អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញអះអាងជាថ្មីថា កម្មករក្រុមហ៊ុន ស៉ីនទ្រី ទាំងអស់ព្រមចូលធ្វើការវិញ

(ភ្នំពេញ)៖ ក្រោយពីបានយកចិត្តដាក់ខ្ពស់ ក្នុងការដោះស្រាយ បញ្ហាប្រឈម របស់កម្មករ ស៊ីន ទ្រី ដែលធ្វើកូដកម្មកន្លងមក។ នៅទីបំផុតនោះ បានឈានដល់ចំណុចយោគយល់គ្នាមួយ ក្រោមកិច្ចប្រជុំ ដោយមានសមាសភាពគ្រប់ផ្នែកដែលមានការពាក់ព័ន្ធ ជាផ្លែផ្កា គឺកម្មករនិយោជិតក្រុមហ៊ុន ស៉ីនទ្រី ដែលបានធ្វើកូដកម្មអស់ជាង១០ថ្ងៃកន្លងមកនេះ បានព្រមចូលធ្វើការងារវិញទាំងអស់គ្នាហើយ ក្រោយជួបប្រជុំដោះស្រាយគ្នាគិតត្រឹមល្ងាចថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ ។

អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញលោក ម៉េត មាសភក្តី បានថ្លែងក្រោយកិច្ចប្រជុំថា កម្មករទាំងអស់នឹងចាប់ផ្តើមប្រមូលសំរាមនៅល្ងាចថ្ងៃទី១៤ខែតលានេះ។

លោកបញ្ជាក់ថា ការយល់ព្រមចូលធ្វើការវិញនេះ គឺក្រោយពីការណែនាំ និងសម្របសម្រួល និងស្វែងរកដំណោះស្រាយយ៉ាងយកចិត្តទុកដាក់ពីសំណាក់ ក្រសួងមហាផ្ទៃ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត ។

ចំពោះកិច្ចប្រជុំដោះស្រាយជាលើកទី២នេះ លោក កើត ឆែ និងលោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ តំណាងអោយលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងក្រសួងការងារ ទើបសំរេចបានជាផ្លែផ្កានាល្ងាចថ្ងៃនេះ ដោយកម្មករនិយោជិតរបស់ក្រុមហ៊ុន ស៉ីនទ្រី ទាំងអស់ដែលធ្វើកូដកម្មនោះ បានយល់​ព្រមចូលធ្វើការវិញ ទៅតាមតួនាទីរបស់ពួកគេរៀងៗខ្លួន ។

សូមរំលឹកថា ក្នុងអង្គប្រជុំរកដំណោះស្រាយ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ គ្រប់ភាគីទាំងអស់ ពិសេសកម្មករក្រុមហ៊ុន ស៉ីនទ្រី បានព្រមព្រៀងម្តងរួចមកហើយ ប៉ុន្តែនៅថ្ងៃបន្ទាប់មិនទាន់ ចូលធ្វើការទើបតែនៅពេលនេះ បានព្រមព្រៀងចូលធ្វើការវិញ ដោយអនុវត្តការងារចាប់ពីល្ងាចថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ៕

Loading...