អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង បានណែនាំប្រជាពលរដ្ឋ អោយបន្តចូលរួមបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងជំហ៊ានទី២ ជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយះការលើកកម្ពស់អនាម័យ អោយបានល្អប្រសើរ !

ខេត្តសត្ទឹងត្រែង៖ ប្រសាសន៍ណែនាំរបស់អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង លោក ឡូយ សុផាត បានធ្វើក្នុងគ្រាដែលលោក បានអញ្ជើញចុះជួបសួរសុខទុក្ខ សំណេះសំណាល និងផ្សព្វផ្សាយ ពីវិធានការបង្ការ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋមកពី៤សង្កាត់ នៅក្នុងក្រុងស្ទឹងត្រែង។

ពិធីនេះបានធ្វើឡើងនៅក្នុងបរិវេណ សាលាបឋមសិក្សាបាចុង ស្ថិតនៅក្នុងភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង កាលពីថ្ងៃអាទិត្យ ទី៣ឧសភាឆ្នាំ២០២០ ដែលមានការអញ្ជើញចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អភិបាលក្រុងស្ទឹងត្រែង លោក សាយ កុសល មេភូមិ មេឃុំ ចៅសង្កាត់ និងប្រជាពលរដ្ឋប្រមាណជិត ១០០នាក់។

អភិបាលក្រុងស្ទឹងត្រែង លោក សាយ កុសល បានថ្លែងថា រដ្ឋបាលក្រុងស្ទឹងត្រែង បានរៀបចំក្រុមការងារ ចុះសហការជាមួយសង្កាត់ទាំង៤ គឺ សង្កាត់ស្ទឹងត្រែង សង្កាត់ស្រះឬស្សី សង្កាត់ព្រះបាទ និងសង្កាត់សាមគ្គី ដោយមានការទទួលខុសត្រូវពីអភិបាលរងក្រុង និងចៅសង្កាត់ទាំង៤ ដើម្បីចូលរួមក្នុងការធ្វើយុទ្ធនាការផ្សព្វផ្សាយ អំពី វិធានការបង្ការ ទប់ស្កាត់ការរាតត្បាត នៃជំងឺកូវីដ១៩។ លោកអភិបាលក្រុង បានបន្តថា រដ្ឋបាលខេត្តស្ទឹងត្រែង បានណែនាំដល់សាលាក្រុង និងក្រុមការងាររដ្ឋបាលក្រុងស្ទឹងត្រែង បានចុះណែនាំដល់អាជីវករ ដែលបើកអាជីវកម្មខារ៉ាអូខេ ១៤កន្លែង អោយផ្អាកជាបណ្តោះអាសន្ន ផ្ទះសំណាក់ សណ្ឋាគារក្នុងក្រុង ៣៨កន្លែង និងហាងម៉ាស្សា ៨កន្លែង ត្រូវមានឧបករណ៍បាញ់កំដៅ អាល់កុល និងជែល សម្រាប់ប្រើប្រាស់ ដើម្បីការពារការរីករាលដាលជំងឺកូវីដ១៩។ លោ សាយ កុសល បានបញ្ជាក់ថា ចំពោះពលករខ្មែរ ដែលមកពីតាមបណ្តារប្រទេសនានា និងពលករ ពលការនី សិស្ស និស្សិត មកពីបណ្តារខេត្ត រាជធានី មានចំនួនសរុប ៦០នាក់ ស្រី៣នាក់ និងពលករ កម្មករ កម្មការនីទាំងអស់ បានចូលរួមពិនិត្យសុខភាព ជាលទ្ធផល គឺអវិជ្ជមានទាំងអស់។ ហើយរហូតមកទល់នឹងពេលនេះ រដ្ឋបាលក្រុង ក៏នៅតែបន្តចុះធ្វើយុទ្ធនាការផ្សព្វផ្សាយ ពីវិធានការបង្ការ ទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ ជាបន្តទៀតផងដែរ។

អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង លោក ឡូយ សុផាត បានមានប្រសាសន៍ថា អ្នកឆ្លងជំងឺកូវីដ១៩ នៅលើពិភពលោក មានចំនួនជាង ៣លាននាក់ ក្នុងនោះសហរដ្ឋអាមេរិក ១លាននាក់ ហើយមានអ្នកស្លាប់រហូតដល់ទៅ៦ម៉ឺននាក់។ ចំណែក ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ១២២នាក់ និងមានអ្នកជាសះស្បើយ១២០នាក់ គឺនៅសល់២នាក់ទៀតប៉ុណ្ណោះ ដែលកំពុងសម្រាកព្យាបាល។ អ្នកតំណាងរាស្ត្រ មានប្រសាសន៍ទៀតថា ជំងឺកូវីដ១៩ បានបំផ្លាញពិភពលោកយ៉ាងធ្ងន់ធ្ងរ ហើយគ្មាននរណាមួយ អាចគណនាពីការខាតបង់បានទេ ព្រោះរោងចក្រត្រូវបានបិទទ្វាជាច្រើន ផ្លូវគមនាគមន៍ជើងហោះហើរតាមផ្លូវអាកាស ត្រូវបានបិទការហោះហើយចេញចូលក្នុងប្រទេសនីមួយៗ ទេសចរក៏លែងចូល សណ្ឋាគារ ផ្ទះសំណាក់ ត្រូវបានបិទទ្វា ទាំងអស់នេះហើយជាមូលហេតុ ដែលធ្វើអោយខាតបង់ ផលប្រយោជន៍សេដ្ឋកិច្ចជាតិ និងគ្រួសារ ខាតបង់ទាំងការផលិត និងការធ្វើសេវាកម្មផ្សេងៗទៀត ផងដែរ។ លោកបានបន្តថា បើនិយាយពីការខាតបង់ ប្រទេសអាមេរិក រហូតមកដល់ពេលនេះ មនុស្សដែលអត់ការងារធ្វើ មានដល់ទៅ ២៦លាននាក់ ស្មើនឹងប្រទេសកម្ពុជា ៣ដង។ លោកថា ឥឡូវនេះប្រទេសកម្ពុជា សម្រេចបានជោគជ័យជំហ៊ានទី១ នៃការបង្ការ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩ ហើយរាជរដ្ឋាភិបាលកម្ពុជា នៅមានការព្រួយបារម្ភពីការវិលត្រឡប់ នៃជំងឺកូរ៉ូណាវីរុស COVID-19 ជាលើកទី២ឡើងវិញ។ អ្នកតំណាងរាស្ត្រ បានបន្តថា មិនចំពោះតែកម្ពុជានោះទេដែលព្រួយបារម្ភ សូម្បីតែពិភពលោកទាំងមូល ក៏កំពុងតែភ័យខ្លាចដូចគ្នា។ ដូច្នេះ ជំហ៊ានទី១ កម្ពុជាបង្ការ ទប់ស្កាត់បានហើយ តែយើងត្រូវបន្តរួមគ្នាទប់ស្កាត់ ការវិលត្រឡប់ជាលើកទី២ នៃជំងឺកូវីដ១៩ ទាំងអស់គ្នា។ លោកថា នៅគ្រាបច្ចុប្បន្ន កម្ពុជា មានកម្មករដែលធ្វើសេវាកម្មទេសចរជិត ៥ម៉ឺននាក់ បានវិលត្រឡប់មកផ្ទះវិញ រោងចក្រកាត់ដេរជាង១៣០ ត្រូវព្យួរការងារ ហើយរាជរដ្ឋាភិបាល បានជួយបើកប្រាក់ខែអោយកម្មករ ដើម្បីផ្គត់ផ្គង់ជីវភាព។ អ្នកតំណាងរាស្ត្របានអំពាវនាវ ដល់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន បន្តត្រៀមទប់ទល់ការវិលត្រឡប់ ជំងឺកូវីដ១៩លើកទី២ ត្រូវស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ត្រូវពាក់ម៉ាស លាងដៃជាមួយសាប៊ូ អាល់កុល និងជែល ត្រូវសម្អាតកន្លែងរស់នៅ លំនៅដ្ឋាន និងកន្លែងបំពេញការងារ អោយបានស្អាតជាប្រចាំ។ លោកថា ជំងឺកូវីដ បានធ្វើអោយមនុស្សនៅលើពិភពលោក ជិត៣០០លាននាក់ កំពុងប្រឈមនឹងការខ្វះស្បៀង។ អ្នកតំណាងរាស្ត្របានជម្រុញ អាជ្ញាធមូលដ្ឋាន បន្តចុះផ្សព្វផ្សាយពីវិធានការ ការបង្ការទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន អោយមានការយល់ដឹងគ្រប់ៗគ្នា ត្រូវគោរព និងអនុវត្តអនុសាសន៍រាជរដ្ឋាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

បន្ទាប់មក អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង លោក ឡូយ សុផាត បានអញ្ជើញចុះពិនិត្យស្ថានភាពរស់នៅ ជួបសួរសុខទុក្ខ បើកម៉ាស និងឧបត្ថម្ភថវិកាមួយចំនួន ដល់ប្រជាពលរដ្ឋច្រើនរយគ្រួសារ មាន១៥៣ខ្នងផ្ទះ ដែលទទួលការរុះរើចេញពីទីតាំងចាស់ នៅប្របនឹងមាត់ទន្លេមេគង្គ ផ្លាស់មករស់នៅលើទីតាំងថ្មី នៃទីទួលសុវត្ថិភាពមួយ ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។ ប្រជាពលរដ្ឋ ដែលបានមកតាំងទីលំនៅ រស់នៅប្របនឹងដងទន្លេមេគង្គ តាំងពីយូរឆ្នាំមកហើយនោះ ខណៈនេះបានយល់ព្រមទទួលយកសំណងដីឡូតិ៍ នៅលើទីតាំងថ្មី ដែលអាជ្ញាធរខេត្ត និងក្រុង បានរៀបចំទុកដាក់ និងដោះដូរជូនពួកគាត់ បានសង់លំនៅដ្ឋានសមរម្យ និងប្រកបមុខរបរចិញ្ចឹមជីវិត ដោយស្របច្បាប់។

អ្នកតំណាងរាស្ត្រ បានថ្លែងអំណរគុណ ប្រជាពលរដ្ឋច្រើនរយគ្រួសារ ដែលបានយោគយល់ដល់អាជ្ញាធរ ហើយទទួលយកសំណងដី សុខចិត្តផ្លាស់ប្តូរទីតាំងរស់នៅ ដោយចាកចេញពីទីតាំងមិនស្របច្បាប់ ហើយបានមករស់នៅលើទីតាំងដែលស្របច្បាប់នេះ។ អ្នកតំណាងរាស្ត្រ បានពន្យល់ប្រជាពលរដ្ឋ អំពីមូលហេតុ នៃការផ្លាស់ប្តូរទីតាំងរស់នៅរបស់ពួកគាត់ ក៏ព្រោះតែអាជ្ញាធរខេត្ត និងក្រុង ត្រូវធ្វើការអភិវឌ្ឍច្រាំងទន្លេ ចាប់ពីគល់ស្ពានសេកុងស្ទឹងត្រែង រហូតមកដល់គល់ស្ពានមេគង្គស្ទឹងត្រែង ដោយចាក់ខឿនច្រាំងទន្លេ និងការរៀបចំសួរច្បារលំអរមាត់ទន្លេ អោយមានសណ្តាប់ធ្នាប់ មានសោភ័ណ្ឌភាពស្រស់បំព្រង និងមានការទាក់ទាញពីអ្នកទេសចរជាតិ និងអន្តរជាតិ។

អភិបាលក្រុងស្ទឹងត្រែង លោក សាយ កុសល់ បានបញ្ជាក់ថា ទីតាំងថ្មីនេះ អាជ្ញាធរក្រុងបានរៀបចំ នូវហេដ្ឋារចនាសម្ព័ន្ធ មានផ្លូវ ទឹក និងភ្លើង ជូនដល់ប្រជាពលរដ្ឋ បានប្រើប្រាស់គ្រប់គ្រាន់ ហើយភូមិករថ្មីនេះ នឹងក្លាយជាក្រុងរណបរបស់ក្រុងស្ទឹងត្រែង នាពេលខាងមុខនេះ៕

Loading...