អ្នកដំណើរ៣នាក់លើយន្តហោះ Air India រងរបួស ខណៈផ្ទាំងកញ្ចក់បង្អួចយន្តហោះធ្លាក់ត្រូវ

ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាបានរាយការណ៍កាលពីថ្ងៃចន្ទថា ផ្ទាំងកញ្ចក់បង្អួចបានធ្លាក់ចុះ ហើយអ្នកដំណើរបីនាក់បានរងរបួស បន្ទាប់ពីយន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍ Air India បានជួបនូវភាពចលាចលខ្លាំងមួយ ។

សារព័ត៌មាន The Times of India បានរាយការណ៍ថា ជើងហោះហើរ AI 462 បានហោះចេញពីអាកាសយានដ្ឋាន អារ៉ីស្តារ (Amritsar) ទៅកាន់ទីក្រុង ញូវដេលី កាលពីថ្ងៃព្រហស្បតិ៍ នៅពេលយន្តហោះ Boeing 787 Dreamliner បានជួបនឹងភាពចលាចលពី១០ទៅ១៥នាទី ពេលដែលហោះនេះឡើងដល់កម្ពស់ពី៨.០០០ទៅ២១.០០០ ហ្វីត ។

របាយការណ៍នោះបាននិយាយថា ភាពចលាចលបានបណ្តាលឱ្យផ្ទាំងកញ្ចក់បង្អួចខាងក្នុងយន្តហោះ ជិតកៅអីលេខ 18-A ធ្លាក់ចុះមក ប៉ុន្តែមិនមានការបំផ្លាញសម្ពាធក្នុងយន្តហោះនោះទេ ខណៈដែលបង្អួចខាងក្រៅវាមិនខូច។

អ្នកដំណើរម្នាក់ដែលប្រហែលជាមិនមានពាក់ខ្សែក្រវ៉ាត់កជើងជាប់ខ្លួននោះបានបុក និងរងរបួសនៅត្រង់ក្បាលរបស់គាត់នៅលើយន្តហោះ ខណៈដែលអ្នកដំណើរពីរនាក់ផ្សេងទៀតរងរបួសស្រាល ។

ពួកគេត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ពីយន្តហោះបានចុះចតនៅក្រុងញ៉ូដេលី ។

វីដេអូមួយនៅលើបណ្តាញសង្គម Twitter បង្ហាញថា មានអ្នកនៅក្នុងយន្តហោះនេះព្យាយាមដាក់កញ្ចក់បង្អួចនោះត្រឡប់ដូចដើមវិញ នៅចំពោះមុខអ្នកដំណើរដែលកំពុងភ័យខ្លាច។

ម៉ាស់អុកស៊ីហ្សែនមួយចំនួនត្រូវបានគេដាក់ពង្រាយផងដែរក្នុងអំឡុងពេលឧប្បត្តិហេតុនេះ ។

កាសែត Times of India បានស្រង់សម្តីមន្ត្រីអាកាសចរណ៍ជាន់ខ្ពស់របស់ឥណ្ឌា Air India និងអគ្គនាយកនៃអាកាសចរណ៍ស៊ីវិល (DGCA) ថ្លែងថា «នេះជាភាពចលាចលកម្រិតខ្ពស់យ៉ាងចម្លែកមួយ ហើយដែលកំពុងត្រូវបានស៊ើបអង្កេត»។

ឧប្បត្តិហេតុកាលពីថ្ងៃព្រហស្បតិ៍គឺស្រដៀងគ្នាទៅនឹងជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី កាលពីខែតុលា ឆ្នាំ២០១៤នៅពេលយន្តហោះ Airbus A380 ចុះចតនៅទីក្រុងបុមបៃ បានជួបប្រទះនឹងភាពចលាចលភ្លាមៗក្នុងអំឡុងពេលចុះចតធ្វើឱ្យអ្នកដំណើរ២២នាក់រងរបួស ។

គ្រាន់តែពីរថ្ងៃមុនហេតុការណ៍របស់ក្រុមហ៊ុន Air India, យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Southwest Airlines ដឹកមនុស្ស១៤៩ នាក់បានផ្ទុះនិងបែកម៉ាស៊ីននៅពាក់កណ្តាលផ្ទៃអាកាស បណ្តាលឲ្យស្លាប់អ្នកដំណើរម្នាក់ ដោយសារនាងត្រូវបានខ្យល់ស្រូបចេញតាមបង្អួច ៕

Loading...