អ្នកបើកឡានក្រុមហ៊ុន​ចំរើនផលដឹកធ្ងន់បាក់ស្ពាន មានសេរីភាពវិញហើយ

កំពង់​ឆ្នាំង​៖ អាជ្ញាធរ​ស្រុក ទឹក​ផុស​ខេត្ត​កំពង់​ឆ្នាំង បាន​សម្រេច​ដោះ​លែង​អ្នក​បើកបរ​រថយន្ត​ដឹក​ចំណី​សត្វ​របស់​ក្រុម​ហ៊ុន​ចំរើន​ផល ដែល​​​បានដឹក​លើស​ទម្ងន់ ​​​បង្ក​ឲ្យបាក់​ស្រុត​​​ស្ពាន​ដែក​មួយ​កន្លែង​ នៅ​ចំណុច​ភូមិ​ជីប៉្រង ឃុំ​ខ្លុង​ពពក ​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ បន្ទាប់​​ពី​ម្ចាស់​​ក្រុម​ហ៊ុន បាន​ចេញ​មុខ​ធានា​ទូទាត់​សំណង​ជួស​ជុល​ស្ពាន​ដែក​នោះ​ឡើង​វិញ។​ នេះ​បើ​តាម ​លោក ឌិន សំបុន មេ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ស្រុក​ទឹក​ផុស នៅ​ថ្ងៃ​ទី ១១ ខែ​វិច្ឆិកា​។

លោក​សំបុន​ បានឲ្យ​ដឹង​​ថា កាលពី​ថ្ងៃ​​ទី​ ០៩​ ខែ​វិច្ឆិកា​ ឆ្នាំ ២០១៨ គេឃើញ​រថយន្ត​ដឹក​ចំណី​សត្វ​មួយ​គ្រឿង​ ម៉ាក​ហ៊ីយ៉ាន់​ដាយ របស់​ក្រុម​ហ៊ុន​ចំរើន​ផល បាន​បើកឆ្លង​កាត់​ស្ពាន​ដែក​នៅ​ចំណុច​ទីតាំង​ខាង​លើ ​បង្ក​ឲ្យ​បាក់​​ស្រុត​​ស្ពាន​ បណ្ដាល​ឲ្យ​កកស្ទះ​អ្នក​ដំណើរ​អស់​រយៈ​ពេល​ជាច្រើន​ម៉ោង។ ប៉ុន្តែ​មិន​បង្កឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​អ្នក​ធ្វើ​ដំណើរ​​ណាម្នាក់​ឡើយ។

លោក​សំបុន​​​បញ្ជាក់​ថា៖«ក្រោយ​ពេល​មាន​បញ្ហា ​អាជ្ញាធរ​មូល​ដ្ឋានយើង​ បានសម្រេច​ធ្វើ​ការ​ឃាត់​ខ្លួន​អ្នក​បើ​កបរ​រថយន្ត​ដឹក​ចំណី​សត្វ​នោះ ដើម្បី​ធ្វើ​ការ​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់​»។

បើតាម​លោក​សំបុន​ រយៈ​ពេល​បី​ម៉ោង​ក្រោយ​មក​ម្ចាស់​ក្រុម​ហ៊ុនចំរើនផល​ ដែល​​នាំចូល​ចំណី​សត្វ បានមក​ធានាអ្នកបើ​កបរ​រថយន្ត​​​នោះ ដើម្បី​ដឹក​ទំនិញ​យក​ទៅ​កាន់​ដេប៉ូ​ចែក​ចាយ​ក្នុង​ទី​ក្រុង​ភ្នំពេញ និងបាន​ចេញ​ថ្លៃ​ជួសជុល​ស្ពាន​ទៅ​ឲ្យ​ក្រុមហ៊ុន​ម៉ៅការសាង​សង់​ផ្លូវ​និង​ស្ពាន​ក្នុង​តំបន់​នោះ ក្រោម​កិច្ច​សម្រប​សម្រួល​ពី​មន្ទីរ​សាធា​រណការ​ និង​ដឹក​ជញ្ជូន​ខេត្ត​​កំពង់​ឆ្នាំង។

លោក​បាន​បន្តថា​៖«​ស្ពាន​ដែក​នោះ​ គឺគេ​សង់​ឡើង​ដើម្បី​ធ្វើ​ជាផ្លូវ​វាង ​ខណៈ​ស្ពាន​ថ្មចាស់​ត្រូវ​វាយ​ចោល​និង​កំពុង​ធ្វើ​ការ​សាង​សង់​ថ្មី​ឡើង​វិញ។ ទោះ​យ៉ាង​ណា​ បន្ទាប់​ពី​មាន​ករណី​នេះ​កើត​ឡើង ​ខាង​មន្ទី​រសាធា​រណការខេត្ត និង​អាជ្ញាធរស្រុក​បាន​សម្រេច​​មិន​អនុញ្ញាតឲ្យ​រថយន្ត​ដឹក​ទំនិញ​ធំៗ បើក​ឆ្លង​កាត់​ស្ពាន​ដែក​ដែល​សង់​សម្រាប់​ការ​បើក​ឆ្លង​កាត់​ជាបណ្ដោះ​អាសន្ន​នោះ​ទៀត​ឡើយ​»។

លោក​ភឿក ហឹង មេឃុំ​ខ្លុង​ពពក បាន​និយាយ​ថា ស្ពាន​ដែក​ដែល​បាក់​ស្រុត​​នោះ គេ​សង់​ពុំមាន​បង្គោល​កណ្ដាល​ទេ ហេតុ​ដូច្នេះ​ហើយ ​ទើប​មាន​បញ្ហា​កើត​ឡើង។

លោក​ថ្លែង​ថា៖«បើ​ទោះ​ជាសង់​បណ្ដោះ​អាសន្ន​មួយរយៈខ្លី​ក៏ដោយ ​ចាំបាច់​ត្រូវ​គិត​គូរពី​សុវត្ថិភាព​អ្នក​ប្រើ​ប្រាស់​ ដែល​ត្រូវ​ធ្វើ​ដំណើ​រឆ្លង​កាត់​ដែរ តែ​ការសង់​នេះ ​វាខុស​បច្ចេក​ទេស។ ម្យ៉ាង​ទៀត វាក៏ជា​កំហុស​របស់​អ្នក​បើក​បរ​រថយន្ត​នោះ​ផង​ដែរ ដែល​ផ្ទុក​លើស​ទម្ងន់ ហើយ​បើក​បរបង្ក​ការ​ខូច​ខាត​ និង​រាំង​ស្ទះ​ដល់​អ្នក​ធ្វើ​ដំណើរ​»។

យោង​តាម​របាយ​ការណ៍​ប្រចាំ​ខែ​តុលា ​ឆ្នាំ ២០១៨​ ​​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ រថយន្ត​ដែល​ផ្ទុក​លើស​ទម្ងន់​សរុប​ចំនួន​​ ១៦៦ គ្រឿង ត្រូវ​បាន​ចាប់​ផាក​ពិន័យ ដែល​គិត​ជាទឹក​ប្រាក់​សរុប​ ចំនួន ៤៧៣​៧៥០០០០​រៀល៕

 

Loading...