អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង ចាត់ទុកវិស័យកសិកម្ម គឺជាឃឿនសេដ្ឋកិច្ចមួយយ៉ាងសំខាន់ ក្នុងការជួយទ្រទ្រង់ និងលើកកម្ពស់ជីវភាពគ្រួសារ របស់ប្រជាពលរដ្ឋ ជៀសផុតពីការរងទុក្ខលំបាក ស្របពេលដែលកម្ពុជា និងពិភពលោក កំពុងប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩ !

ខេត្តស្ទឹងត្រែង៖ ប្រជាពលរដ្ឋអ្នកប្រកបរបរកសិកម្ម អាជីវកម្ម សិប្បកម្ម សណ្ឋាគារ និងផ្ទះសំណាក់ ប្រមាណជាង ១០០នាក់ បានចូលរួមក្នុងពិធីជួបសំណេះសំណាលមួយ រវាងសមាជិកគណៈកម្មាធិការ កណ្ដាល, ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្ត និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង លោក ឡូយ សុផាត ,សមាជិកគណៈកម្មាធិការកណ្ដាល, អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត និង ជាទីប្រឹក្សាគណៈកម្មាធិការគណបក្សខេត្តស្ទឹងត្រែង លោក ហួត ឈាង ។

ពិធីជួបសំណេះសំណាលនោះ បានធ្វើឡើងនៅថ្ងៃអាទិត្យទី១៦សីហាឆ្នាំ២០២០ ដែលជាថ្ងៃឈប់ សម្រាកចុងសប្តាហ៍ម្សិលមិញនេះ រៀបចំដោយប្រធានគណៈកម្មាធិការគណបក្សក្រុងស្ទឹងត្រែង ដែលមាន ការចូលរួមពី គណៈកម្មាធិការបក្ស ក្រុង ស្រុក មេឃុំ-ចៅសង្កាត់ មេភូមិ ម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ និងប្រជាកសិករគំរូ ចំនួន ១២៤ នាក់ នៅរម្មណីដ្ឋានចំការក្រូច ស្ថិតនៅក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង ។

ការអញ្ជើញជួបជាមួយប្រជាពលរដ្ឋ របស់ថ្នាក់ដឹកនាំនាពេលនោះ គឺក្នុងគោលបំណង ដើម្បីស្តាប់ពី កង្វល់ និងបញ្ហាប្រឈមនានា របស់ប្រជាពលរដ្ឋ អាជីវករ អ្នកធ្វើអាជីវកម្ម ម្ចាស់សិប្បកម្ម សណ្ឋាគារ ផ្ទះសំណាក់ និងប្រជាកសិករ ដែលស្ថិតនៅក្នុងមូលដ្ឋានសង្កាត់ទាំង៥ នៃក្រុងស្ទឹងត្រែង ដើម្បីបន្តយន្តការ ដោះស្រាយ រំលែកការលំបាកនានា តាមលទ្ធភាពដែលអាចធ្វើទៅបាន ។ ហើយនៅក្នុងខណៈនោះ ថ្នាក់ដឹកនាំបានផ្តល់ឧិកាសដល់អ្នកចូលរួមទាំងអស់ លើកយកពីកង្វល់ និងចំណេះដឹងបច្ចេកទេសក្នុងការ ដាំដុះដំណាំកសិកម្ម និងការចិញ្ចឹមសត្វ មកចែករំលែកដល់អ្នកដែលមិនទាន់ចេះបច្ចេកទេស លើការដាំដុះ និងវិធីចិញ្ចឹមសត្វ បានដឹងគ្រប់ៗគ្នា ផងដែរ ។

អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង លោក ឡូយ សុផាត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធសាស្ត្រ ក្នុងដំណាក់កាល នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩នេះ ជំរុញឲ្យមានការ លើកស្ទួយវិស័យកសិកម្ម ឲ្យបានខ្លាំងក្លាបំផុត ព្រោះវិស័យកសិកម្ម គឺអាចជួយទ្រទ្រង់ជីវភាពគ្រួសារ សហគមន៍ និងជួយលើកកម្ពស់ខឿនសេដ្ឋកិច្ចជាតិ បានយ៉ាងល្អប្រសើរ ។

លោក ឡូយ សុផាត បានមានប្រសាសន៍ទៀតថា នៅគ្រាបច្ចុប្បន្ននេះ ប្រទេសកម្ពុជា កំពុងប្រឈម និងរងផលប៉ះពាល់ពីជំងឺកូវីដ១៩ ហើយបានធ្វើឲ្យវិស័យទេសចរណ៍បរទេស មានការធ្លាក់ចុះរហូតដល់ទៅ ៩៩ ភាគរយ ដែលធ្វើឲ្យចំណូលជាតិ បាត់ពី ២ពាន់ ៥០០លានដុល្លារ ទៅ៣០០០លានដុល្លារអាមេរិក។ ចំពោះវិស័យកាត់ដេរ បានបាត់បង់ចំណូលក្នុងចន្លោះរវាងពី ៦០ភាគរយឡើងទៅ ព្រោះតែគ្មានទីផ្សារ បញ្ជារទិញ ដែលធ្វើកម្មករមានការខ្វះខាត។ រីឯវិស័យសំណង់ និងផ្នែកសេវាកម្មផ្សេងៗទៀត ប្រទេសកម្ពុជា មិនសូវរងផលប៉ះពាល់ប៉ុន្មានទេ ព្រោះត្បិតកម្មករនៅមានការងារធ្វើជាធម្មតា និងប្រជាពលរដ្ឋបានងាកមក ប្រកបរបរកសិកម្ម ដោយដុះដំណាំកៅស៊ូ ស្វាយ ស្វាយចន្ទី ដាំដំណាំស្រូវ ដំណាំរួមផ្សំនានាជាច្រើនទៀត និងការចិញ្ចឹមសត្វ ដើម្បីទ្រទ្រង់ជីវភាព និងបំពេញតាមត្រូវការនៅលើទីផ្សារ ក្នុងគ្រាបច្ចុប្បន្ននេះ ។ ហេតុដូច្នេះហើយ ទើបរាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធសាស្ត្រ ក្នុងដំណាក់កាលកូវីដ១៩នេះ ត្រូវជំរុញ ឲ្យមានការដាំដុះ និងការចិញ្ចឹមសត្វ ដើម្បីជួយលើកស្ទួយវិស័យកសិកម្មនៅកម្ពុជា ឲ្យបានកាន់តែខ្លាំងឡើង ថែមទៀត ព្រោះវិស័យកសិកម្ម អាចទ្រទ្រង់បានខឿនសេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចគ្រួសារ និងសហគមន៍ ដែលអាចធ្វើឲ្យប្រជាជនកម្ពុជា រស់បានដោយស្រួល នៅក្នុងដំណាក់កាលដ៏លំបាកនេះ ហើយពលរដ្ឋ កម្ពុជា ក៏មិនមានបញ្ហាប្រឈមខ្លាំង ដូចបណ្ដាប្រទេសឯទៀតនោះឡើយ។

អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង លោក ឡូយ សុផាត បានបង្ហាញពីមោទនភាពរបស់កម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា ថា កម្ពុជា នៅក្នុងខែកក្កដាឆ្នាំ២០២០ បាននាំអង្ករចេញទៅក្រៅប្រទេស ជាង៦០ម៉ឺនតោន បើប្រៀប ធៀបឆ្នាំកន្លងៗទៅ កម្ពុជាបាននាំចេញស្រូវអង្ករទៅក្រៅប្រទេស បានតែជិត ៥០ ម៉ឺនតោន ប៉ុណ្ណោះ ក្នុង១ឆ្នាំ ។ អ្នកតំណាងរាស្ត្រ បានជម្រុញប្រជាពលរដ្ឋ អ្នកប្រកបរបរកសិកម្មទាំងអស់ ឲ្យបង្កើនការផលិត និងដាំដុះដំណាំកសិកម្ម ដំណាំកសិឧស្សាហកម្ម និងការផលិតផលកសិកម្មឲ្យបានច្រើន និងខ្លាំងក្លា ថែមទៀត ដែលស្ថិតនៅក្នុងដំណាក់កាល នៃការកើតឡើងជំងឺកូវីដ១៩ និងនៅក្រោយវិបត្តិជំងឺកូវីដ១៩ ត្រូវបានបញ្ចប់ទៅវិញ ដើម្បីជួយលើកតម្កើងសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ ប្រកបដោយភាពចិរភាព។ អ្នកតំណាងរាស្ត្រ ក៏បានសន្យា ជាមួយប្រជាពលរដ្ឋថា នឹងជម្រុញដល់មន្ត្រីកសិកម្ម បន្តចុះផ្តល់ពូជដាំដុះ និងការចិញ្ចឹមសត្វ រួមទាំងបច្ចេកទេ ទៅដល់ពួកគាត់ឲ្យមានការយល់ដឹងបន្ថែមទៀត ។

ស្របពេលជាមួយគ្នានោះផងទៀត អ្នកតំណាងរាស្ត្រ ក៏បានជួបស្វាគមន៍យ៉ាងរាក់ទាក់ នូវដំណើរចុះ ធ្វើទស្សនកិច្ចសិក្សារបស់ក្រុមនិស្សិត មកពីសាកលវិទ្យាល័យក្រចេះ ខេត្តក្រចេះ ដើម្បីស្វែងយល់ពី បច្ចេកទេសលើការដាំដុះដំណាំក្រូច និងម្នាស់ទឹកឃ្មុំ នៅលើផ្ទៃដីចំការជាច្រើនហិចតា ស្ថិតនៅប្របនឹងដង ទន្លេសេសាន របស់អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង លោក ឡូយ សុផាត ។

មន្ត្រីសាកលវិទ្យាល័យក្រចេះ បានអះអាងថា ក្រូចខ្លុង និងម្នាស់ទឹកឃ្មុំ ដែលអ្នកតំណាងរាស្ត្រដាំនេះ មានរស់ជាតិឆ្ងាញ់មិនចាញ់ក្រូចខ្លុង នៅកោះទ្រុង ខេត្តក្រចេះនោះឡើយ និងភាពល្បីល្បាញនេះហើយ ទើបធ្វើឲ្យលោក ដឹកនាំក្រុមនិស្សិត ចុះមកធ្វើកម្មសិក្សាស្វែងយល់ ពីការសាងសង់រម្មណីដ្ឋាន ការដាំដុះ ដំណាំក្រូចខ្លុង និងម្នាស់ទឹកឃ្មុំ របស់អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង ដើម្បីទទួលបានចំណេះដឹង ពីបច្ចេកទេសដាំដុះនេះ ទៅអនុវត្តបន្ត ៕

Loading...