អ្នកនាំពាក្យក្រសួងសុខាភិបាល ៖ ការចម្លងរបស់វីរុសកូវីដ១៩បំប្លែងថ្មីគឺអាចរហូតដល់៧នាក់ក្នុងពេលតែមួយ

ភ្នំពេញ ៖ លោកស្រី ឱ វណ្ឌឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងថា វីរុសកូវីដ១៩បែបបំប្លែងថ្មីមានសភាពចម្លងលឿនជាងវីរុសទម្រង់ចាស់ពោលគឺរហូតដល់ចន្លោះពី០៦ទៅ០៧នាក់នៅក្នុងពេលតែមួយ។ ចំណែកវីរុសទម្រង់ចាស់មានកម្រិតនៃការឆ្លងទាបជាងនេះអាចត្រឹម៤នាក់ប៉ុណ្ណោះ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានបំភ្លឺជុំវិញការបង្កើតច្បាប់ស្ដីពី «វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត» នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ លោកជំទាវ ឱ វណ្ឌឌីន​ បញ្ជាក់ថា វីរុសកូវីដ-១៩ បំប្លែងថ្មីនេះ កំពុងតែចរាចរយ៉ាងសកម្មរួចហើយនៅក្នុងស្រុកយើង។ ការមើលស្រាលទៅលើស្ថានភាពនៃការវាយលុករបស់កូវីដ១៩នាំឲ្យមានការចម្លងពីកន្លែង មួយទៅកន្លែងមួយទៀត។

ជាមួយគ្នានេះ លោកស្រីបានអំពាវនាវឲ្យពលរដ្ឋបន្តអនុវត្តតាមវិធានការ សុខាភិបាលជាពិសេសអនុវត្តតាមវិធានការ ៣កុំ ៣ការពារឲ្យបានខ្ជាប់ខ្ជួន៕

Loading...