អ្នកបាត់បង់ដីនៅស្រុកឱរ៉ាល់ដើរហែក្បួនទាមទារសិទ្ធិនិងដីធ្លីពីខេត្តកំពង់ស្ពឺទៅភ្នំពេញ

ខេត្តកំពង់ស្ពឺ ៖ក្បួនសិទ្ធិយាត្រារបស់ប្រជាពលរដ្ឋបាត់បង់ដីធ្លីនៅស្រុកឱរ៉ាល់ បានចូលមកដល់ទីរួមខេត្តកំពង់ស្ពឺ នៅថ្ងៃទី៩ ខែធ្នូ បន្ទាប់ពីពួកគាត់ចំណាយពេលដើរហែក្បួនដោយថ្មើរជើង ៣ថ្ងៃជាប់គ្នា ចេញពីតំបន់ដីមានជម្លោះមក។ ក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ប្រជាពលរដ្ឋដែលរងគ្រោះដីធ្លីទាំងនោះ ទាមទារយកដីដែលពួកគាត់ធ្លាប់កាន់កាប់ពីក្រុមហ៊ុនចំនួនពីរ គឺក្រុមហ៊ុនកសិកម្មអេច្ឆ.អិល.អេច្ឆ (HLH) និងក្រុមហ៊ុនស្ករសភ្នំពេញរបស់ លោក លី យ៉ុងផាត់។
ក្រុមអ្នកដើរហែក្បួនប្រមាណ ២០០នាក់ បានជួបជុំគ្នាសម្ដែងមតិនៅមុខសាលាខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី៩ ខែធ្នូ ដើម្បីទាមទារឲ្យអាជ្ញាធរខេត្តពន្លឿនដំណោះស្រាយជូនពួកគាត់ តាមលិខិតអន្តរាគមន៍របស់ប្រធានរដ្ឋសភា លោក ហេង សំរិន កាលពីខែកញ្ញា ឆ្នាំ២០១៥។
អ្នកដើរហែក្បួនមានសម្លៀកបំពាក់ចម្រុះពណ៌ ពាក់មួកស្លឹកត្នោត បង់កក្រមា ភាគច្រើនប្រើស្បែកជើងផ្ទាត់ ធ្វើដំណើរឆ្លងកាត់ពីភូមិមួយចូលភូមិមួយ កាត់ព្រៃភ្នំផងក្នុងរយៈពេល ៣ថ្ងៃ ទើបដល់ទីរួមខេត្តកំពង់ស្ពឺ ក្នុងចម្ងាយប្រមាណ ៨០គីឡូម៉ែត្រ។
តំណាងប្រជាពលរដ្ឋអ្នកបាត់បង់ដីធ្លី លោក ព្រំ សុធី លើកឡើងថា ការដើរហែក្បួនមកកាន់ទីរួមខេត្តកំពង់ស្ពឺ នេះ គឺដើម្បីជំរុញឲ្យអាជ្ញាធរខេត្ត និងរដ្ឋាភិបាល ពន្លឿនការដកហូតយកដីជាង ៤ពាន់ហិកតារពីក្រុមហ៊ុន អេច្ឆ.អិល.អេច្ឆ (HLH) និងក្រុមហ៊ុនស្ករសរបស់ លោក លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា ជូនប្រជាពលរដ្ឋប្រមាណជិត ១ពាន់គ្រួសារវិញ៖ «»។
កំពុងធ្វើដំណើរប្រដេញជើងគ្នាជាជួរក្នុងស្ថានភាពស្ងាត់ស្ងៀម តែទឹកមុខហាក់បង្កប់នូវភាពឈឺចាប់ អតីតយោធាជើងទឹកម្នាក់ប្រចាំនៅកោះពូលូវ៉ៃ អះអាងថា គាត់បាត់បង់ដីធ្លីអស់ ១២ហិកតារ ដោយសារវត្តមានក្រុមហ៊ុនស្ករស លោក លី យ៉ុងផាត់៖ «»។
ប្រជាពលរដ្ឋទាំងនោះលើកឡើងថា តាំងពីឆ្នាំ២០០៩ មក ក្រុមហ៊ុនកសិកម្មអេច្ឆ.អិល.អេច្ឆ និងក្រុមហ៊ុនស្ករសរបស់ លោក លី យ៉ុងផាត់ បានយកគ្រឿងចក្រចូលឈូសឆាយរំលោភយកដីពួកគាត់ដែលធ្លាប់អាស្រ័យផល ខ្លះតាំងពីឆ្នាំ១៩៧៩ មក។
មានវ័យ ៨២ឆ្នាំ កំពុងអង្គុយលើកម្រាលតង់ បន្ទាប់ពីក្បួនដង្ហែឈប់សម្រាកអាហារថ្ងៃត្រង់ក្នុងវត្ត ដូនចាស់ម្នាក់ឈ្មោះ យួន កង រៀបរាប់ថា ការដែលគាត់ខំធ្វើដំណើរតាមក្បួនសិទ្ធិយាត្រានេះ ដើម្បីទាមទារដីធ្លីមកវិញសម្រាប់កូនចៅជំនាន់ក្រោយទៀត៖ «»។
ប្រជាពលរដ្ឋរៀបរាប់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ពួកគាត់រស់នៅយ៉ាងវេទនារកព្រឹកខ្វះល្ងាច ដោយសារគ្មានដីបង្កបង្កើនផលដូចមុន និងអ្នកខ្លះព្រាត់ប្រាសឆ្ងាយគ្រួសារទៅធ្វើជាកម្មករនៅបរទេស ខ្លះធ្លាក់ខ្លួនស៊ីឈ្នួលកាប់អំពៅឲ្យសត្រូវដណ្ដើមដី។ ចំណែកកូនៗ បាត់បង់ឱកាសសិក្សា។
វិទ្យុអាស៊ីសេរី មិនអាចរកការពន្យល់ពីតំណាងក្រុមហ៊ុនអេច្ឆ.អិល.អេច្ឆ និងក្រុមហ៊ុនរបស់ លោក លី យ៉ុងផាត់ បានទេ ជុំវិញការលើកឡើងរបស់សកម្មជនដីធ្លីនេះ។
មន្ត្រីសម្របសម្រួលនៃអង្គការលីកាដូ (LICADHO) ប្រចាំខេត្តកំពង់ស្ពឺ លោក អ៊ុង សុមិទ្ធិ មានប្រសាសន៍ថា ការបាត់បង់ដីធ្លីរបស់ប្រជាពលរដ្ឋនៅស្រុកឱរ៉ាល់ បណ្ដាលឲ្យប៉ះពាល់សិទ្ធិពួកគាត់យ៉ាងធ្ងន់ធ្ងរ៖ «»។
តាមលិខិតចំនួនពីរដាច់ដោយឡែកពីគ្នារបស់ប្រធានរដ្ឋសភា លោក ហេង សំរិន ចុះខែកញ្ញា ឆ្នាំ២០១៥ បានស្នើឲ្យអាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លី ជួយដោះស្រាយវិវាទរវាងពលរដ្ឋ ៤៣០គ្រួសារនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជាមួយក្រុមហ៊ុនអេច្ឆ.អិល.អេច្ឆ លើទំហំដី ១.២៣៦ហិកតារនោះ តាមសំណើរបស់ពលរដ្ឋ។ លិខិតមួយទៀត ជំរុញឲ្យដោះស្រាយជូនពលរដ្ឋ ៤២១គ្រួសារលើទំហំដីជាង ៣ពាន់ហិកតារ (៣.១៤២,៦៨ហិកតារ) ជាមួយក្រុមហ៊ុនស្ករសភ្នំពេញ ប៉ុន្តែលិខិតទាំងពីរនេះ ត្រូវបានប្រជាពលរដ្ឋអះអាងថា ពុំត្រូវបានអាជ្ញាធរខេត្តយកទៅអនុវត្តដោះស្រាយឡើយ។
ដោយឡែកមន្ត្រីស៊ើបអង្កេតនៃសមាគមសិទ្ធិមនុស្សអាដហុក (ADHOC) លោក អាន ភិន ដែលឃ្លាំមើលក្បួនសិទ្ធិយាត្រានេះ មានប្រសាសន៍ថា អាជ្ញាធរហាក់ពុំមានចេតនាដោះស្រាយវិវាទដីធ្លីនៅស្រុកឱរ៉ាល់ នេះឡើយ។ លោកបន្ថែមថា បើអាជ្ញាធរមានចេតនាពិតនោះ ប្រហែលជាមិនពិបាកដោះស្រាយនោះទេ៖ «»។
ជាការឆ្លើយតប អភិបាលខេត្តកំពង់ស្ពឺ លោក អ៊ូ សំអួន មានប្រសាសន៍ថា អាជ្ញាធរកំពុងដំណើរការដោះស្រាយ ហើយថា កត្តាដែលយឺតយ៉ាវនោះ ដោយសារមានការលូកដៃពីក្រុមអង្គការសង្គមស៊ីវិលមួយចំនួន៖ «»។
ផ្ទុយពីការលើកឡើងនេះ ប្រជាពលរដ្ឋអះអាងថា ការរាំងស្ទះដល់ដំណើរការដោះស្រាយនោះ គឺប្រហែលមកពីអាជ្ញាធរថ្នាក់ខេត្ត ទទួលបានផលប្រយោជន៍ពីក្រុមហ៊ុន។ ពួកគាត់ចោទថា អាជ្ញាធរមានតែគំរាមកំហែងចាប់ចងដាក់ខ្នោះ និងប្រើការសន្យាខ្យល់ ពុំយកចិត្តទុកដាក់ដោះស្រាយឡើយកន្លងមកនោះ។
យ៉ាងណាក៏ដោយ ក្រុមប្រជាពលរដ្ឋទាំងនោះនឹងបន្តដំណើរមកដល់ទីក្រុងភ្នំពេញ ដើម្បីចូលរួមអបអរទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ និងដាក់លិខិតជូនរដ្ឋសភា ថា លិខិតរបស់ប្រធានរដ្ឋសភា លោក ហេង សំរិន ពុំមានប្រសិទ្ធភាពឡើយ។
អ្នកមានជម្លោះដីធ្លីនៅស្រុកឱរ៉ាល់ ក៏ព្រមានដែរថា ប្រសិនបើអាជ្ញាធរបន្តទុកវិបត្តិដីធ្លីនេះឲ្យនៅរ៉ាំរ៉ៃនោះ គឺពួកគាត់នឹងបោះជំរំស្នាក់នៅក្នុងសាលាខេត្តកំពង់ស្ពឺ រហូតទាល់តែមានដំណោះស្រាយ បន្ទាប់ពីពួកគាត់ត្រឡប់ពីភ្នំពេញវិញ៕

image2

Loading...

Leave a Reply

Your email address will not be published. Required fields are marked *