អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង

ខេត្តកំពង់ស្ពឺ៖ក្រៅពីបានណែនាំដោយផ្ទាល់ ក៏ដូចជាបានចូលរួមធ្វើការផ្សព្វផ្សាយពីការអំពាវនាវរបស់រាជរដ្ឋាភិបាល ថ្ងៃទី១៤ខែតុលាឆ្នាំ២០២០ក្រុមការងារ ដឹកនាំដោយអ្នកតំណាងរាស្រ្ត ហ៊ុន ម៉ានីមណ្ឌលកំពង់ស្ពឺបានចុះពិនិត្យស្ថានភាពជាក់ស្តែងនៅទីតាំងដែលរងគ្រោះក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ ដើម្បីក្តាប់ស្ថានការណ៍ តាមដាន និងវាយតម្លៃពីភាពចាំបាច់នានា ជាពិសេសសកម្មភាពដែលត្រូវអនុវត្តជាបន្ទាន់ ដើម្បីជួយដោះស្រាយ និងសម្រាលទុក្ខលំបាកប្រជាពលរដ្ឋ។

ក្នុងដំណើរចុះពិនិត្យនេះដែរ ក្រុមការងារ បានកត់សម្គាល់ឃើញថាសកម្មភាពការចុះជួយរបស់អាជ្ញាធរមូលដ្ឋានក្នុងការរក្សាសុខសុវត្ថិភាពរបស់ប្រជាជនកន្លងមក គឺមានភាពហ្មត់ចត់ល្អប្រសើរ ស្របតាមចំណាត់ការ និងការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ដោយគិតមកទល់ពេលនេះ ស្ថានភាពនៅមិនទាន់ស្រាកស្រាន្ត ខណៈដែលប្រជាពលរដ្ឋរងការប្រឈមត្រូវបានជម្លៀសមកកាន់ទីទួលសុវត្ថិភាពទាន់ពេលវេលា ហើយផលប៉ះពាល់លើទ្រព្យសម្បត្តិវិញនៅមានការវាយតម្លៃជាបន្តបន្ទាប់។ តែទោះជាយ៉ាងណា អ្វីដែលជាការឆ្លើយតបរបស់អាជ្ញាធរចំពោះស្ថានភាពបច្ចុប្បន្ន គឺមានលក្ខណៈប្រសើរប្រកបដោយប្រសិទ្ធភាព។

អ្នកតំណាងរាស្រ្តបន្តថាទន្ទឹមនឹងលទ្ធផលដ៏ប្រសើរនេះ យើងខ្ញុំពិតជាមានការសោកស្តាយ ចំពោះការខូចខាត និងប៉ះពាល់លើជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ មិនថាតែនៅខេត្តកំពង់ស្ពឺផ្ទាល់ ឬតាមបណ្តាខេត្តនានា។ប៉ុន្តែនៅក្នុងស្ថានភាពដែលទឹកជំនន់មិនទាន់មានការស្រាកស្រាន្ត សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តការតាមដាន និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ដើម្បីរក្សាសុវត្ថិភាព និងអាយុជីវិតខ្លួនឯងផ្ទាល់ ក៏ដូចជាក្រុមគ្រួសារ ព្រោះថាក្នុងដំណាក់កាលនេះ កត្តាអាយុជីវិត គឺជារឿងសំខាន់បំផុត រីឯបញ្ហាផ្សេងៗទៀត យើងនឹងរួមគ្នាដោះស្រាយនៅពេលក្រោយ។

ឆ្លៀតក្នុងឱកាសនេះដែរ សូមស្ថាប័ន និងវិស័យពាក់ព័ន្ធ រួមមាន វិស័យសុខាភិបាល ធនធានទឹក និងឧតុនិយម និងវិស័យផ្សេងៗទៀត មានការសហការជាពិសេសជាមួយអាជ្ញាធរមូលដ្ឋានដែលបានអនុវត្តចុះជួយកន្លងមក ដោយបន្ថែមការយកចិត្តទុកដាក់ខ្ពស់ចំពោះស្ថានភាពជាក់ស្ដែង និងត្រៀមខ្លួនគ្រប់គ្រង ក៏ដូចជាបញ្ជៀសហានិភ័យនានាដែលអាចបង្កនូវផលលំបាក ដល់បងប្អូនប្រជាពលរដ្ឋ ដោយប្រើប្រាស់គ្រប់មធ្យោបាយឱ្យអស់ពីលទ្ធភាព និងសមត្ថភាពទាំងអស់គ្នា៕

Loading...