អ្នកតំណាងរាស្ត្រមណ្ឌលរតនគិរី បានព្រលែងសត្វអណ្តើកពីរក្បាលធំៗ ទៅក្នុងផ្ទៃទឹកបឹងធម្មជាតិ ដើម្បីបួងសួងសុំសេចក្តីសុខក្សេម្តក្សាន្ត ដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋ នៅក្នុងខេត្តភាគឥសាន្តកម្ពុជា!

ខេត្តរតនគិរី ៖ អ្នកតំណាងរាស្រ្តមណ្ឌលរតនគិរី លោកព្រឹទ្ធាចារ្យ ប៊ូ ឡាំ បានដឹកនាំមន្ត្រីរាជការជុំវិញ ខេត្ត ព្រមទាំងប្រជាពលរដ្ឋ ធ្វើពិធីព្រលែងសត្វអណ្តើកពីរក្បាលធំៗ ទៅក្នុងបឹងកន្សែង ដែលជាបឹងធម្មជាតិ ស្ថិតនៅក្នុងសង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី កាលពីម៉ោងជាង៣រសៀល ថ្ងៃទី១២សីហា ឆ្នាំ២០២០។
អ្នកតំណាងរាស្រ្តមណ្ឌលរតនគិរី លោកព្រឹទ្ធាចារ្យ ប៊ូ ឡាំ បានមានប្រសាសន៍ថា ការព្រលែងសត្វ អណ្តើកនៅក្នុងពេលនេះ គឺមានគោលបំណង បួងសួងសុំសេចក្តីសុខចម្រើន ដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្តរតនគិរី ក៏ដូចជាប្រជាពលរដ្ឋ នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងសុំឲ្យម្ចាស់ទឹកម្ចាស់ដី លោក តាបឹងកន្សែង តាមជួយតាមបីបាច់ថែរក្សា ការពារប្រជាពលរដ្ឋខ្មែរទាំងអស់ ឲ្យមានសេចក្តីសុខ ជៀសឆ្ងាយពីជំងឺដ៏កាចសាហាវកូវីដ-១៩ ដែលពិភពលោក ក៏ដូចជា កម្ពុជា កំពុងតែជួបប្រឈមមួយរយៈ ពេលមកនេះ។

លោកព្រឹទ្ធាចារ្យ ប៊ូ ឡាំ បានមានប្រសាសន៍ទៀតថា បើយើងគិតទៅតាមជំនឿសាសនា នោះវិញ ការព្រលែងសត្វអណ្តើក គឺជាការជួយរំដោះទុក្ខទោស វេរាកម្មពៀរ និងគ្រោះកាចភិតភ័យនានា ផងដែរ និងការព្រលែងសត្វព្រៃ ក៏ជាការចូលរួមចំណែក ក្នុងការថែរក្សា ការពារ និងអភិរក្សសត្វព្រៃ ដែលជាសម្បត្តិ ដ៏មានតម្លៃ សម្រាប់កូនចៅជំនាន់ក្រោយ ផងទៀត។

គួរបញ្ជាក់ថា សត្វអណ្ដើកទាំងពីរក្បាលនេះ លោកព្រឹទ្ធាចារ្យ ប៊ូ ឡាំ បានទទួលពីប្រជាពលរដ្ឋ និងលោកព្រឹទ្ធាចារ្យ ក៏បាននាំយកមកព្រលែង នៅក្នុងផ្ទៃទឹកបឹងធម្មជាតិ ដើម្បីរួមចំណែកអភិរក្សសត្វព្រៃ និងបួងសួងសុំសេចក្តីសុខក្សេមក្សាន្ត ដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋនៅក្នុងខេត្តរតនគិរី ភាគឥសាន្ត កម្ពុជា។ សត្វអណ្តើកទាំងពីរក្បាលនោះ មួយក្បាលជាប្រភេទសត្វអណ្តើកសកល និងមួយក្បាលទៀត ជាប្រភេទសត្វអណ្តើកក្អែក ដែលមានទម្ងន់៥គីឡូក្រាម១ខាំ និង១០គីឡូក្រាម១ខាំ។

លោកព្រឹទ្ធាចារ្យ ប៊ូ ឡាំ បានមានប្រសាសន៍ ណែនាំដល់ប្រជាពលរដ្ឋ ឲ្យចូលរួមក្នុងការអនុវត្ត តាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចប្រសាសន៍ណែនាំរបស់ ប្រមុខដឹកនាំរាជរដ្ឋាភិបាល ត្រូវបង្កើនការអនាម័យឲ្យបានខ្ពស់ជានិច្ច ដើម្បីបញ្ចៀសបាន នូវរាល់ហានិភ័យផ្សេងៗ ដែលបណ្តាលមកពី មេរោគកូរ៉ូណាវីរុស កូវីដ-១៩ ដែលកំពុងតែរីករាលដាលជាសកល នៅលើពិភពលោក និងកម្ពុជា ក៏កំពុងប្រ ឈមនឹងវិបត្តិជំងឺកូវីដ១៩ នេះផងដែរ។ ប៉ុន្តែ កម្ពុជា គ្មានពលរដ្ឋណាម្នាក់ ដែលរងការបាត់បង់ជីវិត ពីការឆ្លងជំងឺកូវីដ១៩ នោះឡើយ ៕

Loading...