អ្នកនាំពាក្យក្រសួងសុខាភិបាលបញ្ជាក់ថា កូនទាំងពីរនាក់របស់បុរសជនជាតិកាណាដា មិនផ្ទុកវីរុសកូវីដ-១៩នោះទេ

ភ្នំពេញ៖ យោងតាមការបញ្ជាក់របស់លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា បានអោយដឹងថា «លទ្ធផលនៃការធ្វើតេស្តសំណាកលើកូនទាំង២នាក់ របស់បុរសជនជាតិកាណាដា ដែលជាបុគ្គលិកបម្រើការងារ នៅសាលារៀន CIS សាខាកោះពេជ្រ គឺអវិជ្ជមាន បានន័យថា គ្មានផ្ទុក Covid-19 ដូចឪពុករបស់ពួកគេឡើយ»។

គួរបញ្ជាក់ផងដែរថា កាលពីម្សិលមិញនេះ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹងមួយស្តីពី វិជ្ជមានវីរុស COVID-19 លើជនបរទេស២នាក់ ដែលក្នុងនោះមានបុរសជនជាតិកាណាដាម្នាក់វ័យ៤៩ឆ្នាំ ជាបុគ្គលិកបម្រើការងារនៅសាលាអន្តរជាតិ CIS សាខាកោះពេជ្រ និងម្នាក់ទៀតជាជនជាតិ ប៊ែលហ្សិក ជាបុគ្គលិកអង្គការអន្តរជាតិមួយ។

សូមរំលឹកម្តងទៀតថា គិតមកទល់ពេលនេះមានជនបរទេសចំនួន៦នាក់ដែលបានរកឃើញមានវិជ្ជមានវីរុស COVID-19 ដោយក្នុងនោះមានជនជាតិចិនម្នាក់ដែលបានព្យាបាលជាសះស្បើយ ជនជាតិអង់គ្លេស៣នាក់ដែលធ្វើដំណើរតាមនាវាទេសចរណ៍ Viking Cruise Journey ជនជាតិកាណាដាម្នាក់ដែលជាបុគ្គលិកបម្រើការងារនៅសាលា CIS និងជនជាតិប៊ែលហ្សិកម្នាក់ដែលជាបុគ្គលិកអង្គការអន្តរជាតិមួយ។ ក្នុងនោះដែរក៏មានជនជាតិខ្មែរម្នាក់ផងដែរ ដែលមានវិជ្ជមានវីរុស COVID-19 នៅខេត្តសៀមរាប ដែលបានឆ្លងពីជនជាតិជប៉ុន ហើយសរុបមក កម្ពុជារកឃើញវិជ្ជមានវីរុស COVID-19 ចំនួន 7 ករណីហើយ៕

Loading...