អ្នកនាំភ្ញៀវទេសចរណ៍ខេត្តស្ទឹងត្រែងប្រទះឃើញសត្វត្រយ៉ងយក្សជាសត្វដែលកម្រជួបក្នុងពិភពលោកនៅតំបន់រ៉ាមសារ

ខេត្តស្ទឹងត្រែង៖ សត្វត្រយ៉ងយក្សដែលជាសត្វកម្របានឃើញហើយមានប្រមាណជាង២០០ក្បាលប៉ុណ្ណោះនៅលើពិភពលោកត្រូវបានអ្នកនាំភ្ញៀវទេសចរក្នុងខេត្តស្ទឹងត្រែងប្រទះឃើញសត្វដ៏កម្រមួយក្បាលនេះនៅក្រោមផ្ទះអ្នកភូមិនៅតំបន់រ៉ាមសារឃុំអូរស្វាយស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែងហើយត្រូវបានក្រុមអង្គការACCBនាំយកទៅសង្គ្រោះបន្ទាន់នៅខេត្តសៀមរាប។

លោក ហួត វុទ្ធារ៉ា ជាអ្នកនាំភ្ញៀវទេសចរណ៏ប្រចាំខេត្តស្ទឹងត្រែង(Guide)បានអោយដឹងថាៈនៅគ្រាដែលលោកបាននាំភ្ញៀវទេសចរទៅកាន់ឃុំអូរស្វាយលោកបានប្រទះឃើញសត្វត្រយ៉ងយក្សមួយក្បាលគ្រុងនៅក្រោមផ្ទះអ្នកភូមិលោកក៏បានសុំទិញពីអ្នកភូមិក្នុងតម្លៃ៤០០០០រៀលក្នុងគោលបំណងយកទៅព្រលែងក្នុងព្រៃលិចទឹកដើម្បីអោយសត្វកម្រមួយនេះបានទៅកាន់សំបុកឬជួបជុំគ្រួសាររបស់គេវិញតែជាអកុសលសត្វត្រយ៉ងយក្សមួយក្បាលនេះហើរមិនបាន១៥ម៉ែត្រផងក៏ធ្លាក់ចូលក្នុងទឹកទន្លេមេគង្គ។លោកថាក្រោយពីសត្វត្រយ៉ងយក្សបានធ្លាក់ចូលក្នុងទឹក លោកនិងក្រុមអ្នកទេសចរណ៏ក៏បានសម្រេចចិត្តនាំយកសត្វដ៏កម្រមួយក្បាលនេះទៅខេត្តស្ទឹងត្រែងដើម្បីថែបំប៉ននិងអោយចំណីទឹកអោយមានកម្លាំងមាំទាំឡើងវិញ។

លោក ហួត វុទ្ធារ៉ា បន្តថាលោកបានរាយការណ៏ទៅប្រធានឧទ្យានុរក្សតំបន់រ៉ាមសារឃុំអូរស្វាយលោក នី មុល និងអនុប្រធានសហគមន៏ទេសចរណ៏បូរីអូរស្វាយផងដែរដើម្បីនាំយកសត្វត្រយ៉ងយក្សមួយក្បាលនេះមកកាន់ខេត្តស្ទឹងត្រែង។

ជាមួយគ្នានេះផងដែរលោក ហួត វុទ្ធារ៉ា ក៏បានជូនដំណឹងទៅអង្គការ WWF ដែលមានទីតាំងនៅខេត្តក្រចះ ហើយអង្គការ WWF បានរាយការណ៏បន្តទៅកាន់អង្គការACCBដែលមានវេជ្ជបណ្ឌិតផ្នែកសត្វមកជាមួយផងដែរពីខេត្តសៀមរាបដើម្បីមកទទួលយកសត្វត្រយ៉ងយក្សមួយក្បាលនេះទៅសង្គ្រោះកាលពីវេលាម៉ោង១០យប់ថ្ងៃទី៩ខែគុម្ភៈ២០១៨នៅខេត្តស្ទឹងត្រែង។

កញ្ញា JULIE វេជ្ជបណ្ឌិតផ្នែកសត្វមកពីខេត្តសៀមរាបបានអោយដឹងថាក្រោយពីពិនិត្យសត្វត្រយ៉ងយក្សនោះរួចមករកឃើញថាសត្វត្រយ៉ងយក្សបានបាក់ស្លាបឆ្វេង និងមានសុខភាពមិនសូវល្អ ហើយត្រូវនាំទៅថតX-Ray ពិនិត្យឈាមរកមូលហេតុដើម្បីធ្វើការព្យាបាលនៅខេត្តសៀមរាប។

លោក ហួត វុទ្ធារ៉ាជាអ្នកនាំភ្ញៀវទេសចរណ៏ខេត្តស្ទឹងត្រែងបានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាទាំងអស់នាំគ្នាជួយអភិរក្សសត្វកម្រមួយនេះនិងសត្វកម្រផ្សេងទៀតដើម្បីរក្សាអោយកូនចៅជំនាន់ក្រោយបានឃើញបានស្គាល់ ព្រោះថាអ្នកខ្លះនៅមិនទាន់ស្គាល់សត្វត្រយ៉ងយក្សមួយនេះផងនោះទេ។

លោកហួត វុទ្ធារ៉ាបានបញ្ជាក់ថា សត្វត្រយ៉ងយក្សជាសត្វដែលតំណាងបក្សីជាតិ ហើយជាសត្វត្វដែលស្ទើផុតពូជនៅលើពិភពលោក។សត្វត្រយ៉ងយក្សនេះមានសរុបតិចជាង៣០០ក្បាលប៉ុណ្ណោះក្នុងនោះមាន១០ក្បាលរស់នៅប្រទេសឡាវ មួយចំនួនបានផុតពូជនៅប្រទេសវៀតណាម និងនៅសល់ច្រើនជាងគេគឺស្ថិតនៅតំបន់រ៉ាមសារនិង សៀមប៉ាង និង ខេត្តមណ្ឌលគិរី ៕ ឡុងកាន់សំនៀង

 

Loading...