អ្នករត់កង់បីដៃឆៅបាញ់៣គ្រាប់បណ្ដាលឲ្យស្លាប់៣នាក់ក្នុងជម្លោះរឿងចំណត

ភ្នំពេញ ៖ ខ្មាន់កាំភ្លើងដៃឆៅបាញ់សំដៅចំនួន៣គ្រាប់បណ្ដាលឲ្យមនុស្ស៣នាក់ បានបាត់បង់ជីវិតជាបន្តបន្ទាប់ កាលពីវេលាម៉ោង៧ និង២៥នាទីយប់ ថ្ងៃព្រហស្បតិ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចមុខហាងលក់ទូរស័ព្ទ យីហោពន្លកថ្មី ស្ថិតនៅតាម បណ្ដោយផ្លូវបេតុង ក្នុងបុរីប៊ុនហួរ ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ប្រភពបញ្ជាក់ថា ជនរងគ្រោះទី១ មានឈ្មោះ ប៉ូ សូភី ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ, ទី២មាន ឈ្មោះ សុខ ស៊ីដេត ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរលក់ទូស័ព្ទ ស្នាក់នៅកន្លែងកើតហេតុ និងទី៣ មានឈ្មោះ សៀក លឹម ភេទប្រុសអាយុ២៥ឆ្នាំ ។ ចំណែកជនបង្កជាអ្នករត់កង់បី និងបក្ខពួក២នាក់ ទៀត បានរត់គេចបាត់ ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា​ មុនកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តមកឈប់ចតមួយភ្លែតនៅមុខផ្ទះ ដើម្បីដាក់កូន នៅក្បែរកន្លែងកើតហេតុ ។បន្ទាប់មកឃើញបុរសម្នាក់ បើកម៉ូតូកង់បីឥណ្ឌា មកពីក្រោយរួចស៊ីផ្លេ ដាក់រថយន្តឲ្យអែប ខណ:ផ្លូវកំពុងមានការកកស្ទះ រួចក៏មានជម្លោះពាក្យសម្ដី ដាក់គ្នាមួយប្រាវ បន្ទាប់មកអ្នកបើកម៉ូតូកង់បីនោះ ក៏បានបើកចេញទៅបាត់ ។

ប្រភពបន្តថា លុះមួយសន្ទុះក្រោយមក អ្នកបើកម៉ូតូកង់បី មកវិញម្ដងទៀត ជាមួយបក្ខពួក ជិះម៉ូតូជាច្រើនគ្រឿង ហើយជម្លោះសម្ដីបន្ថែមទៀតអ្នករត់កង់បីនោះ បានស្ទុះយកកាំភ្លើង ពីបក្ខពួក បាញ់ជនរងគ្រោះទាំង៣នាក់ ម្នាក់ត្រូវមួយគ្រាប់ បណ្ដាលឱ្យស្លាប់នៅកន្លែងកើតហេតុម្នាក់ និង២នាក់ពេទ្យសង្រ្គោះអស់លទ្ធភាព ក៏ស្លាប់ដែរ ។ រីឯខ្មាន់កាំភ្លើងនិងបក្ខពួក បាននាំគ្នាចាកចេញពីកន្លែងកើតហេតុ បាត់ស្រមោល ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបាន ចុះមកដល់ពិនិត្យ​ និងស្រាវជ្រាវ ដើម្បីតាមចាប់ខ្លួនក្រុមជនល្មើស យកមកផ្តន្ទាទោស ទៅតាមផ្លូវច្បាប់ ៕

Loading...