អ្នកម្នាង អ៊ុក ផល្លា ទទួល​មរណភាព​ក្រោយ​ជួប​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ខេត្ត​ព្រះសីហនុ

អ្នកម្នាង អ៊ុក ផល្លា ទទួល​មរណភាព​ក្រោយ​ជួប​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ខេត្ត​ព្រះសីហនុ នៅ​ព្រឹកថ្ងៃទី១៧ មិថុនា រីឯ​សម្ដេច​ក្រុមព្រះ នរោត្ដម រណឫទ្ធិ របួសធ្ងន់។

គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរ​នេះ​ដោយសារ​អ្នក​បើក​រថយន្ត​ឈ្នួលម៉ាក ហាយឡែនឌើរ ( HIGH LANDER) បើក​ក្នុង​ទិសដៅ​ពី​ខេត្ត​ព្រះសីហនុ​ទៅ​ភ្នំពេញ បាន​រេ​ចង្កូត​មក​ខាង​ឆ្វេង​ដៃ ហើយ​ក៏​បាន​បុក​ជាមួយ​រថយន្ត​របស់​សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា។

គ្រោះ​ថ្នាក់​ចរាចរ​នេះ កើតឡើង​នៅ​លើ​ផ្លូវ​ជាតិ​លេខ៤ ក្នុង​ភូមិ​អូរតាសេក ឃុំ​អូរឧកញ៉ាហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាល​នៅ​ព្រឹក​ថ្ងៃទី១៧ មិថុនា ដែល​បណ្ដាល​ឲ្យ​មនុស្ស​ធ្វើ​ដំណើរ​ក្នុង​រថយន្ត ៧នាក់​ផ្សេង​ទៀត​រងរបួសធ្ងន់ និង​ស្រាល។ ក្នុង​នោះ មាន​មនុស្ស​ស្រី ២នាក់។ សម្ដេច​ក្រុមព្រះ នរោត្ដម រណឫទ្ធិ និង​អ្នកម្នាង អ៊ុក ផល្លា ដែល​រង​របួស​ធ្ងន់ ក្នុង​គ្រោះ​ថ្នាក់​ចរាចរ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាមៗ នៅ​គ្លីនិក​សេតេ នៅ​ខេត្ត​ព្រះសីហនុ ហើយ​បាន​ដឹក​តាម​យន្តហោះ​ឧទ្ធម្ភាគចក្រ​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​រាជធានី​ភ្នំពេញ ។

ចំណែក​អ្នក​រង​របួស​ផ្សេង​ទៀត ក៏​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក និង​គ្លីនិក​នៅ​ខេត្ត​ព្រះសីហនុ។ រី​ឯ​អ្នក​បើក​រថយន្ត​ឈ្នួល ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​បណ្ដោះអាសន្ន។ កន្លងទៅ រថយន្ត​ដឹក​សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ធ្លាប់​ជួប​គ្រោះ​ថ្នាក់​ចរាចរ ដោយ​បុក​ជាមួយ​រថយន្ត​ដឹក​ដី​ម្ដង​ហើយ នៅលើផ្លូវជាតិលេខ៦ ក្នុង​ខេត្ត​កំពង់ចាម ហើយ​កាល​នោះ​អ្នកម្នាង អ៊ុក ផល្លា បាន​រង​របួស​ធ្ងន់ ៕

Loading...