក់ទឹកតូចៗដែលចេញពីប្រព័ន្ធផ្លូវដង្ហើមរបស់អ្នកដែលបានឆ្លងវីរុស (តាមរយៈការក្អក និងកណ្តាស់) និងការប៉ះទៅលើផ្ទៃនានាមានវីរុស។ វីរុស COVID-19 អាចរស់នៅផ្ទៃខាងក្រៅបានជាច្រើនម៉ោង ប៉ុន្តែថ្នាំសម្លាប់វីរុសទូទៅអាចប្រើដើម្បីសម្លាប់វាបាន។​

រោគសញ្ញាជំងឺនេះអាចជាគ្រុនក្តៅ ក្អក និងថប់ដង្ហើម។ ក្នុងករណីធ្ងន់ធ្ងរជាងនេះ ការឆ្លងវីរុសនេះអាចបណ្តាលឱ្យកើតជំងឺរលាកសួត ឬពិបាកដកដង្ហើម។ កាន់តែកម្រ ជំងឺនេះអាចបណ្តាលឱ្យស្លាប់បាន។

វាជាការសំខាន់ដែលត្រូវចងចាំថា វិធានការការពារសំខាន់ៗគឺមានលក្ខណៈដូចគ្នាដូចជាលាងដៃឱ្យបានញឹកញាប់ និងរក្សាអនាម័យផ្លូវដង្ហើម (ខ្ទប់មាត់នៅពេលក្អក ឬកណ្តាស់ ដោយប្រើកែងដៃ ឬក្រដាសជូតមាត់ និងបន្ទាប់មកបោះចោលក្រដាសជូតមាត់ក្នុងធុងសំរាមបិទជិត) ៕


Loading...