អ្នកបើកឡានដឹកទំនិញ ២៥០គ្រឿង ផ្ទុះការតវ៉ាជាមួយក្រុមជញ្ជីង របស់លោក ម៉ឹង យូឡេង ដែលគិតតែប្រមូលលុយ ច្រកហោប៉ៅ

ខេត្តកណ្តាល ៖ ក្រុមអាជីវករ និងប្រជាពលរដ្ឋ រកស៊ីដឹកទំនិញ បានរិះគន់ថា លោក ម៉ឹង យូឡេង ប្រធានមន្ទីរ សាធារណការ ខេត្តកណ្តាល បានឃុបឃិតឲ្យ មន្ត្រីជំនិតរបស់ខ្លួន បង្កើតស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្ត នៅតាមដងផ្លូវមួយចំនួនដើ ម្បីប្រមូលលុយ តាមរបៀបពុករលួយ ព្រោះតែស្ថានីយ៍ ជញ្ជីងទាំងនោះ ត្រូវបានសម្របសម្រួល ឲ្យមានភាពស្របច្បាប់ តែធ្វើសកម្មភាព មិនខុសពីកុងត្រូលជជុះ នោះទេ។
រឿងដែលគួរឲ្យភ្ញាក់ផ្អើល គឺអ្នកបើករថយន្តធំៗ ប្រមាណ ២៥០គ្រឿង បាននាំគ្នាធ្វើកូដកម្ម បិទផ្លូវជាតិលេខ២១ កាលពីវេលាម៉ោង ៩និង០០ នាទី ថ្ងៃទី១៥ ខែធ្នូ ឆ្នៃ២០១៥ នៅចំណុចស្ថានីយ៍ជញ្ជីង ថ្លឹងរថយន្តកំពង់សំបួ ក្នុងភូមិកំពង់សំបួរលើ ឃុំព្រែកថ្មី ស្រុកកោះធំ ដោយទាមទារអោយ ស្ថាននីយ៍ជញ្ជីងថ្លឹងរថយន្ត ផ្អាកជាបណ្តោះអាសន្ន រង់ចាំផ្លូវជាតិលេខ២១ ធ្វើហើយ សឹមដាក់ប៉ុស្តិ៍ទារលុយ ព្រោះកន្លងមក ក្រុមជញ្ជីងថ្លឹងរថយន្ត ទាំងនោះ គិតតែប្រមូលលុយច្រកហោប៉ៅ តាមរបៀបពុករលួយ។
ដោយឡែក ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត នៅតាមផ្លូវជាតិលេខ៣ ក្នុងភូមិកំពង់ទួល បានក្លាយជា ប្រភពចំណូលដ៏សំខាន់ របស់លោក ម៉ឹង យូទ្បេង តាមរយះការចាត់មន្ត្រីជំនិត ឲ្យដាក់គោលដៅឈរជើង សម្រាប់ថ្លឹងរថយន្ត លើសទម្ងន់ តែភាពពិតគឺមន្ត្រីទាំងនោះ កំពុងប្រមូលលុយ តាមរបៀបពុករលួយ រាល់ថ្ងៃ។ ក្រុមការងារដាក់ប៉ុស្តិ៍ នៅចំណុចខាងលើ ជាមន្ត្រីក្រសួង និមន្ទីរសាធារណការ ខេត្តកណ្តាល រួមសហការជាមួយ មន្ត្រីសាលាខេត្តកណ្តាល បង្កើតជាប៉ុស្តិ៍ជញ្ជីងថ្លឹងរថយន្ត ដឹកលើសទម្ងន់ ដើម្បីផាកពិន័យ ប៉ុន្តែតាមការសង្កេត មិនដែលឃើញមន្ត្រីទាំងនោះ ធ្វើការពិនិត្យថ្លឹងរថយន្ត ទៅតាមលក្ខណៈ បច្ចេកទេសនោះទេ គឺគ្រាន់តែឲ្យរថយន្តឈប់ ចូលទៅបង់លុយ ប្រៀបបាននឹង កុងត្រូលជជុះ។
ប្រភពបានឲ្យដឹងថា ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនោះ បានដាក់ពង្រាយ កម្លាំងចល័តគ្រប់ច្រកល្ហក តាមឃាត់រថយន្ត ដឹកថ្មក្រួសខ្សាច់ និងរថយន្តដឹកទំនិញ មិនឲ្យរួចមួយគ្រឿងនោះទេ ពោលគឺរថយន្តដឹកថ្ម និងដឹកដីខ្សាច់ ដែលឆ្លងកាត់ជញ្ជីងនោះ ក្នុងមួយគ្រឿង ត្រូវបង់លុយ ចាប់ពី ២ម៉ឺនរៀល រហូតទៅដល់ ១០ម៉ឺនរៀល ដូច្នេះក្រុមជញ្ជីងនេះ អាចប្រមូលប្រាក់ ក្នុងមួយថ្ងៃៗ បានរាប់លានរៀល។ ក្នុងករណីដែល រថយន្តមួយណា មិនព្រមឈប់បង់លុយ ក្រុមមន្ត្រីដែលប្រចាំការ នៅទីនោះ បើកឡានប្រដេញចាប់ ដោយប្រើពាក្យសំដី យ៉ាងអសីលធម៌បំផុត។
ក្រុមអ្នករកស៊ីដឹកដីតូចតាច បានឲ្យដឹងថា ក្រុមហ៊ុនមន្ត្រី ដាក់ប៉ុស្តិ៍ជញ្ជីងទាំងនោះ ធ្វើការលំអៀង បក្ខពួកនិយម ចាប់ផាកពិន័យ មិនស្មើភាពគ្នា ចំពោះរថយន្តពលរដ្ឋ ដែលគ្មានខ្សែបណ្តាញ ត្រូវបានផាកពិន័យ ដោយគ្មានការ យោគយល់ឡើយ តែបើរថយន្តប្រភេទធំៗ ដឹកថ្ម ដីខ្សាច់ របស់ក្រុមហ៊ុន មានខ្សែបណ្តាញ បុណ្យស័ក្តិគ្រាក់ៗវិញ មន្ត្រីទាំងនោះ មិនដែលធ្វើការឃាត់ថ្លឹង ទៅតាមផ្លូវច្បាប់នោះទេ គឺគ្រាន់តែឈប់ហុចលុយ ជាការស្រេច។ អ្នករកស៊ីដឹកថ្ម ខ្សាច់ បានស្នើឲ្យមន្ត្រីជំនាញថ្នាក់លើ ចុះត្រួតពិនិត្យកែសម្រួល ក្រុមមន្ត្រីដែលឈរជើង តាមជញ្ជីងថ្លឹងរថយន្ត ក្នុងខេត្តកណ្តាល ឡើងវិញផង កុំឲ្យអនាធិបតេយ្យខ្លាំងពេក៕

W@t-15126

Loading...

Leave a Reply

Your email address will not be published. Required fields are marked *